30.4 C
Phnom Penh

អង្គការ​សិទ្ធិមនុស្ស​បញ្ជាក់​ពី​គោល​ជំហរ​ប្រឆាំង​ការ​ប្រើ​ពាក្យ “យួន” បន្ទាប់ពី​រង​ការ​រិះគន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចេញ​​​​លិខិត​​​បំភ្លឺ​​​​​​​មួយ​​​បញ្ជាក់​ពី​លិខិត​ចំហ​​ដែល​ខ្លួន​បាន​ចេញ​​កាល​​​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ​​​ដែល​​​បាន​​​ចោទ​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះជាតិ​ថា ​​​បាន​​​និយាយ​​​​​​​ប្រមាថ​ និង​រើស​អើង​​​ចំពោះ​​​​ប្រជាជន​វៀត​​​ណាម។

លិខិត​​​​ដំបូង​​​ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​​​​នេះ បាន​​​រិះ​​​គន់​​​លោក​ សម រង្ស៊ី ចំពោះ​​​ការ​ប្រើ​ពាក្យ​យួន ដែល​ជា​ពាក្យ​ប្រមាថ​ជន​ជាតិ​វៀត​ណាម។ មាន​ការ​រិះគន់​លោក អ៊ូ វីរៈ តាម​​​ហ្វេសប៊ុក​​​​បន្ទាប់ពី​​​​ការ​​​ចេញ​​​​លិខិតដំបូង​​​​នេះ​ ដោយ​​​​ធ្វើ​ឲ្យលោក ចេញ​​​លិខិត​​​បំភ្លឺ​​​ដើម្បី​​​​ឆ្លើយ​តប​​​​ចំពោះ​​​ការ​​​រិះ​​​គន់​​​នេះ កាលពីម្សិលមិញ​។

លោក អ៊ូ វីរៈ បាន​លើក​ឡើង​ក្នុង​​​​លិខិត​​​បំភ្លឺ​​​​​នោះ​ថា “ខ្ញុំគាំទ្រ​ទាំង​ស្រុង​ចំពោះ​​លិខិត​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ផ្ញើជូន​គណបក្ស​សង្គ្រោះជាតិ។ ការ​បន្ទោស​ជន​ជាតិ​វៀត​​​ណាម និង​ប្រទេស​វៀតណាម ចំពោះ​បញ្ហា​ជា​ច្រើន​ដែល​​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​នាពេល​សព្វ​ថ្ងៃ​ ​​​អាច​​​បង្ក​​​គ្រោះថ្នាក់ និង​ខាត​បង់​ពេល​វេលា”។ លោក​បាន​លើក​ឡើងថា “គណបក្ស​​នយោ​​បាយ​ និង​មន្ត្រី​សាធារណៈទាំងអស់​មានការ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រើស​អើង​ ជាជាង​ការ​ចាក់​សាំង​លើ​​ភ្លើង​”។

មាន​​​ការ​រិះគន់​​ច្រើន​ចំពោះលោក​​ អ៊ូ វីរៈ ដោយ​​​សារ​​​​​​​គេ​​​គិត​​​ថា ‘យួន’ គឺ​ជា​ពាក្យ​ខ្មែរ​ស្រប​ច្បាប់​ប្រើ​សម្រាប់​ជន​ជាតិ​វៀតណាម ប៉ុន្តែ​លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍ថា វា​មិនមែនដូច្នេះ​ទេ។ លោក​បានមាន​ប្រសាសន៍ថា “បញ្ហា​នេះ​​កំពុង​ត្រូវ​បាន​គេ​​​​​​​ផ្តោ​​ត​​​ទៅលើ​​ប្រវត្តិ​សាស្ត្រ។​ វា​មិនពាក់ព័ន្ធ​នឹង​ប្រវត្តិ​សាស្ត្រ​ទេ​​ វា​ជា​ការ​ប្រកាន់​ពូជ​សាសន៍​​។ ការ​ពិត​​គឺថា ការ​បញ្ចេញ​​​​យោបល់​​ជាច្រើន​នៅ​តាម​ហ្វេស​ប៊ុក​​មិន​និយាយ​អំពី​​បញ្ហា​ប្រកាន់​ពូជ​សាសន៍ទេ។ គេមិន​គួរ​ប្រើ​ពាក្យ​នេះ​ដើម្បី​ញុះញង់​ឲ្យ ​​​មាន​​​​ការ​ស្អប់​ខ្ពើម​គ្នា​ឡើយ​”។

ការ​បញ្ចេញ​យោបល់​ដាក់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក អ៊ូ វីរៈ ក្នុង​រយៈ​ពេល​មួ​យ​សប្ដាហ៍​មក​នេះ​មាន​ការ​ស្នើ​សុំ​ឲ្យលោក​លាឈប់ពីតួនាទី​របស់​លោក​នៅ​មជ្ឈមណ្ឌល​​​សិទ្ធិមនុស្ស​កម្ពុជា​ និង​​​មាន​​​ការ​លើក​ឡើង​ថា ខ្លួន​គាត់​ផ្ទាល់គឺ​ជា​វៀតណាម​។ ការ​បញ្ចេញ​យោបល់​ប្រឆាំង​វៀតណាម​ជា​​​ចំណុច​សំខាន់​​ក្នុងការ​ធ្វើ​យុទ្ធនាការ​ឃោសនា​​បោះឆ្នោត និង​ការ​ធ្វើ​បាតុកម្ម​ក្រោយ​​​ការ​បោះ​​ឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​​ជាតិ  ដោយ​លោក​ សម រង្ស៊ី បាន​ចោទ​ម្ដង​ហើយ​ម្ដង​ទៀត​​​​ថា យួន​លួចការ​ងារ​ ​លួច​សន្លឹក​ឆ្នោត​ និង​ទន្ទ្រាន​ចូ​លទឹក​ដីខ្មែរ​។

កាលពីខែ​សីហា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ប្រាប់​​​ទៅ​​​សាធា​រណជន​ថា ខ្លួនមិនមែន​ជាគណបក្ស​រើស​អើង​ ឬ​ប្រកាន់ពូជ​សាសន៍ទេ។ សេចក្ដី​ប្រកាស​នោះលើក​ឡើង​ថា “គណ​បក្ស​សង្គ្រោះជាតិ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ ការ​ប្រកាន់ពូជសាសន៍ ការ​ស្អប់​ខ្ពើម​ និង​ការ​រើស​អើង​”៕ គឹមហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស