28 C
Phnom Penh

នាយក​រដ្ឋមន្ត្រី​វៀតណាម​​​​​​បំពេញ​ទស្សនកិច្ចផ្លូវ​រដ្ឋ​បី​​​ថ្ងៃ​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ង្វៀន តាន់​យ៉ុង នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​​រយៈ​ពេល​បីថ្ងៃ​កាលពីម្សិលមិញ​ ហើយ​​​អំឡុង​ដំណើរ​ទស្សនកិច្ចនេះ​​​ លោក​មាន​គម្រោង​ចូល​ជួប​​​​សវ​នាការ​ជាមួយ​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន ព្រម​ទាំង​ចូល​រួម​ក្នុង​ពិធីសម្ពោធ​មន្ទីរ​ពេ​ទ្យ​​​ថ្មីមួយ​ដែល​ផ្ដល់​មូល​​និធិ​ដោយ វៀត​ណាម និង​ចូល​​​រួម​ក្នុងពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​មួយ​ខ្សែ​​​តភ្ជាប់​ប្រទេស​​​​ទាំ​ងពីរផងដែរ​។

លោក ត្រាន់ វ៉ាន់ថុង អ្នក​នាំពាក្យ​ស្ថាន​ទូត​​វៀត​ណាម​ប្រចាំ​រាជ​ធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ង្វៀន តាន់​យ៉ុង គឺក្នុង​គោល​បំណង​ពង្រឹងទំ​នាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំ​ងពីរ​លើ​គ្រប់​វិស័យទាំង​អស់​។ លោក​ ត្រាន់ វ៉ាន់​ថុង បាន​មាន​ប្រសាសន៍​ថា “លោក​ ង្វៀន តាន់ យ៉ុង ​ត្រូវ​បាន​អញ្ជើញ​​​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យទាំង​អស់​”។

សេចក្ដីថ្លែង​ការ​ណ៍​របស់​ក្រសួង​ការ​បរទេស​បានលើក​ឡើង​ថា លោក​នាយក​​រដ្ឋ​​​​មន្ត្រីវៀតណា​ម​ នឹង​ចូលរួម​សន្និសីទ​រួម​​​ស្ដី​​​ពី​​​ការ​​​វិនិ​យោ​គ​​​រវាង​កម្ពុ​ជា​វៀត​ណាម​​ ចូល​រួម​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​ចារី​យ៍​​​ភ្នំពេញ និង​ចូល​រួម​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​ជ្រៃ​ធំ​-ឡុង​ប៊ិន​​ក្នុង​ខេត្ត​កណ្ដាល​។

សេចក្ដីថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា “អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ ឯក​ឧត្តម​ ង្វៀន តាន់យ៉ុង នឹង​ចូល​គាល់​ព្រះមហាក្សត្រ​…​និង​ចូល​រួម​កិច្ច​ពិភាក្សា​ផ្លូវការ​ជាមួយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន”។​ សេចក្ដីថ្លែង​ការ​ណ៍​នេះលើក​ឡើង​ទៀត​ថា លោក​ក៏​នឹងចូល​ជួប​សវនាការ​ជាមួយ​សម្ដេច​ ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​ផង​ដែរ​។

កាលពីពេល​​ថ្មីៗនេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ទៅបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅប្រទេស​វៀត ណាម ហើយ​អំឡុង​ដំណើរ​ទស្សនកិច្ច​នោះ ក៏មាន​ការ​ចុះកិច្ច​ព្រម​ព្រៀង​ឥណ​ទាន​ក្នុង​ចំនួនទឹក​ប្រាក់​ដែលគេ​មិន​បង្ហាញ​ឲ្យ​ដឹង​ដើម្បី​យក​មក​សាង​សង់​ស្ពាន​​ជ្រៃ​ធំ-ឡុង​ប៊ិន​ ដែល​នឹង​ស​ម្រួល​ដល់​ការ​ធ្វើ​ដំណើរឲ្យ​កាន់​តែឆាប់​រវាង​រាជ​ធានី​ភ្នំពេញទៅ​ព្រំដែន​វៀតណាម​ផងដែរ។

អំឡុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​នោះ​​ផង​ដែរ​ លោក ង្វៀន តាន់យ៉ុង ក៏​នឹង​ចូល​​រួម​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​ចារីយ៍​​​​ភ្នំពេញ ដែល​ចំណាយ​ទឹក​ប្រាក់​អស់​១៥​លាន​ដុល្លារ​​ដែល​​ផ្ដល់​មូល​និធិ​រួម​គ្នា​ដោយ​មន្ទីរ​ពេទ្យ​ចារីយ៍​​​​ក្នុង​ទីក្រុង​ហូជីមិញ និង​ក្រុម​ហ៊ុន​សូគីម៉ិច​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​ពិធី​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាលពី​ថ្ងៃ​សៅរ៍​ លោក​ ង្វៀន ថេថៅ ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​មានិត​ហាណូយ និង​លោក ប៉ាសុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ បាន​ចូលរួម​ពិធីបញ្ចុះ​បឋម​សិលា​​សាងសង់​​​​​សាលា​បឋម​​សិក្សា​ដូន​ពេញឡើង​វិញ​​។

លោក ជា ជាតិ​ ប្រធាន​មន្ទីរ​អប់​រំ​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា វៀត​ណាម​នឹង​វិនិ​យោគ​ក្នុង​ទឹក​ប្រាក់​ប្រហែល​២លាន​ដុល្លារ​ចំពោះការ​សាង​​​សង់​​​​សាលា​នេះឡើង​វិញ​ដែល​​បានរង​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​។ ដណើរទស្សនកិច្ច​របស់ នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​រូប​នេះ​ធ្វើ​ឡើង​ចំ​ពេ​ល​​​ដែល​មាន​​ការ​ប្រឆាំង​ជន​ជាតិ​វៀត​ណាម​កើន​ឡើង​នៅ​​​ក្នុង​ចំណោមអ្នកតវ៉ា​របស់​គណ​បក្ស​សង្គ្រោះ​​​ជាតិ និង​ការ​ធ្វើ​បាតុកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​។

គណបក្ស​សង្គ្រោះជាតិ បាន​ជំទាស់​ទៅ​នឹង​ការ​ធ្វើ​អន្តោ​ប្រវេសន៍របស់​ជន​ជាតិ​​​វៀត​​​ណាមដែលគ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​​ ហើយ​​​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន សែន ថា​ជាអាយ៉ង​របស់​វៀត​​ណាម​។ កាលពីថ្ងៃ​សុក្រ​ លោក សម រង្ស៊ី​​ មេដឹក​​​នាំ​គណ​បក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ​គណ​​​បក្ស​របស់​លោក​គាំទ្រ​ប្រទេស​ចិន​ជុំវិញ​ជម្លោះ​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​វៀតណាម​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស