29.6 C
Phnom Penh

ឯកអគ្គរាជ​ទូត​​ជប៉ុន​និយាយ​ការ​ពារ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ អាបេ ទៅកាន់ទី​សក្ការៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​លិខិត​របស់​លោក​ផ្ទាល់​ផ្ញើ​ជូន​កាសែត​​​ភាសា​ខ្មែរ​ក្នុង​ស្រុក ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​​កម្ពុជា​ កាល​ពីម្សិល​មិញ​បាន​រិះ​គន់​តប​ទៅនឹង​លិខិត​ដំបូង​របស់​​ឯក​អគ្គ​រដ្ឋ​ទូត​ចិន​​ដែល​បាន​រិះ​គន់​លោក ស៊ីនហ្សូ អាបេ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទី​សក្ការៈ​ដ៏​ចម្រូង​ចម្រាស​មួយ​សម្រាប់​​​​​បញ្ចុះ​សព​អ្នក​ស្លាប់​សម័យ​សង្គ្រាម ​រ​បស់​ប្រទេស​លោក​​​កាល​ពី​ខែ​មុន​។

នៅក្នុង​លិខិត​ដ៏វែង​មួយ​ដែល​ចុះ​ផ្សាយ​​ក្នុង​​​កាសែត​ភាសា​ខ្មែរ​និង​កាសែត​ភាសា​ចិន​ក្នុង​ស្រុក​ជាច្រើន​កាលពី​សប្តាហ៍​មុន​​នោះ​ លោកស្រី​ ប៊ូជៀនហ្គួ ឯកអគ្គរដ្ឋ​ទូត​ចិន​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ អាបេ ទៅ​កាន់​ទីសក្ការៈ​ យ៉ាស៊ូគូនី ថា ជា​ “ ការ​បង្ក​ហេតុ​ច្បាស់​ក្រឡែត​ចំពោះ​ប្រជា​ជន​ដែល​ស្រឡាញ់​សន្តិភាព ក្នុង​ពិភព​លោក​ទាំង​មូ​ល”  ហើយ​បាន​ចោទ​ប្រកាន់​​លោក​ថា បាន​​ “ ​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ស្ថិរ​​ភាព​និង​សន្តិ​ភាព​ក្នុង​តំបន់”។

ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ទៅកាន់​ទី​សក្ការៈ​នោះ​តែង​តែ​​ជា​ចំណុច​ក្តៅ​គគុក​ជាមួយ​ប្រទេ​សចិន​។ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​​​​​ចំនួន​២,៥លាន​នាក់​ដែល​បាន​ប​ញ្ចុះ​នៅ​ទីនោះ​ គឺជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ដែល​ត្រូវ​បាន​កាត់​ឲ្យជាប់​ទោស​ជា​ច្រើន​​នាក់​​រួមមាន​ឧក្រិដ្ឋ​ជន​ប្រភេទ​ A ចំនួន​១៤​នាក់​ដែល​​នៅ​ពី​​​ក្រោយ​​​​ការ​ឈ្លាន​ពាន​​ដ៏​ឃោរ​ឃៅ​របស់​ជប៉ុន និង​ការ​កាន់​កាប់​ប្រទេស​ចិន​ភាគ​ខាង​កើត​ អំឡុង​​​​សង្គ្រាម​លោក​​លើក​ទី​២​។

នៅក្នុង​លិខិត​មួយ​ច្បាប់​ដែលកាសែត​រស្មី​កម្ពុជា​បាន​ចុះ​ផ្សាយ​​កាលពី​ម្សិល​មិញ លោក គូម៉ាម៉ារុ យូជី ឯកអគ្គ​រាជ​ទូត​ជប៉ុន​ បាន​លើក​ឡើង​ថា លោកស្រី ប៊ូ បាន​យល់​ច្រឡំ​​ចំពោះ​ដំណើរ​​ទស្សនកិច្ច​នោះ​ ហើយ​បាន​សរសើរ​ដល់ការ​រួមចំណែក​របស់​ជប៉ុន​​ចំពោះ​សន្តិ​​​ភាព​និង​ការ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា​​។

លោក​ យូជី បាន​សរសេរ​ថា “ យើង​មិន​​អាច​​ទទួល​យក​នូវ​អ្វី​ដែល​លោក​ស្រី បាន​​លើក​ឡើង​​នោះ​ទេ​។ ការ​បក​ស្រាយ​របស់​ឯក​អគ្គ​រដ្ឋ​​ទូត​ចិន​រូប​នេះ​គឺថា ​ប្រទេស​ជប៉ុន​​កំពុង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិ​ភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​”។

ផ្ទុយ​ទៅវិញ​លោក យូជី បាន​លើក​ឡើង​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន​ធ្វើ​​ទស្សន​កិច្ច​ទៅ​កាន់​ទីសក្ការៈនោះ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​មាន​សន្តិភាព​ មិន​មែន​ “ បំផ្លាញសន្តិភាព ​ឡើយ​”។លោក​បាន​លើក​ឡើង​ថា “ ទីសក្ការៈ​ យ៉ា​​​ស៊ូគូនី មិន​ត្រឹម​តែ​សម្រាប់​បញ្ចុះ​សព​អ្នក​ដែល​បាន​បូជា​ជីវិត​រប​ស់​ខ្លួន​អំឡុង​សង្គ្រាម​លោក​លើក​ទី២​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ព្រលឹងវីរបុរស​​ចំនួន​២,៥​លាន​នាក់​ដែល​បាន​​​​បូជាជីវិត​របស់​ខ្លួន​ដើម្បី​បុព្វហេតុ​ប្រទេស​​​​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​១៨៥៣​មក​ផងដែរ”។លោក​បាន​​បន្ថែម​ថា “​ ដំណើរ​ទស្សន​កិច្ច​របស់​លោក​​ អាបេ នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ទៅ​កាន់​ទីសក្ការៈ​ យ៉ាស៊ូគូនី មិន​បាន​បង្ហាញ​ពី​​ការ​គោរព​ ឬការគាំទ្រ​ដល់​សកម្ម​ភាព​របស់​​អ្នក​ទោស​ប្រភេទ​A ទេ​ ហើយ​មិន​មាន​បំណង​បក​​​​​ស្រាយ​ឡើង​វិញ​ពី​របប​យោធា​មុន​សង្គ្រាម​​លោក​លើ​កទី​២​ឡើយ​”។

លោក​ យូជី បាន​បន្ត​លើក​ឡើ​ង​​​ពី​​ជំនួយ​ដែល​ប្រទេស​កម្ពុជា​ទទួ​ល​បាន​​ពី​ប្រទេស​​ជប៉ុន ដែលជាម្ចាស់​ជំនួយ​​បរទេស​​ដ៏ធំ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។លោក​ថ្លែងថា “​បើ​​ក្រឡេក​​​​មើល​ពី​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា​ និង​ជប៉ុន​ ចាប់​តាំង​ពីឆ្នាំ​១៩៨០​មក​ ជប៉ុន​បាន​​ចូល​​រួម​ចំណែក​យ៉ាង​សកម្ម​​ក្នុង​ការ​ស្តារ ការ​កសាង​​​​​សន្តិភាព និងការ​កសាង​ប្រទេស​​នេះ​ឡើង​វិញ​​និង​​រួម​ចំណែក​ដល់​ស្ថិរភាព​នយោ​បាយ​។ លោក​​ប​ន្ថែម​ថា “ការ​ដឹង​អំពី​សច្ច​​​ភាពនៃ​ការ​រួម​ចំណែក​របស់​​ប្រទេស​ជប៉ុន​នោះខ្ញុំ​គិត​ថា ប្រជាពល​រដ្ឋ​ខ្មែរ​ទាំង​អស់​​នឹង​យល់​ច្បាស់​​អំពី​មុខ​មាត់ និង​​គោល​ជំហរ​ពិត​ប្រាកដ​​របស់​​ជប៉ុន​”។

បន្ថែម​ពីលើការ​ស្អប់​ខ្ពើម​សង្គ្រាម​រយៈ​​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​​ បច្ចុប្បន្ន​ ចិន​និង​ជប៉ុន​កំពុង​​មាន​ជម្លោះ​ក្តៅ​គគុក​ជុំវិញ​កោះ​មាន​ជម្លោះ​ដែល​ស្ថិត​នៅ​ជាប់​​ប្រទេស​ទាំង​ពីរនេះ​។ ប្រទេស​ទាំង​ពី​រ​កំពុង​ប្រឹងប្រែង​ពង្រឹង​ឥទ្ធិ​ពល​របស់​ខ្លួន​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​៕ សារុន​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស