31 C
Phnom Penh

កម្មករ​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​ បន្ទាប់​ពី​ឈប់​សម្រាកមួយ​ថ្ងៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទោះបី​ជាមាន​ការ​ព្រមានពី​រដ្ឋាភិបាល​ដើម្បី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ចំពោះ​ការ​ទាម​ទារ​​ដំឡើង​ប្រាក់​ខែ​អប្បបរមាក្នុង​វិស័យ​កាត់​ដេរ​​ត្រឹម​ថ្ងៃនេះ​ក៏​ដោយ​  ក៏​មេ​ដឹក​នាំ​សហ​ជីព​​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា​ កម្មករ​កាត់​ដេរ​នឹង​បន្ត​ការ​ធ្វើ​ការ​បាតុកម្ម​ទូទាំង​ប្រទេស​បន្ត​ទៀត​បន្ទាប់​ពី​ឈប់​សម្រាក​អស់​មួយ​ថ្ងៃ​ដើម្បី​អបអរ​សាទរឆ្នាំ​ថ្មី​។

កូដកម្ម​នឹង​បាតុកម្ម​នៅ​តែ​បន្ត​ទោះ​បី​ជា​រដ្ឋា​​ភិបាល​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​អប្ប​​បរមាដល់​៩៥ដុល្លារ​​ កាល​ពី​សប្តាហ៍​មុន​ក៏​​ដោយ  ប៉ុន្តែ​វា​នៅ​ទាប​ជាង​ការ​ទាម​ទារ​របស់​សហជីព​ដែលទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ដល់​១៦០​ដុល្លារ​ក្នុង​ខែ​នោះ​។ ការ​សម្រេច​​​​ដំឡើង​ប្រាក់​ខែ​៥​ដុលា្លរ បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ ប្រាក់​ខែ​អប្បបរមា របស់​កម្មកករ​កាត់​ដេរ​ឡើង​ដល់​១០០​ដុល្លាររបស់​លោក អ៊ីត​ សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កាល​ពី​ថ្ងៃ​អង្គារ​ ត្រូវ​បាន​សម្ព័ន​សហជីព​មិន​មែន​រដ្ឋា​​ភិបាល​ច្រាន​ចោល​។

លោក​ស្រី ម៉ន ញឹម​ មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​​​មេ​ដឹក​នាំ​សហជីពទាំង​៦​នាក់​ដែល​​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គេ​នឹង​​ត្រូវ​ប្រឈមវិធាន​ការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​បាតុ​​កម្ម​នៅ​តែ​បន្ត​ បាន​​​​លើក​ឡើង​ថា​ កម្មករ​កាត់​ដេរ​នឹង​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នៅ​ថ្ងៃ​នេះ​នៅ​ឯ​រោង​ចក្រ​នីមួយៗ​ ដែល​កម្មករ​កាត់​ដេរ​បម្រើ​ការ​ឲ្យ​។​ លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “កម្ម​ករ​កាត់​ដេរ​ភាគ​ច្រើន​បាន​សម្រាក​មួយ​ថ្ងៃ​ ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​ នៅ​ថ្ងៃ​នេះ​ ប៉ុន្តែ​ពួក​នឹង​បន្ត​ការ​តវ៉ា​បន្ត​ទៀត​នៅ​ថ្ងៃ​ស្អែក​នៅ​ឯ​រោង​ចក្រ​របស់​ពួក​គេ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា[ដល់​១៦០​ដុល្លារ]”។

​កាល​ពី​ថ្ងៃ​ច័ន្ទ​ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ទៅ​ក្រសួង​ការ​ងារ ដោយ​ស្នើ​ឲ្យ​ក្រសួង​ដក​អាជ្ញាប័ណ្ណ​របស់​សហ​ជីព​ណា​ដែល​បន្ត​ការ​តវ៉ា​ហើយ​លោក​បាន​ប្រាប់​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ចាត់​វិធាន​ការ​ប្រឆាំងបាតុកម្ម​ខុស​ច្បាប់។ កាល​ពី​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​ កម្មករ​កាត់​ដេរ​រាប់​ពាន់​នាក់​​ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​ នៅ​ខាង​មុខ​ក្រសួង​ការ​ងារ​។ ហើយកាល​ពី​សប្តាហ៍​មុន​មាន​មនុស្ស​រាប់​ពាន់​នាក់់​បាន​ចូល​រួម​ការ​ហែក្បូន​និង​ការ​ធ្វើ​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​អំពាវ​នាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង​។

លោក​ គង់​ អាទិត្យ អនុប្រធាន សម្ព័ន​សហ​​ជីព​​​​​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បាតុកម្ម​បន្ត​ទៀត​នឹង​មាន​កម្ម​ករ​កាត់​ដេរ​ប្រមាណ​៣០០.០០០​នាក់់ចូល​រួម​ ពោល​គឺ​ស្មើ​នឹង​៦០​ភាគរយ​នៃ​កម្មករ​កាត់​ដេរ​នៅ​ទូទាំង​ប្រទេស​។ លោក​បាន​បន្ថែម​ថា មេ​ដឹក​នាំ​សហ​ជីព​ទាំង​៦​ ដែល​ជាប់​ពាក់​​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ស្អែក ដើម្បី​ពិភាក្សា​ពី​​ផែនការ​ទៅ​ថ្ងៃ​អនាគត​​​បន្ត​ទៀត​។

លោក​ កេន​ លូ​ (Ken Loo) អគ្គលេខា​ធិកា​​​​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សមាជិក​រោង​ចក្រកាត់​ដេរ​មួយ​ចំនួន​ក្នុង​ចំណោម​សមាជិក​កាត់​ដេរ​​​ទាំងអស់​របស់​ខ្លួន​ប្រហែល​នឹង​បើក​រោង​ចក្រ​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ សមាគម​របស់​លោក​ នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ដែល​អាច​កើត​មាន​  ប្រសិន​បើ​រោង​ចក្រ​មួយ​ចំនួន​​ចាប់​ផ្តើម​ប្រតិបត្តិ​ការណ៍​ឡើង​វិញ​ អំឡុង​ការ​តវ៉ាទាម​ទារ​ដំឡើង​ប្រាក់​ខែ​នៅ​តែ​បន្ត​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ខ្ញុំ​គិត​ថា អ្វី​ដែល​យើងនឹង​ឃើញ​នោះគឺ​​រោង​ចក្រ​មួយ​ចំនួន​នឹង​បើក​នៅ​ថ្ងៃ​ស្អែក​ ហើយ​បន្ទាប់​មក​ប្រសិន​បើ​រោង​ចក្រ​ទាំង​នេះ​មាន​បញ្ហា​​​ ពួក​គេ​ប្រហែល​នឹង​បិទ​រោង​ចក្រ​របស់​ខ្លួន​ភ្លាមៗ។  រោង​ចក្រ​ខ្លះ​ប្រហែល​ជា​មិន​ចង់​ប្រថុយ​ប្រថាន​ឡើយ​”។

លោក​ លូ​ បាន​បន្ថែម​ថា សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​នឹង​អំពាវ​នាវ​ឲ្យ​រដា្ឋ​​​​ភិបាល​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​វត្ថុ​ធាតុ​ដើម​សារជា​ថ្មី​ ព្រោះ​រោង​ចក្រ​មិន​អាច​ផលិត​​​សម្លៀក​បំពាក់​​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ខ្លួន​បាន​ឡើយ ដោយ​សារ​តែ​ការ​ធ្វើ​បាតុកម្ម​។ លោក​បាន​ប្រសាសន៍​ថា​ “ក្នុង​គំនិត​របស់​យើង​គឺ​យើង​ចាំបាច់​ត្រូវ​តែ​ប្តូរ​រោង​ចក្រ​របស់​យើង​ទៅ​ប្រទេស​ផ្សេង​ ហើយ​ដឹក​ជញ្ជូន​វត្ថុ​​ធាតុ​ដើម​ដែល​យើង​មាន​ចេញ​ពី​ប្រទេស​កម្ពុជា​”៕ ស៊ុយឈាង
(រាយ​ការណ៍​បន្ថែម​ដោយ​ Colin Meyn)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស