38 C
Phnom Penh

អភិបាល​រាជធានី​ភ្នំពេញ​ព្រមាន​​ព្រះ​សង្ឃទាំង​អស់​​​ឲ្យឈប់​​ធ្វើ​សកម្ម​ភាព​​នយោបាយ​តទៅ​ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ បាន​ព្រមាន​ព្រះ​សង្ឃ​​កាលពី​ម្សិល​មិញ​ថា ប្រសិន​បើ​ព្រះ​សង្ឃ​មិន​អនុវត្ត​តាម​បទ​បញ្ជា​ឲ្យឈប់​​ចូល​រួម​ពាក់​ព័ន្ធក្នុង​សកម្ម​ភាព​នយោបាយ​ទេ​នោះ ពួកគាត់​អាច​​​បង្ក​ឲ្យ​មាន​ការ​បែក​បាក់​សាមគ្គី​សង្ឃ​ដែល​អាច​គំរាម​កំហែង​ព្រះ​ពុទ្ធ​សាសនា​​ក្នុង​ប្រទេស​កម្ពុជា​។

លោកក៏​បាន​មាន​ប្រសាសន៍​ដែរថា ប្រសិន​បើ​ព្រះ​សង្ឃ​នៅ​តែ​ចូល​រួម​ពាក់​ព័ន្ធ​នឹង​នយោបាយ​ទៀត​ រដ្ឋាភិបាល​ប្រហែល​ជា​ត្រូវ​ដក​សិទ្ធិ​បោះ​ឆ្នោត​របស់​ពួកគាត់​។

លោក​​​ថ្លែ​ង​ទៅកាន់​ព្រះ​សង្ឃ​ប្រហែល​៦០អង្គ​ និង​ពុទ្ធបរិស័ទ​ប្រហែល​៦០នាក់​ទៀត​ ដែលបាន​​ជួប​ជុំ​គ្នា​នៅ​​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថា “ ​ពេល​​​ នេះ​មាន [អ្នក​] ប្រើ​ប្រាស់​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ដើម្បី​គោល​បំណង​នយោ​បាយ​។ នេះ​ជា​បញ្ហា​ដ៏​គ្រោះ​ថ្នាក់​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​សាប​រលាប ហើយ​វា​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​…។ យើង​ចំាបាច់​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហានេះ”។

ដោយ​បក​ស្រាយ​ថា ប្រជាពលរដ្ឋ​នឹង​លែង​យក​ចង្ហាន់​ទៅ​វត្ត​ដែល​មាន​និន្នាការ​នយោបាយ​​​ខុស​ពី​និន្នាការ​នយោបាយ​របស់​ពួកគាត់​នោះ លោក ប៉ា សុជាតិ​វង្ស​ បាន​មាន​ប្រសាសន៍​ថា ​“ ប្រហែល​ជា​ថ្ងៃ​ណា​មួយ​ យើង​​នឹងលែង​​អនុញ្ញាត​​ឲ្យ​ព្រះសង្ឃ​បោះ​ឆ្នោត​​ទៀត​ហើយ ហើយ​ពេល​នោះ​ប្រជា​ពលរដ្ឋ​ នឹង​តវ៉ាដោយ​លើក​ឡើង​ថា ‘ ព្រះ​សង្ឃ​ក៏​ជា​មនុស្ស​ដែរ​ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បោះ​ឆ្នោត​?’ ប៉ុន្តែ​ ប្រសិនបើ​​ព្រះ​សង្ឃ​បោះ​ឆ្នោត​ ហើយ​កាន់​ជើង​ភាគី​ណា​មួយនោះ​​ នឹង​មាន​ការ​រើស​អើង​នៅ​ក្នុង​វត្ត​ ហើយ​យើង​បារម្ភ​ខ្លាច​ព្រះ​សង្ឃដាច់​ចង្ហាន់”។​

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ តើ​វា​សមរម្យ​ទេ​ដែល​វត្ត​អារាម​របស់​យើង​បែង​ចែក​ជា​ពី​រក្រុម​ វត្ត​គណបក្ស​ប្រជាជន​ និង​វត្ត​គណបក្ស​សង្គ្រោះ​ជាតិ​? ព្រះ​សង្ឃ​បួស​ដើម្បី​បម្រើ​សាសនា​ និង​ធ្វើ​កិច្ច​ការ​សង្គម​”។ លោក​បន្ត​ថា​ ចាប់​តាំង​ពី​ការ​បោះ​ឆ្នោះ​ជាតិ​ កាលពី​ខែ​កក្កដា​មក វត្ត​អារាម​នានា​ទទួល​បាន​​បច្ច័យ​បរិច្ចាគ​តិច​ជាង​មុន​។

លោក​បានចោទ​សួរ​ថា “ ក្នុង​រយៈពេល​ពីរបី​ខែ​កន្លង​មក​នេះ បច្ច័យ​បរិច្ចាគ​ជួយ​ដល់​ព្រះ​ពុទ្ធ​សាសនា​បាន​ធ្លាក់​ចុះ​មួយ​​លា​ន​ដុល្លារ​។ នៅ​ពេល​​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់ តើ [ ​ការ​បរិច្ចាគ​] នឹង​បន្ត​ធ្លាក់​ចុះទៀត​​ ឬ​​​អត់​? ​ចុះ​ភ្ជុំ​​បិណ្ឌនៅ​ឆ្នាំ​ក្រោយវិញ​ តើ​ [ ការ​បរិច្ចាគ] នឹង​ធ្លាក់​ចុះ​ទៀតទេ​​?” ។

លោក​បាន​បញ្ជាក់​ថា “ ប្រសិន​បើ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ មាន​ការ​ធ្លាក់​ចុះ​​​មួុយ​លាន​ដុល្លារ​ ហើយ​ការ​​ធ្លាក់​ចុះ​នេះ​កើត​ឡើង​ពីរ​ឬបី​ដង ព្រះ​សង្ឃនឹង​ដាច់​ចង្ហាន់​ជាមិន​ខាន​”។

សម្តេច​អគ្គ​មហា​សង្ឃ​រាជ​ ទេព​ វង្ស នៃ​គណៈមហានិកាយ ​ដែល​តែង​តែ​គាំទ្រ​រដ្ឋា​ភិបាល​រហូត​មក​ និង​ធ្លាប់ជា​អតីត​សមាជិក​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​អំឡុង​ទសវត្សរ៍​ក្នុង​ឆ្នាំ​១៩៨០នោះ​ បាន​ចេញ​សេចក្តី​​ថ្លែងការ​ណ៍​ចំនួន​បួន ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិកាល​ពី​ខែ​កក្កដា​មក​ ដោយ​អំពាវ​នាវ​ឲ្យ​ព្រះ​សង្ឃ​ចៀស​វាង​ការ​ចូល​រួម​ក្នុង​បាតុកម្ម​ពាក់​ព័ន្ធ​រឿង​នយោបាយ​។

លោក ប៉ា សុជាតិ​វង្ស ក៏បាន​អំពាវ​នាវ​ឲ្យ​ព្រះ​សង្ឃ​គោរព​តាម​សង្ឃ​ប្រកាស​របស់​គណៈ​សង្ឃ​ដែល​គាំទ្រ​រដ្ឋាភិបាល​ផង​ដែរ​ ហើយ​បាន​មាន​ប្រសាសន៍​ថា ត្រូវ​តែ​មាន​វិធានការ​តាម​ឃ្លាំ​មើល​ឲ្យ​ស្អិត​ចំពោះ​សកម្ម​ភាព​របស់​ព្រះ​សង្ឃ​ប្រមាណ​៧.០០០​អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ប្រហែល​១៤០​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​។

លោកបាន​បញ្ជាក់​ថា “ ពេល​នេះ​នគរបាល​ និង​មន្ត្រី​ស្ថិតិ​ក្នុង​មូល​ដ្ឋាន​ នៅ​តាម​សង្កាត់​ និង​ខណ្ឌ​ត្រូវ​តែ​ធ្វើការ​ស្ទាប​ស្ទង់​គ្រប់​វត្ត​អារាម​ និង​ព្រះ​សង្ឃ​ទាំង​អស់។ ព្រះ​ចៅ​អធិការ​ចាំ​បាច់​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដើ​ម្បី​ពិនិត្យ​មើល​ឲ្យ​ឃើញ​ថា តើ​ព្រះ​សង្ឃ​នីមួយៗជា​ព្រះ​សង្ឃ​​ពិត​ប្រាកដ​ ឬមិន​មែន​ ពីព្រោះ​មាន​ព្រះ​សង្ឃ​ក្លែង​ក្លាយ​នៅ​តាម​ផ្លូវ​”។

អភិបាល​រាជធានី​រូប​នេះ​ក៏​​បាន​លើក​ឡើង​ដែរ​ ពី​កំហឹង​របស់​ព្រះ​សង្ឃ​មួយ​ចំនួន​ក្នុង​ពេល​ថ្មី​ៗនេះ​ជុំ​វិញ​ករណ​ី​​ព្រះ​សារីរិក​ធាតុ​ព្រះ​ពុទ្ធ​ជាម្ចាស់​​មាន​តែ​មួយ​គត់​សម្រាប់​ប្រទេស​កម្ពុជា​ ដែល​​ត្រូវបាន​ចោរ​លួច​កាល​ពី​សប្តាហ៍​មុន ចេញ​ពី​ព្រះ​សក្យ​មុនី​ចេតិយ​លើ​​កំពូល​ភ្នំ​​ឧដុង្គ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ពាក់​ព័ន្ធ​នឹង​ [ព្រះ​សារីរិកធាតុ​] ដែល​ត្រូវ​ចោរ​លួច​ចេញ​ពី​ព្រះ​សក្យមុនី​ចេតិយ​ ព្រះ​សង្ឃមួយ​ចំនួន​បាន​កេង​យក​ប្រយោជន៍​ព​ី​ស្ថានភាព​នេះ​។ និមិត្ត​រូប​សាសនា​ទាំង​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ជន​ឆ្លៀត​​ឱកាស ​អ្នក​នយោ​បាយ​អាក្រក់​ដែល​ព្យាយាម​កេង​ចំណេញ​ពី​វា។ បញ្ហានេះ​ត្រូវ​តែ​ទប់​ស្កាត់​”។

ព្រះ​តេជគុណ ប៊ុត ប៊ុនទិញ ប្រធាន​សមា​គម​​​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យដើម្បី​យុត្តិធម៌​សង្គម​ ដែល​បាន​ដឹក​នាំ​ការ​តវ៉ា​មួយ​នៅ​សប្តាហ៍​នេះ ​ដោយ​បន្ទោស​ករណី​ចោរ​លួច​ព្រះ​សារី​រិក​ធាតុថា ​ដោយ​សារ​តែ​រដ្ឋាភិបាល​ពុក​រលួយ​នោះ បាន​​មាន​សង្ឃ​ដីកា​ថា ការ​ព្រមាន​របស់​លោក ប៉ា សុជាតិ​វង្ស​ គឺ​រឹត​តែ​ជំរុញ​ឲ្យ​សមា​គម​របស់​ព្រះ​អង្គ​​តវ៉ា​កាន់​តែ​ខ្លាំង​ទៅ​វិញ​ទេ​។

ព្រះ​តេជគុណ​មាន​សង្ឃ​ដីកាថា “ ពួកគេ​ហាម​ឃាត់​សិទ្ធិ​របស់​អាត្មា​កាន់​តែ​ខ្លាំង អាត្មា​ធ្វើ​កាន់​តែ​ខ្លាំង​”។ ព្រះ​អង្គ​​លើក​ឡើង​ទៀត​​ថា ព្រះ​អង្គ​នឹង​រៀប​ចំ​ការ​ហែ​ក្បួន​មួយ​ទៅ​កាន់​ការិយាល័យ​របស់​លោក ប៉ា សុជាតិ​វង្ស​ នៅ​សាលា​រាជធានី ប្រសិន​បើ​អភិបាល​រូប​នេះ​ព្យាយាម​បំបិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​របស់​ព្រះ​សង្ឃ​​ក្នុង​រាជធានី​ភ្នំពេញ​មែន​នោះ។

ព្រះ​អង្គ​បា​ន​មាន​សង្ឃ​ដីកាថា “ លោក ប៉ា សុជាតិ​វង្ស គ្មាន​សិទ្ធិ​ប្រាប់​ព្រះ​សង្ឃ​ឲ្យ​ធ្វើ​អ្វី​នោះ​ទេ គាត់​មាន​សិទ្ធិ​ប្រាប់អាយ៉ង​របស់​គាត់​ឲ្យ​បញ្ឈប់​អំពើ​ពុករលួយ​នៅក្នុង​រាជ​ធានី”។ ព្រះ​អង្គ​​​បន្ត​ថា វា ជា​ភារកិច្ច​របស់​ព្រះ​អង្គ​ដែល​ត្រូវ​តទល់​ជាមួយ​រដ្ឋាភិបាល​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បម្រើ​ប្រជាពលរដ្ឋ​។

ព្រះ​អង្គ​​បាន​ចោទ​សួរ​ថា “ ព្រះ​សង្ឃ​ជា​មនុស្ស​​បរិសុទ្ធ​។ ប្រសិន​បើ​យើង​មិន​ធ្វើ​កិច្ច​ការ​នេះ​​​ទេ ​តើ​នរណា​ជា​អ្នក​ធ្វើ​? ព្រះ​សង្ឃ​ជានិមិត្ត​រូប​នៃការ​ស្វែង​រក​សន្តិភាព​ និង​យុត្តិធម៌​ជូន​​ប្រទេស​ជាតិ។ ហេតុ​អ្វី​យើង​គួរ​​​ដេក​នៅ​ស្ងៀម​? យើង​គួរ​តែ​ធ្វើ​កិច្ច​ការ​”។

លោកស្រី ជូឡុង សូមូរ៉ា សមាជិក​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​​ថា ការ​ព្រមាន​របស់​លោក បា៉ សុជាតិ​វង្ស ឲ្យ​ព្រះ​សង្ឃ​នៅ​ក្នុង​រាជធានី​ភ្នំពេញកុំ​ចូល​រួម​ពាក់​ព័ន្ធរឿង​នយោបាយ បាន​បង្ហាញ​ពីការ​ភ័យ​ខ្លាច​របស់​គណបក្សប្រជាជន​កម្ពុជា​ចំពោះ​ឥទ្ធិពល​របស់​ព្រះ​សង្ឃ​លើ​ប្រជា​ពល​រ​ដ្ឋទូ​ទាំង​ប្រទេស​ដែល​ភាគ​ច្រើនជាអ្នក​​កាន់​ព្រះពុទ្ធ​សាសនា​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​ភ័យខ្លាច​យ៉ាង​ខ្លាំង​ ពីព្រោះ​ព្រះ​សង្ឃ​មាន​សេចក្តី​ថ្លៃ​ថ្នូរ​ខាង​សីលធម៌​ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ប្រជាពលរដ្ឋ​។ គណបក្ស​ប្រជាជន​កម្ពុជា​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ពេល​​ឃើញ​ថា សូម្បី​​ព្រះ​សង្ឃ​ក៏​ចង់​បាន​សច្ចភាព​ និង​យុត្តិធម៌​ដែរ”​។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ គ្មាន​នរណា​ម្នាក់​អាច​ប្រាប់​ព្រះ​សង្ឃ​ឲ្យ​ធ្វើ​អ្វី​បាន​ឡើយ​។ ប្រសិន​បើ​ខ្ញុំ​ជា​លោក ប៉ា សុជាតិ​វង្ស វិញ ខ្ញុំ​មិន​​គាប​សង្កត់​ព្រះ​សង្ឃ​ទេ ខ្ញុំ​នឹង​ស្តាប់​ពួកគាត់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ពី​ព្រោះ​ពួកគាត់​ជា​អ្នក​ជិត​ស្និទ្ធ​​បំផុត​នឹង​ប្រជា​ពលរដ្ឋ​”៕សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស