32.5 C
Phnom Penh

ការនាំ​​​សម្លៀក​​​បំពាក់​​​ចេញ​​​​​​របស់​​​កម្ពុជា​​​នៅក្នុង​​​ឆ្នាំ​​​នេះ​​​កើន​​​ឡើង​​​​​​ដល់​​​ជាង​​​៥.០០០លាន​​​ដុល្លារ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តួលេខ​​​ដែល​​​ចេញ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ដោយ​​​នាយកដ្ឋាន​​​កាំកុង​​​ត្រូល​​​នៅ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​នាំ​​​សម្លៀកបំពាក់​​​ចេញ​​​បាន​​​កើន​​​ឡើង​​​២២ភាគរយ​​​ពោលគឺ​​​កើនឡើង​​​ដល់​​​ប្រហែល​​​៥,០៧​​​ពាន់​​​លាន​​​ដុល្លារ​​​ អំឡុង​​​រយៈពេល​​​១១ខែ​​​ដំបូង​​​ក្នុង​​​ឆ្នាំ​​​នេះ​​​បើ​​​ធៀប​​​ទៅនឹង​​​រយៈពេល​​​ដូចគ្នា​​​កាល​​​ពីឆ្នាំ​​​២០១២​​​។    

តួលេខ​​​នេះ​​​បង្ហាញ​​​ថា ការ​​​កើន​​​ឡើង​​​នៃ​​​ការ​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​នេះ គឺ​​​ដោយសារ​​​តែ​​​មាន​​​តម្រូវ​​​ការ​​​ពី​​​សហ​​​រដ្ឋ​​​អាមេរិក​​​ និង​​​សហ​​​ភាព​​​អឺរ៉ុប​​​​​​​​​។​​​

លោក នៅ​​​ សីហា អ្នក​​​វិភាគ​​​សេដ្ឋកិច្ច​​​ឯក​​​រាជ្យ​​​បានលើក​​​ឡើង​​​ថា ​​​កំណើន​​​នេះ​​​​​​គឺ​​​កើន​​​ឡើង​​​ដោយសារ​​​តែ​​​សេដ្ឋកិច្ច​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ និង សហ​​​ភាព​​​អឺរ៉ុប​​​មាន​​​ភាព​​​ប្រសើរ​​​​​ឡើង​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​ ស្ថាន​ភាពទីផ្សារ​​​នៅ​​​សហភាព​​​អឺរ៉ុប និង​​​​​​សហ​​​រដ្ឋ​​​អាមេរិក​​​ គឺពិតជា​​​​មិន​​​​​​អាក្រក់​​​ឡើយ​​”។

លោក វា៉ន់ ស៊ូអៀង​​​ ប្រធាន​​​សមាគម​​​រោង​​​ចក្រកាត់​​​ដេរ​​​កម្ពុជា​​​​​​បាន​​​ឲ្យដឹង​​​ថា ការ​​​កើន​​​ឡើង​​​នៃ​​​តម្លៃ​​​ទំនិញ​​​នៅ​​​ក្នុង​​​ប្រទេស​​​ គឺជា​​​កត្តា​​​ដែ​​​ល​​​បង្ខំ​​​ឲ្យ​​​អ្នក​​​ទិញ​​​ងាក​​​ទៅរក​​​ប្រទេស​​​នៅ​​​តំបន់​​​អាស៊ីផ្សេង​​​ៗ​​​ទៀត​​​ ហើយ​​​ដោយ​​​មូលហេតុនេះ​​​បាន​​​ជួយ​​​ជំរុញ​​​ឲ្យមាន​​​ការ​​​កើនឡើង​​​នៃការ​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​ពីប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍ថា “ តម្លៃ​​​ទំនិញ​​​​​នៅក្នុង​​​ប្រទេស​​​ចិន​​​មាន​​​ការ​​​កើន​​​ឡើង​​​​​​ ខណៈ​​​កម្មករខ្មែរ​​​យើង​​​មាន​​​បទ​​​ពិសោធ​​​ការ​​​ងារ​​​ជាង​​​ប្រាំឆ្នាំ​​​នៅក្នុង​​​ការ​​​ផលិត​​​សម្លៀក​​​បំពាក់”។ លោក​​​បន្ថែម​​​ថា ឧស្សាហ​កម្ម​​​កាត់​​​ដេរ​​ត្រូវ​​​បាន​​​ពង្រីក​​​ជាង​​​២៥​​​ភាគរយ​​​នៅក្នុង​​​ឆ្នាំ​​​នេះ​​​។

លោក​​​បាន​បន្ថែម​ថា “ អ្នក​​​ទិញ​​​ជឿ​​​ជាក់​​​​លើ​​​ឧស្សាហកម្ម​​​កាត់ដេរ​​​របស់​​យើង​​​ ព្រោះ​​​យើង​​​មាន​​​លក្ខខណ្ឌការ​​​ងារ​​​ល្អ​​​ដែល​​​មាន​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​ពី​​​ [អង្គការ​​​ពលកម្ម​​​អន្តរ​​​ជាតិ​​​]”។

ប៉ុន្តែ លោក ស៊ូអៀង ​​​លើកឡើង​​​ថា ការ​​​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​ទៅសហ​​​រដ្ឋ​​​អា​​​មេ​​​រិក​​​បាន​​​ធ្លាក់​​​ចុះ​​​បន្តិច​​​​​​ ដោយសារសហ​​​រដ្ឋ​​​អាមេ​​​រិក​​​​​​មាន​​​ភាព​​​មិន​​​ច្បាស់​​​លាស់​​​នៃកំណើន​​​សេដ្ឋ​កិច្ច​​​ រីឯការ​​​នាំចេញ​​​សម្លៀក​​​បំពាក់​​​ទៅ​​​កាន់​​​សហភាព​​​អឺរ៉ុប​​​វិញមានការ​​​កើន​​​ឡើង​​​។

លោក​​​បានមាន​​​ប្រសាសន៍ថា ការ​​​នាំ​​​ចេញ​​​​របស់យើង​​​ទៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​ធ្លាក់​​​ចុះ​​​ពី​​​៦០​​​ភាគ​​​រយ​​​មក​​​​​​៥០​​​ភាគរយ​​​។​​​ការ​​​នាំចេញ​​​​​​សម្លៀកបំពាក់​​​ទៅ​​​សហ​​​ភាព​​​អឺ​​​រ៉ុប​​​បាន​​​កើន​ឡើង​​​​​​ពី​​​៣០​​​ទៅ​​​ប្រហែល​​​៤៩​​​ភាគ​​​រយ​​​។ លោក​​បាន​​បន្ថែម​​​​​​ថា កូដកម្ម​​​នៅ​​​ក្នុង​​​ពេល​​ថ្មី​​​ៗ ដើម្បីទាម​​​ទារ​​​ឲ្យមាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​អប្បបរមា​​​នៅក្នុង​​​វិស័យ​​​នេះ​​​អាច​​​ធ្វើ​​​ឲ្យខូច​​​នៃកំណើន​​​ដែលកំពុង​​​តែកើន​​​ឡើង​​​នេះ​​​៕ ស៊ុយ​​​ឈាង​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស