ព្រះសង្ឃ កម្មកររោងចក្រកាត់ដេរដែលធ្វើកូដកម្ម និងអ្នកកាសែត សរុបជាង១០នាក់ ត្រូវបានទាហានឆត្រយោងអង្គភាពលេខ៩១១វាយនឹងដំបងឆក់ ដែកបំពង់ទីប ព្រមទាំងបាញ់នឹងចំពាមនៅពេលមានការប៉ះទង្គិចគ្នានៅខាងក្រៅរោងចក្រមួយក្នុងទីក្រុងភ្នំពេញ ដែលនៅទីនោះអ្នកតវ៉ារាប់រយនាក់បានជួបជុំគ្នាដើម្បីទាមទារដំឡើងប្រាក់ខែ។
អង្គការសិទ្ធិមនុស្សឲ្យដឹងថា យ៉ាងហោចណាស់ព្រះសង្ឃ៤អង្គ និងអ្នកតវ៉ា១០នាក់ទៀតដែលត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុកំពុងត្រូវបានឃុំខ្លួនដោយអង្គភាពនោះនៅឡើយរហូតមកទល់ល្ងាចម្សិលមិញ។ ព្រះសង្ឃមួយអង្គទៀត និងស្ត្រីម្នាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
អំពើហិង្សាកាលពីម្សិលមិញនេះ បានផ្ទុះឡើងបន្ទាប់ពីអ្នកតវ៉ាបានទៅដល់ខ្លោងទ្វាររោងចក្រយ៉ាកជីន នៅតាមផ្លូវជាតិលេខ៤ ដើម្បីបញ្ចុះបញ្ចូលកម្មករនៅខាងក្នុងឲ្យចូលរួមធ្វើបាតុកម្មជាមួយពួកគេដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៦០ដុល្លារសម្រាប់កម្មកររោងចក្រកាត់ដេរ។
យោងតាមការរៀបរាប់របស់សាក្សី ការប៉ះទង្គិចគ្នានេះបានចាប់ផ្ដើមនៅពេលដែលទាហានមួយក្រុមមកពីអង្គភាពឆត្រយោងលេខ៩១១នៅក្បែរនោះ ដែលបានទៅឈរជើងនៅខាងក្រៅរោងចក្រនេះបានគប់ដបទឹកសុទ្ធទៅលើព្រះសង្ឃដែលគង់នៅជាមួយអ្នកតវ៉ា។ បន្ទាប់ពីមានកំហឹងចំពោះកាយវិការឈ្លើយបែបនេះ អ្នកតវ៉ាមួយចំនួនបានចាប់ផ្ដើមគប់ដុំថ្មដាក់ទាហានទាំងនោះ ហើយទាហានទាំងនោះតបតវិញដោយការវាយអ្នកតវ៉ា ព្រះសង្ឃ និងអ្នកថតរូបនឹងដំបងឆក់ និងដែកបំពង់ទីប។
សេង ហ៊ាង ជាកម្មកររោងចក្រយ៉ាកជីន ដែលបានចូលរួមការតវ៉ានេះបាននិយាយថា “ ទាហានបានវាយព្រះសង្ឃ និងកម្មករឃោរឃៅណាស់។ ទាហានត្រូវការពារប្រទេសជាតិ មិនមែនមកវាយកម្មករនោះទេ”។ កម្មកររោងចក្រកាត់ដេររាប់ម៉ឺននាក់បាននិងកំពុងតវ៉ា និងធ្វើកូដកម្មអស់រយៈពេលមួយសប្ដាហ៍មកហើយ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែរបស់ខ្លួនដល់១៦០ដុល្លារ។ ការព្រមព្រៀងពីក្រសួងការងារដើម្បីដំឡើងប្រាក់ឈ្នួលនេះដល់១០០ដុល្លារ ត្រូវបានច្រានចោលព្រោះវាតិចពេក។
ការប៉ះទង្គិចគ្នាកាលពីម្សិលមិញនេះ គឺជាការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីកូដកម្មបានចាប់ផ្ដើមឡើងរហូតមកទល់ពេលនេះ។
នៅពេលសួរពីមូលហេតុដែលប្រើកងកម្លាំងពិសេសដែលអ្នកខ្លះមានកាន់កំាភ្លើងដើម្បីចាត់វិធានការខុសប្លែកពីធម្មតាការពាររោងចក្រកូរ៉េនេះ លោកវរសេនីយ៍ទោ ចាប សុភ័ណ ដែលគេមើលឃើញបញ្ជាទាហានឆត្រយោងទាំងនេះនៅកន្លែងកើតហេតុបានឆ្លើយថា “ ខ្ញុំធ្វើតាមបទបញ្ជា”។
លោក ចាប សុភ័ណ គឺជាបងប្អូនរបស់លោក ចាប ភក្ដី មេបញ្ជាការអង្គភាពទ័ពឆត្រយោងលេខ៩១១ដែលមិនអាចទាក់ទងសុំការអត្ថាធិប្បាយអំពីការប្រើប្រាស់អង្គភាពរបស់លោកបាន។
ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរងអង្គភាពភាពទ័ពឆត្រយោងលេខ៩១១ក៏បានបដិសេធមិននិយាយពីមូលហេតុដែលកងទ័ពឆត្រយោងរបស់លោកត្រូវបានដាក់ពង្រាយដើម្បីការពាររោងចក្រឯកជននេះដែរ។ ទោះជាយ៉ាងណា លោកបាននិយាយថា ទាហានរបស់លោកគ្រាន់តែប្រើកម្លាំងទប់ទល់នឹងអ្នកតវ៉ាប្រើហិង្សាប៉ុណ្ណោះ។ លោកបានមានប្រសាសន៍ថា “ មនុស្សមួយក្រុមក្នុងចំណោមមនុស្សទាំងនោះបានសម្រុកចូលរោងចក្រនេះ។ ខ្ញុំមិនដឹងថា ពួកគេជានរណាទេ”។
ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង បានមានប្រសាសន៍ថា លោកមិនដឹងថា មានមនុស្សប៉ុន្មាននាក់បានរងរបួស ឬត្រូវបានកងទ័ពរបស់លោកឃាត់ខ្លួននោះទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា ពួកគេកំពុងត្រូវឃុំខ្លួននៅបញ្ជាការដ្ឋានកងទ័ពឆត្រយោងក្រោមការគ្រប់គ្រងរបស់កងរាជអាវុធហត្ថ។
អង្គការសិទ្ធិមនុស្សបានថ្កោលទោសអំពើហិង្សានេះ ជាពិសេសការប្រើប្រាស់ទាហានឲ្យទប់ទល់នឹងអ្នកតវ៉ា។ អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយថា “ ការប្រើប្រាស់អង្គភាពបញ្ជាការពិសេសលេខ៩១១ឲ្យបង្ក្រាបបាតុកម្មនៅជិតរោងចក្រយ៉ាកជីន នៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងទីក្រុងភ្នំពេញនេះមិនធ្លាប់មានទេ និងបង្ហាញពីវិធីសាស្ត្រថ្មីរបស់អាជ្ញាធរក្នុងការទប់ស្កាត់ការតវ៉ាអហិង្សាធំៗ”។
ពួកគេបានអំពាវនាវឲ្យអាជ្ញាធរដោះលែងជាបន្ទាន់នូវមនុស្សដែលពួកគេបានឃាត់ខ្លួនកាលពីម្សិលមិញចំពោះការរៀបចំ ឬចូលរួមនៅក្នុងការតវ៉ា ឬចោទប្រកាន់ជនណាដែលសង្ស័យថា បានប្រព្រឹត្តបទល្មើសដោយគ្មានការពន្យារពេល។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា “យើងជំរុញឲ្យអ្នកជាប់ពាក់ព័ន្ធទាំងអស់នៅក្នុងការតវ៉ា និងជម្លោះការងារ និងអាជ្ញាធរគោរពច្បាប់ អត់ធ្មត់ និងរក្សាភាពអហិង្សា។ ត្រូវតែបញ្ចប់អំពើហិង្សា ឈប់ចាប់ខ្លួន និងរើសអើងចំពោះអ្នកព្យាយាមប្រើប្រាស់សិទ្ធិសេរីភាពក្នុងការជួបជុំ និងការទាមទារដំឡើងប្រាក់ខែ”។
អង្គការសិទ្ធិមនុស្សអាដហុក ទាមទារឲ្យដោះលែងអ្នកដែលត្រូវបានឃាត់ខ្លួនទាំងអស់ដោយគ្មានលក្ខខណ្ឌ ហើយបានជំរុញឲ្យរដ្ឋាភិបាលផ្ដន្ទាទោសអាជ្ញាធរចំពោះការជាប់ពាក់ព័ន្ធនៅក្នុងការប៉ះទង្គិចគ្នានេះ។
លោក ប៊ុន វណ្ណ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា មានប្រសាសន៍ថា នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យដែរនោះ ក៏មានការប៉ះទង្គិចគ្នាដែរ ហើយកងរាជអាវុធហត្ថបានត្រៀមខ្លួនទប់ទល់នឹងកម្មករតវ៉ារាប់ពាន់នាក់នៅពេលរសៀល។
លោក ប៊ុន វណ្ណ បានមានប្រសាសន៍ថា “កងរាជអាវុធហត្ថជាង២០០នាក់ប្រដាប់ដោយដំបង និងខែលគ្រប់ដៃ និងកំាភ្លើងដែរនោះ ត្រូវបានដឹកទៅទីនោះតាមរថយន្តតូចៗប្រហែល២០គ្រឿង ហើយពួកគេបានវាយកម្មករប្រហែល១០នាក់នឹងដំបង។ ខ្ញុំបញ្ជាកម្មករតាមឧបករណ៍បំពងសំឡេងឲ្យដកថយពីព្រោះខ្ញុំព្រួយបារម្ភខ្លាចកងរាជអាវុធហត្ថបាញ់កម្មករ”។
លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា មន្ត្រីរបស់លោកត្រូវតែអន្តរាគមន៍ដើម្បីការពារសួនឧស្សាហកម្មនេះពីកម្មករ។លោកបានមានប្រសាសន៍ថា “យើងត្រូវតែចាត់វិធានការ ពីព្រោះពួកគេប៉ុនប៉ងបំផ្លាញទ្រព្យសម្បត្តិរោងចក្រ។ ស្ថានភាពអាចធ្ងន់ធ្ងរប្រសិនបើយើងមិនបានចាត់វិធានការទេនោះ”។
លោកបានមានប្រសាសន៍ថា លោកមិនបានដឹងថា មនុស្សប៉ុន្មាននាក់បានរងរបួស ឬត្រូវបានឃាត់ខ្លួននៅកន្លែងនោះ ឬថាតើមនុស្សដែលត្រូវបានឃាត់ខ្លួននោះនឹងត្រូវដោះលែងនៅពេលណាទេ។ លោកបានមានប្រសាសន៍ថា “លោកអាចមកមើលដោយខ្លួនឯងបាន”។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បាននិយាយការពារទាហានដែលបានបង្ក្រាបអ្នកតវ៉ានៅរោងចក្រយ៉ាកជីន និងកងរាជអាវុធហត្ថនៅសួនឧស្សាហកម្មកាណាឌីយ៉ានេះដែរ។
លោកបានមានប្រសាសន៍ថា “អ្នកតវ៉ាមួយចំនួនមិនគោរពច្បាប់ទេ ព្រមទាំងបំភិតបំភ័យយើងទៀត ហើយយើងបានទទួលបណ្តឹងពីស្ថានទូតជប៉ុននៅរសៀលនេះ។ ពួកគេបានធ្វើពាក្យបណ្តឹងជាផ្លូវការអំពីអ្នកតវ៉ាជ្រុលនិយម។ ពួកគេបានប្រើប្រាស់ពាក្យធ្ងន់ៗដើម្បីបំភិតបំភ័យយើង។ លោកបានបន្ថែមថា “លោកអាចមើលឃើញអ្វីដែលបានកើតឡើងនៅសួនឧស្សាហកម្មកាណាឌីយ៉ា។ វាធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនមួយដែលនាំចេញសម្លៀកបំពាក់ការពារដែលគេយកទៅការពារវិទ្យុសកម្ម របស់រោងចក្រនុយក្លេអ៊ែនៅហ្វូគូស៊ីម៉ា”។
លោក តាកាយ៉ូស៊ិ គូរ៉ីមីយ៉ា (Takayoshi Kuromiya) លេខាទី២ប្រចាំនៅស្ថានទូតជប៉ុនបានបដិសេធថា ស្ថានទូតនេះគ្មានទំនាក់ទំនងណាមួយជាមួយកងកម្លាំងសន្ដិសុខរបស់ប្រទេសកម្ពុជាទេកាលពីម្សិលមិញ ហើយក៏មិនបានអំពាវនាវឲ្យមានការបង្ក្រាបលើកូដករបះបោរដែរ។ លោកមានប្រសាសន៍ថា “ទេថ្ងៃនេះយើងមិនបានធ្វើអ្វីទេ យើងបិទទ្វារ”។
កាលពីព្រឹកម្សិលមិញ កម្មកររោងចក្រមួយក្រុមទៀត មានគ្នាជាង២០០នាក់ ដែលធ្វើការតវ៉ាសុំដំឡើងប្រាក់ខែ បានបិទចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ២ក្នុងខណ្ឌមានជ័យនៅភាគខាងត្បូងរាជធានីភ្នំពេញអស់រយៈពេលជាង២ម៉ោង។ ទោះបីជាមានការបិទចរាចរណ៍លើកំណាត់ផ្លូវប្រវែងពីរបីរយម៉ែត្រធ្វើឲ្យអ្នកដំណើរតាមយានយន្តរាប់រយនាក់ជាប់ទៅណាមិនរួចក៏ដោយ ក៏នគរបាលមិនបានតបតទៅវិញទេ។ មុនពេលផ្អាកការបិទផ្លូវនេះ ក្រុមបាតុករបាននិយាយថា ពួកគេនឹងត្រឡប់មកកន្លែងនេះវិញម្ដងទៀតនៅព្រឹកនេះ។
កម្មករកម្មការិនីកាត់ដេរប្រហែល១០០នាក់ក៏បានបិទកំណាត់ផ្លូវជាតិលេខ៥ អស់រយៈពេល៥ម៉ោងកាលពីម្សិលមិញនៅខាងមុខរោងចក្រតៃយ៉ុង (Dai Young) ក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ នគរបាលខណ្ឌ និងនគរបាលអន្តរាគមន៍ប៉ុន្មាននាក់បានឃ្លាំមើលការតវ៉ានេះដែលនៅស្ងាត់ស្ងៀមនៅ
ឡើយរហូតដល់វាបញ្ចប់នៅម៉ោងប្រហែល២រសៀល។
ថ្លែងទៅកាន់អ្នកគាំទ្រគណបក្សពីរបីរយនាក់នៅទីលានប្រជាធិបតេយ្យកាលពីរសៀលម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានថ្កោលទោសចំពោះការប្រើអំពើហិង្សាពីសំណាក់ទាហាននិងនគរបាល ហើយបានចោទប្រកាន់លោក ចាប ភក្ដី មេបញ្ជាការកងទ័ពឆត្រយោងលេខ៩១១ និងសាច់ញាតិរបស់គាត់ថា មានភាគហ៊ុននៅតាមរោងចក្រកាត់ដេរ ហើយធ្វើសកម្មភាពដើម្បីការពារការវិនិយោគរបស់ខ្លួន។
លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យថា “ដូច្នេះ ចាប ភក្ដី និង ចាប សុភ័ណ បានប្រមូលកងកម្លាំងពីអង្គភាពទ័ពឆត្រយោងដើម្បីវាយបង្ក្រាបកម្មករ ពីព្រោះពួកគេចង់រក្សាទុកប្រាក់មួយលានដុល្លាររបស់ពួកគេ”។
អំឡុងពេលតវ៉ាទាំងនេះ សហជីពលេចធ្លោចំនួនប្រាំមួយ ដែលគ្មានទំនាក់ទំនងជាមួយរដ្ឋាភិបាល បានជួបប្រជុំកាលពីព្រឹកម្សិលមិញ ដើម្បីត្រៀមរៀបចំអ្វីដែលត្រូវធ្វើនៅពេលបន្ទាប់។ ពួកគេបានសម្រេចចិត្តទុកពេលឲ្យក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជារហូតដល់ថ្ងៃសៅរ៍ ដើម្បីព្រមព្រៀងចរចាលើប្រាក់ខែអប្បបរមា ប្រសិនបើមិនដូច្នេះទេនឹងប្រឈមការតវ៉ាកាន់តែខ្លាំងឡើងនៅខាងក្រៅរោងចក្រទូទាំងប្រទេស។
លោកស្រី ម៉ម ញឹម ប្រធានសម្ព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា ដែលបានចូលរួមក្នុងការចរចានេះបានមានប្រសាសន៍ថា “កម្មកររបស់យើងនឹងនៅតែបន្តធ្វើការតវ៉ា [ពីរ] ថ្ងៃបន្ទាប់ទៀត ប៉ុន្តែប្រសិនបើក្រសួងការងារ [និង GMAC] មិនស្វែងរកដំណោះស្រាយឲ្យយើងទេនោះ យើងនឹងត្រៀមធ្វើមហាបាតុកម្មនិងដើរក្បួនទូទាំងប្រទេស”។
លោកស្រី ក៏បានថ្កោលទោសអាជ្ញាធរផងដែរ ចំពោះការប្រើអំពើហិង្សាយ៉ាងចាស់ដៃ ដើម្បីបង្ក្រាបការតវ៉ា។ លោកស្រីមានប្រសាសន៍ថា “ពេលនេះកម្មករកំពុងតវ៉ាគ្រប់កន្លែង ពីព្រោះពួកគាត់មានកំហឹងយ៉ាងខ្លាំងបន្ទាប់ពីទាហានបានប្រើអំពើហិង្សា និងចាប់ខ្លួនពួកគាត់។ រដ្ឋាភិបាលមិនបានស្វែងរកវិធីសន្ដិភាពដើម្បីដោះស្រាយបញ្ហាទេ តែផ្ទុយទៅវិញបែរជាប្រើកម្លាំងបង្ក្រាបបាតុករ”។
កាលពីម្សិលមិញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅលោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ដោយចោទប្រកាន់បាតុករថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅតាមរោងចក្រ “ភាគច្រើន” ក្នុងចំណោមរោងចក្រកាត់ដេរជាង៤០០កន្លែងទូទាំងប្រទេសក្នុងរយៈពេលពីរបីសប្ដាហ៍កន្លងមកនេះ ហើយបានបន្តការប្ដេជ្ញារបស់ខ្លួនបិទរោងចក្រទាំងនោះរហូតដល់សហជីពនិងរដ្ឋាភិបាលអាចធានាសុវត្ថិភាពរបស់ពួកគេ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា រោងចក្រទាំងអស់នឹង “ផ្អាកផលិតកម្មរហូតដល់ស្ថានភាពអាក្រក់នេះវិលទៅរកស្ថានភាពធម្មតាវិញ ហើយសន្ដិសុខ សុវត្ថិភាពកម្មករ និងទ្រព្យសម្បត្តិរោងចក្រត្រូវបានធានាការពារ”។ កូដកម្ម បូករួមនឹងការបិទទ្វាររោងចក្របានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មនាំចេញធំបំផុតរបស់ប្រទេសកម្ពុជា ដែលរកចំណូលបានប្រហែល៥.០០០លានដុល្លារ អំឡុងរយៈពេល១១ខែដំបូងក្នុងឆ្នាំ២០១៣។
កាលពីថ្ងៃអង្គារ ក្រសួងការងារបានផ្ញើលិខិតផ្ទាល់របស់ខ្លួនជូនគណបក្សសង្គ្រោះជាតិ ដើម្បីតវ៉ារឿង ក្រុមបាតុករហិង្សាមួយចំនួនដែលបានអះអាងថា ជាសមាជិកគណបក្សប្រឆាំង។ ក្រសួងនេះបានស្នើសុំឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ក្រុមទាំងនោះមិនបានចេញពីគណបក្សសង្គ្រោះជាតិ។
នៅក្នុងការឆ្លើយតបទៅរដ្ឋមន្ត្រីក្រសួងការងារកាលពីម្សិលមិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកសូមធានាអះអាង។ លោកបានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិបាននិងកំពុងធ្វើបាតុកម្មទាមទាររកយុត្តិធម៌ និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញដោយអហិង្សា និងដោយសន្ដិវិធី ហើយយើងក៏គោរពសីលធម៌ដែរ និងមិនដែលប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហាឡើយ”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ផាន់ អាណា ម៉ិច ដារ៉ា ឃួន ណារីម អូន ភាព ហ៊ុល រស្មី និង Alex Willemyns)