39.4 C
Phnom Penh

ក្រុម​យុវជន​គណបក្ស​ប្រឆាំង​ច្រៀង​ចម្រៀង​ប្រឆាំង​បម្រាម​​​មិន​​​ឲ្យ​​​ជួបជុំ​​​​ខណៈ​​​​នគរ​បាល​​ដើរល្បាត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុវជនជាអ្នក​គាំទ្រ​​គណបក្ស​ប្រឆាំង​មួយ​ក្រុម​មាន​គ្នា​ប្រាំបី​នាក់​ បាន​ច្រៀង​ចម្រៀង​មួយ​​​​បទ​នៅ​ជិត​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជ​ធានី​ភ្នំពេញ​​មុនពេល​នគរ​បាល​​ដែលបាន​ដាក់​ពង្រាយ​ក្បែរ​នោះ​មាន​ឱកាស​បំបែក​ពួក​​​គេ​កាល​ពី​ម្សិលមិញ។​​​នេះ​​​​ជា​ការ​សាក​ល្បង​​​បម្រាម​ថ្មី​មិន​ឲ្យ​មាន​ការ​ជួប​ជុំគ្នា​បន្ទាប់ពីមាន​ការ​ត​វ៉ាប្រឆាំង​រដ្ឋា​ភិបាល​ទ្រង់​ទ្រាយ​ធំមក។

កាលពី​ល្ងាច​ថ្ងៃពុធ  អ្នក​គាំទ្រ​​គណ​បក្ស​​​​សង្គ្រោះ​ជាត​ិ​​​​មួយ​​​ក្រុម​​​នេះ​​​បាន​ប្រកាស​អំពី​គម្រោង​ទៅច្រៀង​ចម្រៀង​អហិង្សា​នៅឯ​ទីលាន​ប្រជា​ធិបតេយ្យ​ និង​​​​ថ្កោល​ទោស​ការ​​​បាញ់​សម្លាប់​អ្នក​តវ៉ា​យ៉ាង​ហោច​ណាស់​ប្រាំ​នាក់​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុនក្រោម​​​ស្នាដៃ​របស់​​​មន្ត្រី​កង​រាជ​អាវុធ​ហ​ត​្ថ​។

ក៏​​​ប៉ុន្តែ​ ដោយសារ​​​​​​មាន​​​នគរបាល​​ប្រដាប់​ដោយ​ឧបករណ៍បង្ក្រាប​កុបកម្ម​ និង​កង​រាជ​អាវុធ​ហត​្ថ​ប្រដាប់​អាវុធ​ដើរ​ល្បាតទីលាន​​​ប្រជា​​​​ធិប​តេយ្យច្រើន​​​ពេក​​​ ​ដោយ​​​បានទាំង​​​​​​ដេញ​​​​​​អ្នក​​​កាសែត​​​មិន​​​ឲ្យ​​​ទៅ​​​ក្បែរ​​​​​​ផង​​​នោះ​​​យុវជន​​​ទាំង​​​នេះ​​​​​​​​​មិន​​​​​​​ទាំង​​​បាន​ព្យាយាម​ចូល​ទៅ​ទីលាន​​​​​​នេះ​​​ផង​​​ទេ​​​។

ផ្ទុយមក​​​វិញ យុវជន​​​ទាំង​​​នេះ​​​​​​​បាន​សម្រេច​​​​​​​ចិត្ត​​​ច្រៀង​ចម្រៀងតែ​មួយ​បទនៅ​ជាប់​ស្ពាន​នាគ​​ក្បែរ​នោះវិញ​​​ ដោយ​​​ចម្រៀង​​​របស់​​​ពួក​​​គេ​​​បាន​​​បញ្ចប់​​​មុន​ពេល​នគរ​​​បាល​មក​ដល់។

កញ្ញា លឹម គឹមសួ ជា​​​យុវតី​​គណ​បក្ស​សង្គ្រោះ​​​​ជា​តិ​ដែល​បាន​រៀប​ចំ​កម្មវិធី​​​នេះ​​​​​​​បាន​និយាយថា “ យើង​មាន​គម្រោង​ច្រៀង​​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ ប៉ុន្តែ​ដោយ​សារ​អាជ្ញា​ធរ​ដាក់កម្លាំងច្រើន​​​ពេក​​​  យើង​ក៏​បាន​សម្រេច​​ចិត្ត​​​ច្រៀង​នៅ​ស្ពាន​​​​​​​​​​​​​នាគ​​​​​​​វិញ”។

យុវតី​រូបនេះបាន​និយាយ​បន្ត​​​​ថា“ យើង​​រៀប​ចំ​ព្រឹត្តិការណ៍នេះឡើង​​​​ដើម្បី​​​ផ្ញើសារ​​​ទៅ​​​អាជ្ញាធរ​សាលា​រាជ​ធានី​ថា  ពួកគេ​កំពុង​​​អនុវត​្ត​ច្បាប់​ខុស​​​ហើយ​​​  ហើយ​ថា  វាជា​​​ការ​​​រំលោភ​​​លើ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​របស់​ប្រទេស​​​​​​កម្ពុជា​ និង​ជាការ​​​គាប​សង្កត់​សិទ្ធិមនុស្ស”។

ក្រោយ​​​ពេល​​​ពួកគេ​​​ច្រៀង​​​ចប់​​​ ​នគរបាល​ក៏​​​បាន​មកដល់ជាមួយ​នឹង​កង​សន្ត​ិសុខ​ខណ្ឌ​​ពេញ​​​​មួយ​​​រថយន្ត​​​​ដែល​​​សុទ្ធតែ​​​ពាក់​មួក​សុវត្ថ​ិ​​​ភាព​​​​ពណ៌ខ្មៅ ដោយនៅ​​​​​​ក្នុង​​​ដៃ​​​មាន​​កាន់​ដំបង​​ហើយ​បាន​​​បញ្ជាឲ្យ​​​​មាន​​​ការ​​​យក​ម៉ូត​ូ​​ចត​តាម​ចិញ្ចើម​ផ្លូ​វចេញ។

កញ្ញា  គឹមសួ  បានឲ្យ​​​ដឹង​​​ថា  សន្ត​ិសុខ​ក្នុង​​​​​​សម្លៀក​​​បំពាក់​​​ពាក់ស៊ីវិលបាននាំ​​​គ្នា​​​​​​ដេញ​​​តាម​​​ក្រុម​​​ខ្លួន​​​​ដែល​​​បាន​​​​​ចាក​ចេញ​ពី​ទី​​​កន្លែងនោះ ហើយ​បាន​សម្រេចចិត្ត​​​​​ចូលក្នុង​ទីស្នាក់ការ​ការិយា​ល័យ​​​​ឧត្តម​ស្នងការ​សហ​​​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស។

លោកស្រី វ៉ាន-ហៀលី (Wan-Hea Lee) នាយិកា​ប្រចាំប្រទេស​របស់​ស្ថាប័ន​​​នេះ​​​​បាន​​​អះអាង​​​ថា លោក​ស្រី​​មិន​បាន​​​ដឹង​ពី​វត្ត​មាន​របស់​ពួកគេ​ទេ។

ការច្រៀង​ចម្រៀង​រយៈពេលខ្លី​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​នេះ​​​ធ្វើឡើង​បន្ទាប់ពី​មាន​បទ​បញ្ជា​ពី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី៤ ខែ​មករា​ឲ្យ​ព្យួរ​​​​​​​​​ដោយ​ពុំ​​​​កំណត់​​​ពេលនូវ​​​​​​មាត្រា​​​​​​​ក្នុង​រដ្ឋធម្មនុញ​​​​ស្តីពី​​​​​​​សេរីភាពក្នុង​ការ​ជួបជុំ​ និង​ឲ្យ​​​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ប្រមូល​​​ផ្តុំ​​​គ្នា​នៅ​​​​កន្លែង​​​សាធារ​​​ណ​ៈ​ចាប់​ពី​១០នាក់​ឡើង​ទៅ​។

រដ្ឋា​​​ភិបាល​​​​​​​​​​ដឹក​​​នាំ​​​ដោយ​​​​គណបក្ស​ប្រជា​​​ជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន  បាន​​​លើក​ហេតុផល​​​​ថា   ការ​​​ព្យួរ​​​មាត្រា​​​​​​​​​រដ្ឋធម្មនុញ្ញ​​​ស្តីពី​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​ជួបជុំ​​​នេះគឺ​​​ជា​​​រឿង​​​​​​ចាំ​បាច់​​​​​​​​​​សម្រាប់​​​ការ​​​ឆ្លើយតប​​​ចំពោះ​ការ​តវ៉ា​ទាម​ទារ​ឲ្យ​លោក​ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​ និង​​​ការ​​​តវា៉​​​របស់​​​កម្មករ​រោង​ចក្រកាត់​ដេរ​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​​​ខែ​​​​​​​​​ខ្ពស់​​​ជាងម​​​ុន​​​។

អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​សិទ្ធិ​​​មនុស្ស​មួយ​ចំនួន​បាន​ថ្កោល​ទោស​ទង្វើ​របស់​គណបក្ស​កាន់​អំណាច​ ដែល​អ្នក​ជំនាញ​លើក​ឡើង​ថា មិន​​​ស្របតាម​​​​ច្បាប់​និង​​​​រដ្ឋ​ធម្មនុញ្ញ។

ការ​​​បោស​សម្អាត​​​​ទីលាន​ប្រជាធិបតេយ្យ​ និង​តំបន់​នៅ​​​ជុំ​វិញ​នោះ​​​​​​បាន​​​រងការ​​​រិះ​​​គន់​​​ពី​អង្គការ​អាដហុក​ ដែល​​​បាន​​​ចេញ​សេចក្តី​ថ្លែង​
ការណ៍​​​​​​​​​​នា​​​ពេល​​​ក្រោយ​​​មក​​​ក្រោម​​​ចំណង​ជើង​​​​ថា “ គ្មាន​​​​កន្លែង​សម្រាប់​​​​អនុវត្ត​​​សេរី​ភាព​​​នៃ​​​ការ​​​ជួប​​​​​​​ជុំ​នៅ​​​​​​សួន​​​សេរីភាព​​​”។

អង្គការ​សិទ្ធិមនុស្ស​​​​នេះ​​​បាន​លើក​ឡើង​ថា “ នៅ​​​​​​​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​ សូម្បី​​​​តែ​​​ការ​ជួប​ជុំ​គ្នា​តូច​បំផុត​​​​ក៏​មិន​ត្រូវ​បាន​អត់​ឱន​ដែរ។ អង្គការ​អាដហុក​សូម​​​ក្រើន​​​​រំឭក​ដល់​រាជរដ្ឋាភិបាល​ថា សិទ្ធិ​ក្នុង​ការ​ជួប​ជុំ​គ្នា​ដោយ​សេរី​ ​​​ជា​គោល​​​ការណ៍​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដែលមាន​ចែង​​​​​​​ក្នុង​ច្បាប់​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ”។

លោក រ័ត្ន ស៊្រាង មេបញ្ជាការ​កង​រាជ​​​អាវុធ​​​​ហត្ថ​​​រាជធានី​ភ្នំពេញ បាន​អះអាង​​​​ថា មន្ត្រី​កង​រាជអាវុធ​ហត្ថ​គ្រាន់​តែ​ធ្វើតាម​បទ​បញ្ជា​តែ​ប៉ុណ្ណោះ​។

លោក​បាន​មាន​ប្រសាសន៍​បន្តថា “ យើង​គ្រាន់​តែ​អនុវត្ត​ទៅ​​​តាមបទ​​​បញ្ជា​​​របស់​សាលា​​រាជធានី​ភ្នំពេញ​​​ប៉ុណ្ណោះ​​​”៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស