32.5 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​ជន​ជាតិនីហ្សេរី​យ៉ា​ម្នាក់​ឲ្យ​ជាប់​ពន្ធ​នាគារ​​៣០ឆ្នាំ​ពី​បទ​ជួញ​ដូរ​​គ្រឿង​ញៀន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​បុរស​ជន​ជាតិ​នីហ្សេ​រីយ៉ាអាយុ​៣៨ឆ្នាំម្នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​៣០​ឆ្នាំ​ និង​​ពិន័យ​ជា​ប្រាក់​​ចំនួន​១០០ លាន​រៀល ពី​បទ​​ជួញ​ដូរ​មេតំហ្វេតាមីន​ទម្ងន់​​២,៧គីឡូ​ក្រាម​ចូលក្នុង​ប្រទេស​កម្ពុជា​។

បុរសឈ្មោះ ចន អ៊ូកាជី អូនីយីនយេ ត្រូវ​បានចាប់ខ្លួន​កាលពី​ខែ​មិថុនានៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​​បន្ទាប់ពី​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ស្ទាក់​ចាប់​បាន ហើយ បាន​រក​ឃើញ​ថ្នាំ​ញៀន​នេះ​លាក់​ទុក​ក្នុងថត​សម្ងាត់នៅ​ក្នុង​វ៉ាលិស​របស់​គាត់​។

អំឡុង​​​ពេល​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ថ្ងៃទី​២០ ខែ​ធ្នូ  បុរស​ឈ្មោះ អូនីយីន​យេ បាន​និយាយ​ថា ខ្លួន​បាន​យក​វ៉ាលិស​នេះ​ពី​ប្រទេស​នីហ្សេនីយ៉ា​ចូល​មក​ប្រទេស​កម្ពុជា​ជំនួស​មិត្តតភក្តិម្នាក់​ ហើយ​មិន​បាន​ដឹង​ថា មាន​អ្វី​នៅក្នុង​នោះទេ។ បុរសរូបនេះ​បាន​និយាយនៅ​សវនា​ការ​ថា “វ៉ាលិស​នេះ​ជារបស់ខ្ញុំមែន ប៉ុន្តែ ខ្ញុំ​មិន​ដឹង​ថា មាន​ថ្នាំញៀន​ទេ។ ខ្ញុំ​មិន​ដឹង​ថា វ៉ាលិស​នេះ​មាន​ថ្នាំញៀន​ទេ”។

លោក ជា សុខឃាង​ ចៅក្រម​ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ​ បាន​រក​ឃើញ​ថា ជន​ជាតិ​នីហ្សេរីយ៉ារូបនេះ​មាន​ពិរុទ្ធភាព​ពីបទ​​​ជួញ​ដូរ​​ថ្នាំញៀន កាលពី​ម្សិលមិញ ហើយ​បាន​មាន​ប្រសាសន៍ថា គាត់​មាន​ពេល​៣០​ថ្ងៃ​​ដើម្បី​​ប្តឹង​​ឧទ្ធរណ៍។

លោក អ៊ូ វុធ មេធាវី​ការ​ពារ​​លោក​ អូនី​យីនយេ បាន​មាន​ប្រសាសន៍ថា​ លោក​នឹង​​ប្តឹង​ឧទ្ធរណ៍។ លោក​​មាន​ប្រសា​សន៍ថា “សេច​ក្តី​​​សម្រេច​នេះ​មិន​យុត្តិ​ធម៌​សម្រាប់​កូនក្តី របស់​ខ្ញុំ​ទេ។ សេចក្តី​សម្រេច​របស់​តុលា​ការបែប​នេះ​មិន​អាច​ទទួល​យក​បាន​​ឡើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស