29.6 C
Phnom Penh

លោក​គ្រូ​ ហែម ចៀវ គឺ​ជា​និមិត្ត​រូបអមតៈ​នៃ​ចលនា​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​កម្ពុជា​មួយ​អង្គ​បាន​សុគត​នៅ​ក្នុងរបប​អាណានិគម​បារាំង​នា​ឆ្នេរ​សមុទ្រ​​​​វៀត​ណា​មអស់​រយៈ​ពេល​៧០​ឆ្នាំ​ហើយ​​​​​​​គិត​មក​ដល់​ខែ​នេះ។ ប្រសិន​បើ​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម ព្រះ​អង្គ​នឹង​ក្លាយ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​នៅ​ក្នុង​ចលនា​ទាម​ទារ​ឯករាជ្យ​របស់​កម្ពុជា។

ក្នុង​ឋានៈ​ជា​និមិត្តរូប​អមតៈ​នៃ​ការ​តស៊ូ​រើ​បម្រះ ការ​សុគត​​នៃ​ព្រះ​សង្ឃ​ព្រះ​នាម ហែម ចៀវ ក្នុង​ខែ​ធ្នូ ឆ្នាំ​១៩៤៣​ដោយ​សារ​រោគ​រាគ​​​​មួល និង​អាសន្នរោគ​នៅ​លើ​កោះ​អាណា​​​និគម​ ពូ​ឡូ កុងដូរេ (Poulo Condore) នៅ​តែ​ស្ថិត​ក្នុង​ការ​ចង​ចាំ​របស់​មនុស្ស​គ្រប់​រូប​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ប្រវត្តិ​វិទូ​លោក ដេវីដ ឆាន​ដ្លឺ (David Chandler) បាន​និយាយ​ថា ការ​ចាប់​ខ្លួន​លោក​គ្រូ​​ ហែម ចៀវ នៅ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៤២ បាន​ធ្វើ​ឲ្យ​មាន​បាតុកម្ម​ជា​ទ្រង់​ទ្រាយ​​​​​​​ធំ​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​បារាំង​នៅ​​ក្នុង​ប្រទេស​កម្ពុជា ហើយ​គឺ​ជា “ព្រឹត្តិការណ៍​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​ប្រឆាំង​បារាំង​​របស់​កម្ពុជា”។ ​

ប្រវត្តិវិទូ​បារាំង ហង់រី ឡូកាដ (Henri Locard) បាន​និយាយ​ថា “អ្វី ដែល​សំខាន់” នៅ​​ក្នុង​បាតុ​​​កម្ម​នោះគឺ​ការ​  “បង្ហាញ​ពី​ដំណើរ​របស់​កម្ពុជាឆ្ពោះ​​​​​​​ទៅ​រក​ភាព​ទាន់​សម័យ”។

លោក ប៉ាច ឈឿន ដែល​ដឹក​នាំ​កម្លាំង​បាតុ​​​កម្ម​ទាម​ទារ​ឲ្យ​ដោះ​លែង​ព្រះ​សង្ឃ ហែម ចៀវ គឺ​​ជា​និពន្ធ​នាយក​កាសែត​គាំទ្រ​ឯករាជ្យ​នគរវត្ត​នា​សម័យ​នោះ។
តុលាការ​យោធា​បារាំង​នៅ​ទីក្រុង​ហូជី​​​មិញ​បាន​ដាក់​បន្ទុក​ទោស​ទណ្ឌ និង​កាត់​ទោស​ប្រហារ​ជីវិត​​លើ​លោក​គ្រូ​ ហែម ចៀវ និង​លោក ប៉ាច ឈឿន។ ក្រោយ​មក​​ទោស​​ប្រហារ​​​​​​ជីវិត​នេះ​​ត្រូវ​បាន​ប្តូរ​ទៅ​ជា​ទោស​ជាប់​ពន្ធនា​​​គារ​អស់​មួយ​ជីវិត​វិញ។​ នៅ​ខណៈ​លោក​គ្រូ​​ហែម ចៀវ មិន​និមន្ត​ចេញ​ពី​កោះ​ពូឡូ កុង​ដូ​រេ លោក​ ប៉ាច ឈឿន បាន​គេច​ផុត​ពី​ពន្ធ​នា​គារ ហើយ​ទទួល​បាន​សេរីភាព​នៅ​ក្នុង​ឆ្នាំ​១៩៤៥។

ដោយ​ប្រសូត​នៅ​ក្នុង​ឆ្នាំ​១៨៩៨ លោក​គ្រូ​ ហែម ចៀវ​ជា​កូន​ប្រុស​របស់​ចៅហ្វាយ​ស្រុក​ពញាឮ​ក្នុង​ខេត្ត​កណ្តាល។ ដោយ​ត្រូវ​បាន​ញ៉ូម​ប្រុស​បញ្ជូន​ឲ្យ​ទៅ​សិក្សា​ជាមួយ​សម្តេច​​​​​​​​​​​​​​​​ព្រះ​សង្ឃ​​ ជួន ណាត នៅ​ឯ​ទីក្រុង​ភ្នំពេញ ព្រះ​​​​​​​អង្គ​បាន​បួស​នៅ​ព្រះជន្ម​២០​វស្សា​នៅ​វត្ត​លង្ការ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​​​បាលី​ជាន់​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​១៩២១។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ក្រុម​អាជ្ញា​​​ធរ​បារាំង​ ដែល​គ្រប់​គ្រង​ប្រទេស​នេះ​ក្រោម​​​​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ បាន​បង្កើត​វិទ្យាស្ថាន​ព្រះ​ពុទ្ធ​សាសនា ហើយ​ឧប​​​ត្ថម្ភ​​​​​​​គាំទ្រ​សាលា​បាលី​ ដើម្បី​ជា​មធ្យោបាយ​ដឹក​នាំ​អាចារ្យ និង​ដូន​ជី​ឲ្យ​ចៀស​ផុត​ពី​ឥទ្ធិពល​របស់​ថៃ និង​សាប​ព្រោះ​អត្តសញ្ញាណ​ព្រះ​ពុទ្ធ​សាសនា​​​​​​​ដ៏​មាន​ឥទ្ធិពល​នៅ​ឥណ្ឌូចិន។

ប្រទេស​ថៃ​បាន​កាន់​កាប់​ខេត្ត​ជា​ច្រើន​នា​​ភាគ​ខាង​ជើង​​​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​ ហើយ​ឥទ្ធិពល​របស់​ថៃ​លើ​ភាព​ជា​អាណានិគម​របស់​ខ្លួន គឺ​ជា​ប្រភព​នៃ​ភាព​ក្តៅ​ក្រហាយ​របស់​បារាំង។ ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​បារាំង​រួម​មាន​ការ​បញ្ជូន​ព្រះសង្ឃ​ទៅ​ធ្វើ​ធម្មទេសនា​ដល់​ទាហាន នគរ បាល និង​សាធារណជន​ខ្មែរ។

លោក​គ្រូ​ ​ហែម ចៀវ ដែល​មុន​នេះ​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រឹង​ប្រែង​ពង្រីក​សាលា​នៅ​តាម​វត្ត​អារាម​នានា​នៅ​ក្នុង​តំបន់​មួយ​នា​ខេត្ត​កំពត គឺ​ជា​ព្រះ​សង្ឃ​មួយ​អង្គ​នៅ​​​ក្នុង​ចំណោម​​​​ព្រះ​សង្ឃ​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ធម្មទេសនា​នោះ។ លោក​ឡូកាដ បាន​និយាយ​ថា ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ មាន​វិវាទកើត​​ឡើង​​ក្នុង​ចំណោម​អាចារ្យ​​ដូន​ជី​​រវាង​​អ្នក​ប្រពៃណី​និយម និង​អ្នក​ទំនើប​និយម។

ក្រុម​អ្នក​ទំនើប​និយម​គិត​ថា ព្រះ​មហា​​​ក្សត្រ និង​មេដឹក​នាំ​នយោបាយ​មិន​គួរ​ប្រើ​អំណាច​លើ​ស្ថាប័ន​សាសនា​ទេ ចំណែក​ឯ​អ្នក​ប្រពៃណី​និយម​វិញ គិត​ថាព្រះ​មហាក្សត្រ​គឺ​ជា​មេដឹក​នាំ​សាសនា​ រហូត​ដល់​ព្រះមហា​​​ក្សត្រ​ចាំបាច់​ត្រូវ​ជ្រើស​រើស​ធម៌ ដើម្បី​ទេសនា​នៅ​វត្ត​អារាម​ទៀត​ផង។ របប​បារាំង ដែល​គ្រប់​គ្រង​ព្រះ​​​មហា​​​ក្សត្រ និង​ព្រះ​បរមរាជវាំង បាន​គាំទ្រ​អ្នក​ប្រពៃ​ណី​និយម និង​ទស្សនៈ​របស់​ពួក​គេ។ ព្រះ​សង្ឃ​ ហែម ចៀវ បាន​គិត​អំពី​ការ​បំបែក​​​​​​​តំបន់ និង​រដ្ឋ និង​សិទ្ធិ​របស់​កម្ពុជា​នៅ​ក្នុង​ការ​ដឹក​នាំ​ប្រទេស​របស់​ខ្លួន។

លោក​ឡូកាដ បាន​និយាយ​ថា “លោក​គ្រូ​​ហែម ចៀវ​គឺ​ជា អ្នក​ធ្វើ​កំណែ​ទម្រង់ និង​ជា​មនុស្ស​ជឿន​លឿន​នៅ​ក្នុង​ស្ថាប័ន​សាសនា និង​មាន​គំនិត​ជឿន​លឿន​ផ្នែក​នយោបាយ​ ហើយ​គាត់​យក​ចំណុច​វិជ្ជមាន​ទាំង​ពីរ​នេះ​​មក​បញ្ចូល​គ្នា”​។ លោក​ឡូកាដ បាន​និយាយ​ថា លោក​គ្រូ​ ហែម​ ចៀវ ជា​មនុស្ស​ពូកែ​វោហារ​សាស្ត្រ​ ដែល​ទេសនា​មិន​ចាំបាច់​​មាន​សៀវ​ភៅ​ធម៌ “នៅ​ពេល​នោះ​គាត់​ជា​មនោគមន៍​វិទូ ដែល​ដាស់​តឿន​សតិ​អារម្មណ៍​ប្រជាជន​ថា ភ្ញាក់​ខ្លួន​ឡើង យើង​មិន​មែន​កូន​ក្មេង​ទេ។ ចូរ​កំណត់​តស៊ូ និង​មាន​គំនិត​ជឿន​លឿន​ឡើង”។

នៅ​ពេលសួរ​​ថា តើ​​ប្រជាជន​កម្ពុជា​អាច​យក​ឈ្នះ​លើ​អំណាច​អាណានិគម​បារាំង​បាន​យ៉ាង​ណា​នោះ លោក​គ្រូ ​ហែម ចៀវ បាន​លើក​យក​ពុទ្ធឱវាទ​មក​សម្តែង ដោយ​មាន​សង្ឃដិកា​ថា ការ​រួប​រួម​សាមគ្គី​គ្នា​ធ្វើ​ឲ្យ​យើង​​ទទួល​បាន​ឯករាជ្យ។ ក្រុម​អ្នក “ទំនើប​និយម” ដែល​មាន​ទំនាក់​ទំនង​ជាមួយ​វិទ្យាស្ថាន​ព្រះ​ពុទ្ធ​សាសនា​ ក៏​មាន​ទំនាក់​ទំនង​ជាមួយ​សមាគម​សិស្ស​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ផង​ដែរ និង​ជាមួយ​លោក​ប៉ាច ឈឿន កាសែត​នគរវត្ត​របស់​លោក និង​លោក សឺង ង៉ុកថាញ់។

លោក​ ឡូកាដ បាន​និយាយ​ថា ជាមេធាវី​មួយ​រូប ដែល​មាន​តួនាទី​ជា​អនុប្រធាន​វិទ្យា​​​ស្ថាន​ពុទ្ធសាសនា លោក សឺង​ ង៉ុកថាញ់ ហាក់​ដូច​ជា​មនុស្ស​តែ​ម្នាក់​ ដែល​គាំទ្រ​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​បារាំង ដោយ​មាន​គំនិត​​យក​ឃាតករ​ស៊ី​ឈ្នួល​មក​ធ្វើ​ការ​ជាមួយ​ពួក​គេ។ លោក​គ្រូ​ ​ហែម ចៀវ ប្រកាន់​យក​គោល​ការណ៍​អហិង្សា​យ៉ាង​ដាច់​ខាត។

ជា​អកុសល ចលនា​ទាម​ទារ​ឯករាជ្យ​នេះ បាន​ធ្វើ​ឡើង​ស្រប​ពេល​មាន​ភ្លើង​សង្គ្រាម​​លោក​លើក​ទី២ ដែល​នៅ​ពេល​នោះ​បារាំង​ត្រូវ​បាន​ដឹក​នាំ​ដោយ​របប​មួយ​ ដែល​គាំទ្រ​​ណាហ្ស៉ី​អាល្លឺម៉ង់​ និង​សម្ព័ន្ធ​មិត្ត​ជប៉ុន។ នៅ​ខណៈ​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​អឺរ៉ុប ​របប​នេះ​ បាន​តែង​តាំង​​មន្ត្រី​របស់​ខ្លួន​ឲ្យ​ប្រចាំ​នៅ​ឥណ្ឌូចិន នោះ​គឺ​ទេសាភិបាល ហ្សង់ ដេកុក (Jean Decoux)។

ដូច​​លោក​ឡូកាដ បាន​ដឹង​ក្នុង​ពេល​ស្រាវ​ជ្រាវ​នៅ​ប័ណ្ណសារដ្ឋាន​យោធា​បារាំង​ដែរ តុលាការ​យោធា​បារាំង​បាន​ចោទ​ប្រកាន់​លោក​គ្រូ ​ហែម ចៀវ​ និង​លោក​ប៉ាច ឈឿន ពី​បទ​បំផុស​បំផុល​ប្រឆាំង​បារាំង និង​រៀប​ចំ​ផែន​ការ​បះ​បោរ​ ដើម្បី​កម្ចាត់​អាណានិគម​បារាំង​ចេញ​ពី​កម្ពុជា។ លោក​គ្រូ ​ហែម ចៀវ និង​​​​​​​លោក ប៉ាច ឈឿន ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​មន្ត​អាគម​​ ដើម្បី​បំបាំង​កាយ​កង​ទ័ព​កម្ពុជា​ផង​ដែរ។

លោក​ឡូកាដ បាន​និយាយ​ថា លោក​គ្រូ​​​​​​​​ហែម ចៀវ បាន​ស្មាន​ទុក​ជាមុន​អំពី​ការ​ចាប់​ខ្លួន​ព្រះ​អង្គ​នៅ​ក្នុង​ឆ្នាំ​១៩៤២  និង​បាន​សរសេរ​ផែន​ការ​លម្អិត​សម្រាប់​មហា​បាតុ​​​កម្ម ដែល​ត្រូវ​ធ្វើ​ឡើង​ភ្លាម​នៅ​ពេល​មាន​ការ​ចាប់​ខ្លួន​ព្រះ​សង្ឃ។ ​បណ្តាំ​ដំបូន្មាន​របស់​លោកគ្រូ ​​ហែម ចៀវ មាន​​​​ខ្លឹម​សារ​ថា “ប្រសិន​បើ​មាន​ព្រះ​សង្ឃ​អង្គ​ណា​ម្នាក់​ត្រូវ​ចាប់​ខ្លួន យើង​ត្រូវ​តែ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​នេះ​ភ្លាម​ទៅ​ដល់​គ្រប់​វត្ត​អារាម​ទាំង​អស់​ ដើម្បី​ចេញ​មក​ប្រឆាំង​នៅ​ចំពោះ​មុខ​អាជ្ញាធរ​ពាក់​ព័ន្ធ…សូម​បង្ហាញ​ពី​សាមគ្គីភាព​ និង​ប្រកាស​ថា យើង​មិន​អាច​ឲ្យ​មាន​ការ​ធ្វើ​បាប​ព្រះ​សង្ឃ​អង្គ​ណា​ឡើយ។ ប៉ុន្តែ​នៅ​ពេល​ធ្វើ​មហាបាតុកម្ម សូម​កុំ​ប្រើ​អាវុធ​ឲ្យ​សោះ”​​​។

នៅ​ពេល​បារាំង​​ដឹង​ថា ចលនា​ប្រឆាំង​អាណានិគម​កំពុង​រៀប​ចំ​ផែន​ការ​​សកម្មភាព លោកគ្រូ ​ហែម ចៀវ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​វត្ត​របស់​ព្រះ​អង្គ​ដោយ​មន្ត្រី​បារាំង​មួយ​រូប និង​លោក ទា សាន ដែល​កាល​នោះ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​ធម្មការ​។

លោកគ្រូ ​ហែម ចៀវ ត្រូវ​បាន​​បារាំង​បង្ខំ​​​​ដោះ​ស្បង់​ចីពរ​ចេញ និង​ឲ្យ​ស្លៀក​សម្លៀក​​​​បំពាក់​គ្រហស្ថ​ ដើម្បី​ចៀស​វាង​ពី​ច្បាប់​ហាម​មិន​ឲ្យ​ចាប់​ខ្លួន​ព្រះ​សង្ឃ។
ដោយ​បាន​ឮ​ដំណឹង​នេះ និង​អនុវត្ត​តាម​ផែន​ការ​មហាបាតុកម្ម​របស់​លោកគ្រូ  ​ហែម  ចៀវ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​១៩៤២ ព្រះ​សង្ឃ​ប្រហែល​៥០០​អង្គ និង​ឧបាសក​ឧបាសិកា​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​និមន្ត និង​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​សំដៅ​ទៅ​វិមាន​ទេសាភិ​បាល​​បារាំង​​នៅ​ក្បែរ​វត្ត​ភ្នំ។ គោល​ដៅ​របស់​ពួក​គេ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​​គ្រូ​​ហែម ចៀវ។

លោក ប៉ាច ឈឿន ដែល​ដឹក​នាំ​ការ​ដង្ហែ​ក្បួន​នេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​វិមាន​នេះ ប៉ុន្តែ​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ។ ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​រវាង​ក្រុម​អាជ្ញាធរ និង​បាតុករ​ ហើយ​ក្រុម​នគរ​​​បាល​បាន​ប្រើ​ដំបង​ឆក់។ ដោយ​សារ​តែ​ព្រះ​សង្ឃ​រាប់​រយ​នាក់​ ដែល​បាន​និមន្ត​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ កាន់​តាំង​យូរ​នោះ មហា​ព្រឹត្តិ​​​ការណ៍​​ប៉ះទង្គិច​គ្នា​នេះ​ត្រូវ​បាន​គេ​ហៅ​ថា “សង្គ្រាម​​​​​​​​​​ឆត្រ”។

លោក ប៉ាច ឈឿន និង​លោក នួន ដួង ជា​អតីត​ព្រះ​សង្ឃ ដែល​បើក​ហាង​លក់​កង់​មួយ​កន្លែង​ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​រៀប​ចំ​ក្បួន​មហាបាតុកម្ម​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​បារាំង​ជាមួយ​លោក​គ្រូ ​ហែម ចៀវ។​ពួក​គេ​ប្រហែល​ជា​ត្រូវ​ដោះ​លែង​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៤៥។ លោក សឺង​ ង៉ុក​ថាញ់ ដែល​បាន​ជួយ​រៀប​ចំ​បាតុកម្ម​នេះ មិន​បាន​ចូល​រួម​ឡើយ។ ក្រោយ​ពី​លាក់​ខ្លួន​ក្នុង​បរិវេណ​ប៉ុស្ត៍​នគរបាល​របស់​ជប៉ុន គាត់​បាន​លួច​គេច​ចេញ​ពី​ប្រទេស។

លោក​ឡូកាដ បាន​និយាយ​ថា ក្នុង​ក្រសែ​ភ្នែក​ក្រុម​អាជ្ញាធរ​បារាំង “​លោក​គ្រូ ​ហែម ចៀវ បាន​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់​នោះ​គឺ​ការ​រំលោភ​លើ​អធិបតេយ្យភាព និង​អំណាច​របស់​បារាំង។ “ ការ​កាត់​ទោស​មិន​សម​ហេតុ​ផល​របស់​តុលាការ​យោធា​បារាំង​លើ​ក្រុម​អ្នក​ស្នេហា​ជាតិ​ខ្មែរ​នេះ​ គឺ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​សម្រាប់​អាណានិគម​របស់​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា” ប៉ុន្តែ​ជាទម្លាប់​ដ៏​អាក្រក់​​នៃ​របប​បារាំង​​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​សង្កត់​សង្កិន​នោះ។​ មរណភាព​របស់​លោក​គ្រូ ​ហែម ចៀវ គឺ​ជា​ការ​បាត់​វីរបុរស​ដ៏​ឆ្នើម ដែល​បាន​ត្រួស​ត្រាយ​​អនាគត​របស់​ប្រទេស​កម្ពុជា​នៅ​រយៈ​ពេល​ប៉ុន្មាន​​ទសវត្សរ៍​ក្រោយ​មក៕ សាវតា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស