28.4 C
Phnom Penh

ក្រុម​យុវជន​​​នឹង​​ធ្វើ​​ញត្តិ​​ទាម​ទារ​ឲ្យ​បញ្ឈប់​ការ​កំណត់​ថ្លៃ​និង​ទឹក​ប្រាក់​បន្ថែមសម្រាប់​​ការហៅ​ទូរស័ព្ទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​យុវជន​ដែល​ទើប​នឹង​បង្កើត​ថ្មី​ បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា ខ្លួន​នឹង​ដាក់​ញត្តិ​ជូន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ក្នុងគោលបំណង​ជំរុញ​ឲ្យ​ក្រសួង​នេះ​ឈប់​អនុវត្ត​បទ​បញ្ជា​របស់​រដ្ឋាភិបាលឆ្នាំ​២០០៩ ពី​ព្រោះ​បទ​បញ្ជា​នេះ​កំណត់​ថ្លៃ​អប្បបរមា​សម្រាប់​ការ​ហៅ​ទូរស័ព្ទ​ និង​កំណត់​ចំនួន​ដង​នៃ​ការ​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ ដែល​ក្រុម​ហ៊ុន​​ប្រតិបត្តិករ​ទូរស័ព្ទ​ផ្តល់​ឲ្យ​អតិថិជន​របស់​ខ្លួន​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​បាន​បញ្ជា​ឲ្យ​មាន​ការ​អនុវត្ត​បទ​បញ្ជា​ ឬក៏​ប្រកាស​កាល​ពី​ដើម​ខែ​នេះ ដោយលើក​ឡើង​​​ថា រដ្ឋាភិបាល​បាន​បាត់​បង់​ប្រាក់​ចំណូល​​​ពន្ធ​ ដោយ​សារ​កម្មវិធី​ផ្តល់​ទឹក​ប្រាក់​បន្ថែម​ទាំង​នេះ​ ពីព្រោះ​កម្មវិធី​ទាំង​នេះនាំ​ឲ្យ​អតិ​ថិ​ជន​ហៅ​ទូរស័ព្ទ​ចេញ​ក្នុង​តម្លៃ​ទាប​។

លោក ភិន សាវៃ តំណាង​ក្លឹប​យុវជនខ្មែរ​មហា​នគរ​ ដែល​បាន​ជំរុញ​ឲ្យ​មានសកម្មភាព​តស៊ូ​មតិ​ក្នុងចំណោមយុវជន​ជុំ​វិញ​ទិដ្ឋភាព​យុត្តិធម៌សង្គម​ បានឲ្យដឹង​ថា ក្រុម​យុវជន​នេះ​មាន​គម្រោង​បន្ថែម​ហត្ថលេខា​១.០០០​ទៀត​លើ​ហត្ថលេខា​ដែល​ប្រមូល​បាន​រួច​រាល់​ ចំនួន​ប្រហែល​៤០០នៅក្នុង​ញត្តិ​នេះ​។ លោក​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​មិន​អនុវត្ត​ថ្លៃ​អប្បបរមា​ និង​ការ​កំណត់​ទឹក​ប្រាក់​បន្ថែម​ថា “យើង​ចង់​ឲ្យ​ក្រសួង​ទូរគមនាគមន៍​អនុវត្ត​គោលនយោបាយ​ចាស់​វិញ​។ យើង​នឹង​ដាក់​ញត្តិ​របស់​យើង​នា​សប្តាហ៍​ក្រោយ​”។

ក្រៅ​ពី​ទាក់​ទង​ទៅនឹង​រដ្ឋាភិបាល​បាន​កំណត់​ថ្លៃ​នៃការ​ហៅ​ទូរស័ព្ទ​ ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​ថវិកា​របស់ប្រជាជនក្រីក្រ​ ញត្តិ​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បទ​បញ្ជា​នេះ​ “ ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្ម​នុញ្ញ​ដែល​មាន​គោល​​បំណង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ ហើយ​ប្រកាស​នេះ​មិន​ស្រប​តាម​គោល​ការ​ណ៍​សេដ្ឋកិច្ច​ទីផ្សារ​សេរី​”។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​ បាន​ឲ្យ​ដឹង​ថា ការ​កំណត់​ថ្លៃលើ​ការ​ហៅ​ទូរស័ព្ទ​ និង​កំណត់កម្មវិធី​ផ្តល់​ទឹក​ប្រាក់​បន្ថែម​របស់​ក្រុម​ហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ គឺ​ជា​ចំណាត់​ការ​បណ្តោះ​អាសន្ន​ ក៏​ប៉ុន្តែ​ មិន​បាន​បញ្ជាក់​ថា តើ​ការ​កំណត់​ទាំង​នេះ​នឹង​អាច​បញ្ចប់​នៅ​ពេល​ណា​ទេ​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស