28.5 C
Phnom Penh

នគរ​បាល​ស្គាល់​អត្ត​សញ្ញាណ​សាក​សពអណ្តែត​ទឹក​ក្នុងបឹង​យក្ខឡោម​គឺ​ជា​ជន​ជា​តិ​កាណាដា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថាពួកគេ​បាន​ស្គាល់​អត្ត​សញ្ញាណ​សាក​​សព​ដែលគេបាន​ប្រទះឃើញអណ្តែតទឹក​ក្នុង​​បឹង​យក្ខឡោមក្នុង​ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​អាទិ​ត្យ​​ហើយគឺជា​ជន​ជាត​ិ​កាណា​ដា​ឈ្មោះ​ ឡេវីស​ រ៉ូស អាយុ៦៣ឆ្នាំ ដែល​បាន​​​ស្នាក់​នៅ​ផ្ទះ​សំណាក់​​​មួយ​ក្នុង​ក្រុង​បាន​លុង​។

លោក ពុធ សាវី អធិការ​រង​នគរបាល​ក្រុង​បាន​លុង​មាន​ប្រសាសន៍ថា “ ជន​រង​គ្រោះ​គឺ​ជា​ភ្ញៀវ​ទេស​ចរ​ជន​ជាតិ​កាណា​ដា ដែលបាន​ធ្វើដំណើរមក​លេង​ខេត្ត​រតន​គិរី​នេះ ហើយ​បាន​ធ្វើ​ដំណើ​រ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ដោយធ្វើឲ្យ​នគរ​បាល​របស់​​យើង​​ពិបាក​កំណត់​អត្ត​សញ្ញាណ​គាត់​ណាស់​”។

លោក សាវី ​បន្ថែម​ថា នគរបាល​កំណត​់​យ៉ាងច្បាស់​ថា លោក ឡេវីស​ រ៉ូស ត្រូ​វបាន​​ជន​​​​មិន​ស្គាល់​មុខ​សម្លាប់ ​រួច​យក​ទៅ​បោះ​ចូល​ក្នុង​បឹង​យក្ខ​ឡោម។

ពេល​រក​ឃើញ​សាក​សព ​លោក ឡេវីស រ៉ូស បានបាក់ក និង​មាន​ស្នាម​រយះ​​ត្រង់​ផ្ទៃ​មុខ​ ហើយ​មាន​​ដុំថ្ម​មួយ​ថង់​ចង​ជាប់​ចង្កេះ​ទៀតផង។

លោក ទិន​ លួង​ នាយ​ប៉ុស្តិ៍ឃុំ​យក្ខ​ឡោម​បាន​មាន​ប្រសាសន៍ថា លោក ឡេវីស រ៉ូស​​បាន​បាត់​ខ្លួន​ពី​ផ្ទះសំណាក់​កាល​ពីថ្ងៃទី​២៥ ខែ​ធ្នូ ហើយ​ត្រូវ​អ្នក​ស្រុក​ដែលទៅ​លេង​នៅ​បឹង​នោះបាន​​ឃើញ​គាត់​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​គាត​់​បាត់​ខ្លួន។

លោក និល អាំរ័ត្ន ម្ចាស់​ផ្ទះសំណាក់​ Norden Guesthouse បាន​មាន​ប្រសា​សន៍ថា  លោក ឡេវីស រ៉ូស មាន​លិខិត​ឆ្លង​ដែន​នៅពេល​គាត​់​ស្លាប់។

លោក និល អាំរ័ត​្ន បានបន្ថែម​ថា “ គា​ត់​ជា​​មនុស្ស​​​ចូលចិត​្ត​នៅ​ស្ងាត់​ស្ងៀម​តែ​ឯង​។ គាត​់​មក​ខេត​្ត​​​​មណ្ឌល​គិរី​ពីរ​ខែមក​ហើយ​ ហើយ​​មិន​ដឹង​មក​ធ្វើ​អ្វីទេ។ គា​ត់​ជា​មនុស្ស​ចម្លែក​ណាស់​ ​​ប៉ុន្តែ​គា​ត់​​មើលទៅមិន​ដូច​ជា​មនុស្ស​មាន​បញ្ហា​​​ឡើយ”៕​សារុន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស