28.5 C
Phnom Penh

គណបក្ស​ប្រជាជន​មាន​ផែនការ​ធ្វើ​​​ពិធី​​​ធំ​​​បំផុត​​​ដើម្បី​​​រំឭក​​​​ខួប​លើក​ទី​៣៥នៃទិវាជ័យ​​​ជម្នះ​​​​​​៧​​​មករា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ជាម យៀប សមាជិក​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​ បានឲ្យ​​​ដឹង​​​កាល​ពីម្សិល​មិញ​ថា ​ការ​​​ប្រារព្ធ​​​ទិវាជ័យ​ជម្នះ​​៧មករា​​​​​​​លើ​​​របប​​​ខ្មែរ​​​ក្រហម​​​​​​​​​​​​​​​នៅ​​​​ឆ្នាំ​នេះ​​​​​​គឺ​​​នឹង​​​មាន​​​ទ្រង់​​​ទ្រាយ​​​​​​ធំជាង​​​ឆ្នាំ​​​មុន​​​ៗ​​​។

ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​​​ទុក​​​ថ្ងៃ​​​៧​​​មករា​​​នេះ​​​ថា​​​ ​ជា​ថ្ងៃ​បញ្ចប់​ការ​គ្រប់​គ្រង​​​អំណាច​​​រយៈពេល​ជិត​បួន​ឆ្នាំ​​របស់​​ ប៉ុល ​ពត​ នោះ​​​​ គណបក្ស​​​ប្រឆាំង​​លើក​ឡើង​ថា​ មិន​គួរ​ប្រារព្ធ​ទិវា​នេះ​ឡើយ​​ គឺ​​​គួរ​​​ចង​ចាំ​​​​ថ្ងៃ​​​នេះ​​​ថា ជា​ថ្ងៃ​​​​ចាប់​ផ្តើម​​ការ​​​​គ្រប់គ្រងប្រទេស​​​​​​កម្ពុជា​​​​​រយៈ​​​ពេល​១០​ឆ្នាំ​​​​របស់​វៀតណាមវិញ​​​។ គឺ​​​​ការ​គ្រប់​​​​​​គ្រង​​​​​​​​​​​​នេះ​​​ហើយ​​​ដែល​​​ជួយ​​​ឲ្យ​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ថ្នាក់​​​ដឹក​នាំ​​នៃ​​​គណបក្ស​ប្រជាជន​​​​​​កម្ពុជា​​​ឡើង​​​​កាន់​អំណាច​ពី​​​ដំបូង​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ការ​ប្រារព្ធ​ខួប​លើក​ទី​៣៥​នៅ​ថ្ងៃ​អង្គារ​នេះ នឹង​​​​មាន​​​ទ្រង់ទ្រាយ​​​ធំ​​​បំផុត​គិត​​​ចាប់ពី​​​​​ថ្ងៃ​​​ប្រារព្ធ​ខួប​លើក​ទី​៣០ក្នុង​ឆ្នាំ​២០០៩​មក។លោក​បាន​ឲ្យដឹង​ថា ការ​ប្រារព្ធ​ពិធី​នេះ​នឹង​ប្តូរពី​ទីស្នាក់​ការ​កណ្តាល​របស់​​​គណបក្ស​ប្រជាជន​កម្ពុជា ទៅកាន់​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញវិញ ហើយ​នឹង​មាន​ភ្ញៀវ​ចូល​រួម​កាន់​តែ​ច្រើន​ជាងមុន​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ឆ្នាំ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ប្រារព្ធ​ខួប​ដ៏​ធំមួយ​នៅ​ឯ​កោះ​ពេជ្រ​ ដែលតាមការ​​​​រំពឹង​ថា នឹងមាន​អ្នក​ចូល​រួម​​ច្រើន​”។
ដូច​​​សព្វដង​​​ដែរ​​​ លោក​ ជាម យៀប ​បាន​​​លើក​ឡើង​ថា ពិធី​នេះ​គឺ​​​ជា​ឱកាស​មួយ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​​​​វៀតណាម។​​​​ ប្រសិន​បើ​គ្មាន​អាវុធ​ និង​ទ័ព​របស់​វៀតណាម​​​ទេ​នោះ​​​ ក្រុម​អ្នក​ផ្តាច់​ខ្លួន​ខ្មែរ​ក្រហម ​ ដែលរួម​​​មាន​​​ទាំង​លោក ហ៊ុន សែន​ ផង​ដែរ​​​នោះ​​​ ពិត​​​ជា​​​​​​ពុំ​​​អាច​ផ្តួល​រំលំ​កង​កម្លាំង​ ប៉ុល ពត​ បាន​ទេ​​​។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​មិន​មាន​វៀតណាម​ និង​អាវុធ​[របស់​​​ពួកគេ​​​] ទេ​នោះ យើង​មិន​អាច​ផ្តួល​រំលំ​ខ្មែរ​ក្រហម​បានឡើយ​​​​​​​​​​។ យើង​ពុំ​​​​អាច​បំភ្លេច​គុណ​​​របស់​​​បក្ស​កុម្មុយ​នីស្ត​វៀតណាម​ដែល​ខំ​​​ជួយ​យើងបាន​​​ទេ​​​  ហើយ​យើង​តែង​​ប្រា​រព្ធ​​ពិធីនេះ​រៀង​រាល់​ឆ្នាំ​”។

លោក ជាម យៀប ​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​ថា លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដែល​រួមគ្នា​​​បង្កើត​ក្រុម​ឧទ្ទាម​ដែល​បាន​ជួយ​ផ្តួល​រំលំ​ ប៉ុល ពត នៅ​​​ក្នុង​​​នាម​​​​ជា​អ្នក​ផ្តាច់​​​​ខ្លួន​ខ្មែរ​ក្រហម​ម្នាក់នោះ​​​ បាន​​​ទៅ​​​ដល់​​​​ប្រទេស​វៀតណាម​​​ និង​បាន​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ខួប​​ជ័យ​ជម្នះ​៧មករា​នេះ​​​ក្នុង​​​​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​សៅរ៍ រួច​ហើយ​។

លោក ហេង សំរិន ក៏​បាន​ជួប​ពិភាក្សា​គ្នា​​​ជា​មួយសមភាគី​វៀតណាម​របស់​​លោក  គឺ​លោក ង្វៀន​​​ ស៊ិញ ហ៊ុង (Nguyen  Sinh  Hung)  និង​​​​លោក ទ្រឹង​ តាន់ សេង  (Truong Tan Seng)​​​ប្រធានា​ធិបតី​​​​នៃ​​​ប្រទេស​វៀតណាម​​​​ផងដែរ​​​ នេះ​បើ​យោងទៅ​​​​លើ​​​​ទីភ្នាក់​ងារ​ព័ត៌មាន​រដ្ឋ​កម្ពុជា​ អាកាប៉េ។ ទោះ​បីជា​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ផែនការ​ធ្វើ​ឲ្យ​ពិធី​នៅ​ឆ្នាំ​នេះ​​​​មាន​​​ទ្រង់ទ្រាយ​​​ធំបំផុត​ក៏​ដោយ ប៉ុន្តែ​​​​វា​ធ្វើ​​​ឡើង​​​អំឡុង​​​ពេល​​​ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​នូវ​​​ស្មារតី​​​ប្រឆាំងនឹង​​​​វៀតណាម​ក្នុង​ចំណោម​ពលរដ្ឋ​​​​កម្ពុជា​ ដែល​ស្មារតី​​​នេះគឺ​​​ត្រូវបាន​​​បញ្ឆេះ​​​​​​​ដោយគណ​​​​បក្ស​ប្រឆាំង​អំឡុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​មុន​។

បក្ស​ប្រឆាំងបាន​​​យករឿង​​​​​​​អន្តោ​ប្រវេសន៍​​​​ខុស​ច្បាប់​ និង​ការចាប់​​​យក​ដី​ពី​សំ​ណាក់ក្រុម​ហ៊ុន​វៀត​ណាម​ មកធ្វើ​​យុទ្ធនាការ​​​​​ឃោសនា​ដែល​​​រឿង​​​នេះ​​​បាន​​​ដក់​​​ជាប់​​​យ៉ាង​​​ខ្លាំង​​​ក្នុង​​​អារម្មណ៍​​​របស់​​​អ្នក​បោះ​ឆ្នោត​៕ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស