32.5 C
Phnom Penh

មរតក​តន្ត្រី​រ៉ក់​​ក្នុង​ទសវត្សរ៍​ឆ្នាំ​​​១៩៦០​បាន​កប់​បាត់​ ក៏​ប៉ុន្តែ​​មិន​ត្រូវ​បានគេ​បំភ្លេច​ចោល​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោម​របប​ខ្មែរ​ក្រហម​​ពីឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​តន្ត្រីករ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ពិរុទ្ធក្នុង​ទម្រង់ដ៏​ឃោរឃៅ​បំផុត​ នោះគឺ​ការ​យក​​​ទៅសម្លាប់​ចោល​។ ដូចជា​អ្វី​ៗ​ផ្សេង​ទៀត​​ក្នុង​ប្រទេស​កម្ពុជា​​ក្រោម​របប​ ប៉ុល ពត​ ដែរ​  មរតក​​​ចម្រៀងគឺ​​​​​ត្រូវ​​​​បាន​ប្រមូល​យក​ទៅ​បំផ្លាញ​ចោល​ ហើយ​​​តន្ត្រីករ​ដែល​​ផលិត​ចម្រៀង​ទាំង​នោះ​​គឺ​​​ត្រូវ​បាន​ខ្មែរ​​​ក្រហម​​​សម្លាប់​​​មិន​ញញើត​​​ដៃ​ទេ​​​​។

ត្រឹម​ឆ្នាំ​១៩៧៩​ក្រោយ​ការ​ដួល​រលំ​របប​កម្ពុជា​​​ប្រជា​ធិបតេយ្យ​របស​់ពួក​​​ខ្មែ​រ​ក្រហម​ អនុ​ស្សាវរីយ៍​នៃ​តន្ត្រី​រ៉ក់ អំឡុង​ទសវត្សរ៍ឆ្នាំ​១៩៦០​ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​ បាន​កប់​បាត់​រួម​ជាមួយ​នឹង​​ប្រជា​ពល​រដ្ឋ​ជាច្រើន​ដែល​បាន​បាត់​បង់​ជីវិត​​​​ក្នុង​​​របប​​​នេះ​​​។ ពេល​នេះ​ ភាព​យន្ត​ឯក​សារ​ថ្មីមួយ​ដែល​នឹង​ចាក់​បញ្ចាំង​បើក​ឆាក​នៅ​សាល​សន្និសីទ​ចតុមុខ ​​រាជ​ធានីភ្នំពេញ​ នារាត្រី​ថ្ងៃ​សៅរ៍​នេះ បាន​ជួយ​គាស់​កកាយ​​តន្ត្រី​មុ​ន​សម័យ​បដិ​វត្ត​ដែល​បាន​កប់​បាត់​នេះ​​ មក​វិញ។​

ដឹកនាំ​ដោយ​លោក​ John Pirozzi រួម​ជាមួយ​នឹង​លោក​ ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯក​សារ​​​កម្ពុជា​​ក្នុង​នាម​ជា​ផលិត​ករ​ប្រតិបត្តិ​  ភាព​យន្ត​ឯក​សារ​រឿង​ “កុំស្មាន​បង​ភ្លេច” នេះ គឺ​​​ឆ្លុះ​​​បញ្ចាំង​​​ពី​តន្ត្រី​ដ៏​​​​ពិសេស​របស់​កម្ពុជា ​​​អំឡុ​ង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​១៩៧០​ និង​ពី​ភាព​ហៀប​នឹង​វិនាស​សាប​សូន្យ​​របស់​វា​។

លោក John Pirozzi បាន​ប្រាប់​​​ថា រយៈ​ពេល​​​ប៉ុន្មាន​ឆ្នាំ​មុន​​ការ​មក​ដល់​របស់​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៥​ ចង្វាក់​តន្ត្រី​ពិសេស​គ្មា​ន​ពីរ​​មួយ​​បាន​រីក​ដុះ​ដាល​ក្នុង​ប្រទេស​កម្ពុជា​។ លោក​​មាន​ប្រសាសន៍​ថា “អ្វី​ដែល​បាន​​​រីក​​​ដុះដាល​​​​នៅទីនេះ​​​​ពិត​ជា​វិសេស​វិសាល ​ជា​​​​ទីបំផុត​។ពួកគេ​បាន​រក​ឃើញ​នូវ​​​វិធី​ពាំនាំ​​​​​​​​​​[តន្ត្រី​​​] សម័យ​ទំនើបមក​​​​​ដោយ​មិន​ធ្វើ​ឲ្យ​បាត់​បង់​ប្រពៃ​​​ណី​ខ្លួន​…​​ដើម្បី​បង្កើ​ត​អ្វីមួយ​ដែល​​ពិសេស​ក្រៃ​លែង​”។​

​លោក Pirozzi ​បាន​ប្រាប់​​​​ថា​​​  នៅពេល​ចាប់​ផ្ដើម​ផលិត​ភាព​យន្ត​នេះ​នាឆ្នាំ​២០០៤ លោក​​​​បាន​រក​ឃើញ​ស្នាដៃ​ដែល​​ទទួល​​ឥទ្ធិ​ពលពី​​​ក្រុម​តន្ត្រី និង​អ្នក​ចម្រៀង​ដែល​មាន​ប្រជា​ប្រិយ​នៅ​លោក​ខាង​លិចនៅ​​​ក្នុង​ទស​វត្សរ៍​​ឆ្នាំ​១៩៥០​ ប៉ុន្តែ​លោក​មិន​បាន​រំពឹង​ថា តន្ត្រី​រ៉ក់​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​អាច​ឆ្លង​ទ្វីប​មក​ដល់​ប្រទេស​មួយ​​​ដែល​ស្ថិត​នៅ​សែន​ឆ្ងាយ​ពីលោក​ខាង​លិច​​ ដូច​ជា​កម្ពុជា​ទេ​។ លោកបាន​​​​​មាន​ប្រសាសន៍​ថា“ ទំនាក់​ទំនង​​​​​​ក្នុង​តន្ត្រី​រ៉ក់​នេះគឺ​ជា​អ្វី​ដែល​យើង​មិន​បាន​រក​ឃើញ​ទេរហូត​ទាល់​តែ​យើង​ផលិត​ភាព​យន្ត​​​នេះ​បាន​ពាក់​កណ្ដាល​” ដោយ​លោក​​ពន្យល់​​​ថា ការ​​រក​ឃើញ​​ណោត​ភ្លេងដែល​​​ទទួល​​​ឥទ្ធិ​​​ពល​​​ពី​​​​ចង្វាក់​រ៉ក់​របស់​អ្នក​លេង​ហ្គីតា​ខ្មែរ​ម៉ុល ក្ងុល​ បាន​ធ្វើ​ឲ្យ​រូប​​​លោក​ដឹង​ច្បាស់​ពី​ឥទ្ធិពល​របស់​​​តន្ត្រី​​​លោក​ខាង​លិច ​លើ​តន្ត្រី​ករ​ខ្មែរ​។

នៅដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០ ​តន្ត្រី​​ក្នុង​​ប្រទេស​កម្ពុជា​គឺ​​​នៅ​តែ​ទទួល​ឥទ្ធិពល​​​​យ៉ាង​ខ្លាំង​ពីវប្បធម៌បារាំង​ ប៉ុន្តែ​នៅ​ពេល​ស្ថានីយ​វិទ្យុ​ [ត្រង់​​​ស៊ីស្ទ័រ] ចាប់​ផ្ដើម​ផ្សាយ​សំឡេង​ឮ​​​ដល់​កង​ទ័ព​អាមេរិក​នៅ​ប្រទេស​វៀតណាម ​​ក្នុង​ឆ្នាំ​​១៩៦៥​ អ្វី​​ៗ​​​បាន​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ទសវត្សរ៍​ឆ្នាំ​១៩៦០​ គឺ​ជា​ពេល​វេលា​ដ៏ពិសេស​មួយ​មិន​មែនតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​នៅ​ជុំវិញ​​​ពិភព​លោកតែ​​​ម្តង​​​​។អ្នក​បាន​ស្ដាប់​​តន្ត្រី​ដ៏អស្ចារ្យ​នេះ​ពីគ្រប់​ប្រទេស​ទាំង​អស់​​ [តាម​​​រយៈ​​​វិទ្យុ​​​ប្រើ​​​ប្រព័ន្ធ​​​ត្រង់​​​ស៊ីស្ទ័រ​​​]”។

​​​​​​​ធ្លាប់​តែ​ពឹង​ផ្អែក​លើ​បញវន្ត​កម្ពុជា​ក្នុងការ​ពាំនាំចម្រៀង​ពី​​ប្រទេស​បារាំង​ម​ក​វិញ និង​លើ​​​ការ​​​ចាក់​​​ផ្សាយរបស់​​​​ស្ថានីយ​វិទ្យុ​​​តាម​រយៈ​​​ឧគ្ឃោសនសព្ទ​​​​ដែល​​​ត្រូវបាន​​​តម្លើង​​​តាម​កាច់​ជ្រុង​ផ្លូវ​​នានានោះ ​​​​​​ការ​ចាក់​​​ផ្សា​យ​តាមវិទ្យុ​ប្រើ​​​ប្រព័ន្ធ​​​នេះ គឺ​​​​​​បាន​​ជួយ​ឲ្យ​ប្រជា​ពល​រដ្ឋ​​បាន​ស្ដាប់​​តន្ត្រីរ៉ក់​នេះ​តាម​ផ្ទះ​របស់​ខ្លួនតែ​​​ម្តង​​​​។
លោក Pirozzi​ មាន​ប្រសាសន៍​ថា “​ស្ថានីយ​​​វិទ្យុ​ជាតិ​កម្ពុជា​​ធ្លាប់​ដាក់​មេក្រូ​​តាម​ផ្លូវ​ ហើយ​​​​​អ្នក​ធាក់​ស៊ីក្លូ​​​គឺ​​​ទាល់តែ​​​​​​​ឈប់​ស៊ីក្លូ​​​ដើម្បី​​​ស្ដាប់​ប្រសិន​​​បើ​​​ខ្លួន​​​ចាប់​អារម្មណ៍​​​​។តែ​​​វិទ្យុ​​​​ត្រង់​​​ស៊ី​​​ស្ទ័រ​​​ បាន​ធ្វើ​ឲ្យ​អ្វីៗ​ផ្លាស់​ប្ដូរ​”។

ខណៈ​តន្ត្រីករ​ក្នុង​ស្រុក​ទទួលឥទ្ធិពល​ពី​​តន្ត្រី​ករ​​​រ៉ក់​នៅ​​​លោក​ខាង​លិច​ ក្នុង​នោះមាន​ទាំង​កំពូល​តារាចម្រៀង​រ៉ក់​ Elvis Presley ក្រុម​ The Beatle និង​ Santana ផងនោះ​​​ តន្ត្រី​ដែល​កម្ពុជា​ផលិត​បាន​វិវឌ្ឍ​​​យ៉ាង​ឆាប់​រហ័ស​។ តាម​រយៈការ​បញ្ចូល​​​នូវ​​​ប្រវត្តិ​សាស្ត្រ​​និង​ប្រពៃ​ណីរបស់​ខ្លួន​ទៅ​ក្នុង​តន្ត្រី​ប្រភេទ​​​នេះ​​​ តន្ត្រីករ​ខ្មែរ​​​​បាន​​​ធ្វើ​​​ឲ្យ​​​ចម្រៀង​រ៉ក់​របស់​ខ្លួន​​​​មាន​​​លក្ខណៈ​​​ពិសេស​​​មួយ​​​រំពេច​​​ គឺ​​​​​​​ស្ដាប់​​​​ទៅ​​​មិន​​​ដូច​​​ជា​​​ចម្រៀង​​​ចម្លង​​​ពី​​​បរទេស​​​ឡើយ​​​។ លោក​បាន​បន្ត​​​ថា “តន្ត្រី​នេះគឺ​​​ពិត​ជា​បាន​ឆ្លុះ​​​បញ្ចាំងពី​សម័យ​កាល​មែន​។ ទសវត្សរ៍​ឆ្នាំ​១៩៦០​ត្រូវ​គេ​ហៅថា ជា​សម័យ​កាល​ដ៏​រុង​រឿង​មួយ​ ហើយ​តន្ត្រី​នៅ​​​សម័យ​នោះ​គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់​”។ ប៉ុន្តែ​ឆ្នាំ​១០៧០​​ជា​ពេល​ចាប់​ផ្ដើម​សម័យ​​​កាល​ថ្មី​មួយ​នៅ​កម្ពុជា​ ទាំង​កត្តា​នយោបាយ​ និង​វប្បធម៌។

លោក Pirozzi និយាយ​ថា “ក្នុង​ទស​វត្សរ៍​​ឆ្នាំ​១៩៧០​សង្គ្រាម​ស៊ីវិល​ស្រាប់តែ​​​​ផ្ទុះ​ឡើង​ ហើយ​រដ្ឋប្រហារ​ក៏​បាន​កើត​មាន​។ នាពេល​នោះសភាពការណ៍​​​​តាន​តឹង​ខ្លាំង​​​​ ហើយ​តន្ត្រី ​​​បាន​រង​ផល​ប៉ះពាល់​”  ដោយ​បាន​បន្ថែម​ថា តន្ត្រីករ​បាន​ចាប់​ផ្ដើម​បញ្ចូល​ភាសា​​បញ្ឆិត​បញ្ឆៀង​​ក្នុង​ទំនុក​ច្រៀង​​របស់​ខ្លួន​។ តន្ត្រី​រ៉ក់​​​​បន្ត​ទទួល​បាននូវ​​​​ការ​ពេញ​និយម​​​​រហូត​ទាល់​តែ​ដល់ពេល​វា​ស្ងប់​ស្ងាត់​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​ ដែល​ជា​ថ្ងៃ​​ទីក្រុង​ភ្នំពេញ​ធ្លាក់ទៅ​​ក្នុង​ដៃ​ខ្មែរ​​​ក្រហម​។ នៅ​​​ក្រោម​របប​នេះ​​​ ​តារា​ចម្រៀង​មាន​ប្រជា​ប្រិយ​នៅ​កម្ពុជា​ ដូចជា​ អ្នកស្រី រស់ ​​សេរីសុទ្ធា និង​លោក ស៊ិន ស៊ីសាមុត ត្រូវ​បាន​​គេ​យក​ធ្វើ​ជា​គោល​ដៅ​ និង​សម្លាប់​ចោ​ល​។

លោក Pirozzi និយាយ​ថា មរតក​តន្ត្រី​ដែល​​​គួរ​​ត្រូវ​បាន​បន្សល់​ទុក​សម្រាប់​យុវជន​កម្ពុជា​​​សម័យ​បច្ចុប្បន្ន​ត្រូវ​បាន​លុប​បំបាត់​ចោល​។ ទោះជាយ៉ាង​ណា គោល​បំណង​លុប​បំបាត់​តន្ត្រី​ពី​​សម័យ​ដើម​របស់​កម្ពុជា​ពុំ​​​​បាន​សម្រេច​​​ទាំង​ស្រុង​ឡើយ​​​។ ភាព​យន្ត​​រឿង ​“កុំ​ស្មាន​​​បង​ភ្លេច​” នេះលាត​ត្រដាង​ថា ចម្រៀង​រាប់​ពាន់​បទ​បាន​រួច​ផុត​ពីការ​កម្ទេច​របស់​ខ្មែរ​ក្រហម​ និង​ត្រូវ​បាន​បន្សល់ទុក​រហូត​ដល់​សព្វ​ថ្ងៃ​​។

លោក ឆាំង យុ ​ផលិត​ករ​ប្រតិបត្តិ​នៃ​ភាព​យន្ត​ឯក​សារ​​នេះ​បាន​មាន​ប្រសាសន៍​ថា “យើង​​​ក​ឃើញ​​អ្វី​ថ្មីរាល់​ថ្ងៃ​” ដោយ​បាន​ពន្យល់​ថា ឯក​សារ​ពាក់​ព័ន្ធ​​អាច​រក​បាន​នៅ​ក្រៅ​ប្រទេស​​ ហើយ​បទ​ចម្រៀង​នៅ​តែ​អាច​រក​បាន​នៅ​ក្នុង​​ទីផ្សារ​កម្ពុជា​​។

លោក Pirozzi បាន​និ​យាយ​ថា “ប្រហែល​ជា​ដោយ​សារ​មាន​តន្ត្រី​ច្រើន​ពេ​ក​ ហើយ​វា​មាន​​​ឥទ្ធិពល​​​ពេក​មិន​​​អាច​កម្ទេច​ចោល​​​ទាំង​អស់​បាន​។ប្រជា​ពល​រដ្ឋ​កម្ពុជា​ពិត​​​ជា​រឹង​មាំ​​​ណាស់ ពួកគេ​បានឆ្លង​កាត់​​​នូវ​​​រឿង​​​រ៉ាវ​ច្រើន​​​ណាស់​​។ ខ្ញុំគិត​ថា ភាព​យន្ត​នេះ​​​គឺ​ជា​​​សក្ខី​​​ភាពបញ្ជាក់​​​ពី​​​​​​ ស្មារតី​​​​​មនុស្ស​​​ជាតិ​​​​​​ គឺ​​​មិនថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ ពួកគេ​នៅតែ​ពុះ​ពា​រ​​​ទៅ​មុខ​​​បាន​​​​”។

សម្រាប់​លោក ឆាំង យុ ការ​អភិរក្ស​តន្ត្រី​ក៏ជា​មធ្យោបាយ​​ស្វែង​យល់ពី​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាត់​តែ​ស៊ីជម្រៅ​ផង​ដែរ​។ លោក​ថ្លែង​​​​​​ថា “តន្ត្រី​​គឺជា​មធ្យោបាយ​ល្អ​បំផុត​ក្នុង​ការ​ជួយ​ឲ្យ​​​​​យើង​​​​យល់អំ​​​ពីភាព​ស្មុគ​ស្មាញ​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​”​​​៕ សេរីវុធ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស