29.6 C
Phnom Penh

ក្មួយ​ស្រី​របស់​លោក​ ហ៊ុន​ សែន​ បើក​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ផ្នែក​ពន្ធដារ​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​បុគ្គលិក​របស់​ក្រុមហ៊ុន​ HML បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ច្បាប់​ និង​ពិគ្រោះ​យោបល់​ក្នុង​ស្រុក​មួយនេះ​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន XAT Tax​​ Corp. ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូ ដើម្បី​បង្កើត​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​ពន្ធដារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា​ លោក​ស្រី​ ហ៊ុន ​គឹម​ឡេង ដែល​ជា​ក្មួយ​ស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុ​ន សែន គឺ​ជា​ប្រធាន​និង​ជា​សហ​ស្ថាបនិកក្រុមហ៊ុន​ HML ហើយ​ថែម​ទាំងជា​ភរិយា​របស់​លោក​ នេត​ សាវឿន អគ្គ​ស្នង​ការ​​​នគរ​បាល​ជាតិផង​ដែរ​។

ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ ដែល​មាន​ឈ្មោះ​ថា​ HML XAT Consulting Co., Ltd. នឹង​ប្រារព្វពិធី​សម្ភោធ​ក្នុង​ថ្ងៃ​នេះ​ នៅ​សណ្ឋាគារ​ អាំងទែ​កង់​ទីណង់​តាល់ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​ XAT  Tax Corp. បាន​បើក​ដំណើរ​ការ​នៅ​ទីក្រុង តូក្យូ កាលពី​ខែ​មករា​ឆ្នាំ​២០០៤ និង​ទំនង​ជា​ក្រុមហ៊ុន​តូច​ល្មម​មួយ​ ដែល​មាន​បុគ្គលិក​សរុប​៣៣​នាក់ និង​មាន​សាខា​មួយ​នៅ​ទីក្រុង​បាងកក នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់ក្រុម​ហ៊ុន​នេះ​។

យោង​តាម​គេហទំព័រ​​របស់​ក្រុមហ៊ុន​ HML ដែល​មាន​ឈ្មោះ​លោក​ស្រី​ គឹមឡេង ជា​ប្រធាន​ និង​សហ​ស្ថាបនិក​ បាន​បង្ហាញថា​ ពន្ធដារ​ស្ថិតក្នុង​ចំណោម​សេវា​កម្ម​ជាង​១០​នៅ​ក្រុមហ៊ុន​នេះ​។ ក្រុមហ៊ុន​ HML ក៏​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន​វិនិយោគក្នុង​ស្រុក​របស់​លោក​ស្រី​ គឹមឡេង​ ផង​ដែរ គឺ​ក្រុមហ៊ុន​ World Investment Group Co. ​ដែល​កាល​ពី​ដើម​ឆ្នាំ​នេះ​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​យក​ភោជនីដ្ឋាន​សហរដ្ឋអាមេរិក​ឈ្មោះ​ Hard Rock Cafe មក​ប្រទេស​កម្ពុជា​។

លោក​ អេង​ មុន្នី​រិទ្ធិ ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​​ច្បាប់​នៅ​ក្រុមហ៊ុន​ HML បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​ ក្រុម​ហ៊ុន​ HML XAT នឹង​ផ្តោត​សំខាន់​ទៅលើ​ផ្នែក​ពន្ធដារ​ ។ លោក​បាន​មាន​​ប្រសាសន៍​ថា“​ អាជីវកម្ម​នេះ​ផ្តោត​សំខាន់ទៅ​​ លើផ្នែក​ពន្ធ”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស