42.2 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​​នឹង​ទៅ​ពិនិត្យ​សកម្មភាព​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្នុង​​ខេត្ត​កំពង់​ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ នឹង​ទៅ​ចូល​រួម​ពិនិត្យ​សកម្មភាព​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ខេត្ត​កំពង់​ស្ពឺ​ ក្នុង​ថ្ងៃ​នេះ​។ នៅ​ក្នុង​សមយុទ្ធ​នោះ ​កង​យោធពល​ខេមរភូមិន្ទ​ នឹង​សាក​ល្បង​ប្រើ​ប្រាស់​ជើង​ទម្រ​គ្រាប់​កាំជ្រួច​លើ​រថយន្ត​ថ្មី​មួយ​ ដែល​ហៅ​ថា  RM-70 ។

តាំង​ពី​ថ្ងៃ​សុក្រ​មក នៅ​ពេល​សមយុទ្ធ​បាន​ចាប់​ផ្តើម​  កង​កម្លាំង​យោធា​បាន​ធ្វើ​សម​យុទ្ធ​​​គ្រាប់​ពិត​ ដោយ​មាន​​រថពាសដែក​ កាំ​ភ្លើង​ធំ​ កាំភ្លើង​យន្ត​ នេះ​បើ​យោង​តាម​ឧត្តម​សេនីយ៍​ឯក​ ណុប​ រតនា មេបញ្ជាការ​នៅ​បញ្ជាការ​ដ្ឋាន​កង​រថក្រោះ​ ACO នៅ​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ ដែល​ជា​ទីតាំង​ធ្វើ​សមយុទ្ធ​នេះ។

លោកឧត្តម​សេនីយ៍​ឯក ណុប រតនា បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា ថ្ងៃនេះ​
“ យើង​នឹង​បង្ហាញ​សមត្ថភាព​របស់​យើង​ក្នុង​សកម្មភាព​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នេះ​ដោយ​សាក​ល្បង​ប្រើ​ជើង​ទម្រ​គ្រាប់​កាំជ្រួចថ្មី​មួយ​”។

នេះ​គឺ​ជា​ការ​សាក​ល្បង​បាញ់​គ្រាប់​ពិត​លើក​ដំបូង​ ដោយ​ប្រើ​ជើង​ទម្រ​គ្រាប់​កាំ​ជ្រួច​ RM-70 ដែល​ជា​ជើង​ទម្រ​រចនា​ថ្មី​នៅ​សាធា​រ​ណរដ្ឋឆេក បន្ទាប់​ពី​ជើង​ទម្រ​គ្រាប់​កាំជ្រួច​ BM-21 រចនា​ដោយ​ប្រទេស​រុស្ស៊ី ដែល​កង​យោធពល​ខេមរភូមិន្ទ​បាន​ប្រើ​ប្រាស់​អស់​រយៈពេល​ជា​ច្រើ​ន​ឆ្នាំ​ម​កហើយ​។

ជើង​ទម្រ​គ្រាប់​កាំជ្រួច​ RM-70 ​នេះ​មាន​សមត្ថភាព​បាញ់​កាំជ្រួច​បាន​៤០គ្រាប់​ក្នុង​រយៈពេល​២០វិនាទី​ និង​មាន​សមត្ថភាព​បញ្ចូល​ គ្រាប់​កាំជ្រួច​បន្ថែមដោយ​ស្វ័យ​ប្រវត្ត​ិចំនួន​
៤០​គ្រាប់​។

ទោះបី​ជា​កាំជ្រួច​នីមួយ​ៗ​សម្រាប់​ប្រើ​លើ​ជើង​ទម្រ​គ្រាប់​កាំ​ជ្រួច​ RM-70 ​មាន​តម្លៃ​ចន្លោះ​ពី​១.២០០ដុល្លារ​ទៅ​៣.៨០០​ដុល្លារ​ មន្ត្រី​យោធា​ជាន់​ខ្ពស់​នានា មិន​បាន​ឲ្យ​ដឹង​ថា តើ​ពួកគេ​មាន​ផែនការ​ចំណាយ​ទៅ​លើ​ការ​ទិញ​គ្រាប់​កាំជ្រួច​ប៉ុន្មាន​គ្រាប់​ទេ​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ដែល​នឹង​ត្រូវ​​ប្រ​ព្រឹត្ត​ទៅ​ក្នុង​ថ្ងៃ​នេះ។

សមយុទ្ធ​យោធា​ប្រាំ​ថ្ងៃ​ដែល​កំពុង​ដំណើរ​ការ​នេះ​គឺ​ជា​សមយុទ្ធ​បាញ់​គ្រាប់​ពិត​លើក​ទី៣ក្នុង​ឆ្នាំ​នេះ​បន្ទាប់​ពី​មានសមយុទ្ធ​កាលពី​ខែ​មេសា នៅ​បញ្ជាការ​ដ្ឋាន​ ACO និង​សម​យុទ្ធ​ កង​រាជអាវុធ​ហត្ថ​កាលពី​ខែ​តុលា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស