32.5 C
Phnom Penh

អ្នក​ភូមិ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល៖កម្លាំង​យោធា​បន្ត​សកម្មភាព​កាប់​ព្រៃ​ឈើ និង​បន្ថយ​ឥណទាន​កាបូន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ភូមិ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទាហាន​កម្ពុជា​កំពុង​តែ​បន្ត​សកម្មភាព​កាប់​ព្រៃ​សហគមន៍​ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​នេះ​មាន​ន័យ​ថា ជា​ការ​បង្ក​ផល​ប៉ះ​ពាល់​អាក្រក់​ទៅ​លើ​គម្រោង​ជួញ​ដូរ​ឥណទាន​កាបូនអាស្រ័យ​​​​ព្រៃឈើ​លើក​​​ដំបូង​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក យ៉ាង ស្នា បាន​ឲ្យ​ដឹង​ថា លោក និង​​ប្រជាជនក្នុង​ស្រុក​បន្ទាយ​អំពិលប្រហែល​៥០នាក់​ផ្សេង​ទៀត​បាន​ប្រទះ​ឃើញ​ទាហាន​ប្រដាប់​អាវុធបួន​ប្រាំ​នាក់​កំពុង​បើក​គ្រឿង​ចក្រ​រាន​ព្រៃ​សហគមន៍​ផ្លូវការ​របស់​ពួកគាត់​ កាលពី​ថ្ងៃ​ច័ន្ទ។លោក ស្នា​ បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​ទាំង​នោះ​បាន​រាន​ព្រៃ​អស់​ប្រហែល​២០០​ហិកតារួច​ទៅ​ហើយ ហើយ​ព្រៃ​ទាំង​នោះ​ជា​កន្លែង​ទីពឹង​របស់​សហគមន៍​មូលដ្ឋាន​ ក្នុង​ការ​ចិញ្ចឹម​ជីវិត​ និង​ដោះ​ស្រាយ​ជីវភាព​។លោក​ ស្នា​ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​បាន​សួរ​ពួកគេ​ថា ហេតុ​អ្វី​បាន​ជា​ពួកគេ​ធ្វើ​បែប​នេះ​ ហើយ​ពួកគេ​បាន​និយាយថា ថ្នាក់​លើ​របស់​ពួកគេ​អនុញ្ញាត​ឲ្យ​ពួកគេ​រានព្រៃនេះ​”។​    លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា “ ខ្ញុំ​ពឹង​អាស្រ័យ​ទៅ​លើ​ការ​ប្រមូល​ផ្សិត​ និង​អូស​នៅ​ក្នុង​ព្រៃ​នេះ​។ សកម្មភាព​ទាំង​នេះ​នឹង​ប៉ះ​ពាល់​​ប្រជាជន​ជា​ច្រើន​”។ព្រៃសហគមន៍​ អានដុង​ប័រ​ ស្ថិត​ក្នុង​ចំណោម​សហគមន៍​ទាំង​១៣​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ដែល​រដ្ឋាភិបាល​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​កំពុង​ខិត​ខំ​ដាក់​ចូល​ទៅ​ក្នុង​គម្រោង​កាត់​បន្ថយ​ការ​​ភាយចេញ​នៃ​ឧស្ម័នពី​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រេច​រឹល​នៃព្រៃ​ឈើ​ដែល​អាច​ផ្តល់​ប្រាក់​ចំណូល​ជា​ច្រើន​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ និង​សហគមន៍​មូលដ្ឋាន។

តាម​រយៈការ​ធានាថា ព្រៃ​ទាំង​នេះ​នៅ​តែ​មាន​ ពួកគេ​​សង្ឃឹម​ថា ​នឹង​បាន​ប្រើ​​ព្រៃ​ទាំង​នេះ​សម្រាប់​លក់​ឥណទាន​កាបូន​ ឲ្យ​ក្រុមហ៊ុន​ដែល​មាន​ចិត្ត​ស្រឡាញ់​បរិស្ថាន​នៅ​ក្រៅ​ប្រទេស​និង​ចង់​ប៉ះ​ប៉ូវលើ​ការ​ភាយ​ចេញ​នៅ​ឧស្ម័ន​កាបូន​របស់​ពួកគេ​។គួរឲ្យ​សោក​ស្តាយ​កម្លាំង​យោធពល​ខេមរ​ភូមិន្ទកំពុង​ប្រើ​ប្រាស់​ព្រៃ​ទាំង​នេះ​សម្រាប់​សាង​សង់​ប៉ុស្តិ៍​ជួរ​មុខ​ជា​ច្រើន​ នៅ​បណ្តោយ​​ព្រំ​ដែន​ថៃ​ និង​កំពុង​រាន​ព្រៃ​ជា​ច្រើន​សម្រាប់​គោល​បំណង​នេះ​។

តំណាង​សមាគម​អភិវឌ្ឍន៍​កុមារ​ ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពាក់​ព័ន្ធ​ក្នុង​គម្រោង​កាត់​បន្ថយ​ការ​​ភាយចេញ​នៃ​ឧស្ម័នពី​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រេច​រឹល​នៃព្រៃ​ឈើ និង​សមាគម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ អាដហុក​ បាន​ចុះ​ទៅ​មើល​ទីតាំង​នោះ​ជាមួយ​អ្នក​ភូមិ​កាលពី​ថ្ងៃច័ន្ទ និង​បាន​និយាយ​អំពី​រឿង​នេះ​។ លោក ជន បូរ៉ា តំណាង​សមាគម​​អភិវឌ្ឍន៍​​កុមារ​ថ្លែង​​ថា “ ព្រៃ​សហគមន៍​នេះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្សារ​ ហើយ​មាន​សារៈ​សំខាន់​សម្រាប់​ប្រជាជន​ ពីព្រោះ​ពួកគាត់​ត្រូវ​ការ​ផ្សិត​ និង​អូស​ ហើយ​ជីវភាព​របស់​ពួកគាត់​​អាស្រ័យ​ទៅ​លើ​ព្រៃ​នេះ​”។

លោកវរសេនីយ៍​ទោ​​ ខាត់ សុខា មេ​បញ្ជា​​​ការ​រង​នៅ​កង​ពល​តូច​វិស្វកម្ម​លេខ​៧១៦​នៃ​កង​យោពល​ខេមរភូមិន្ទ​បាន​ឲ្យ​ដឹង​​ថា តំបន់​នេះ​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​លំនៅ​ដ្ឋាន​របស់​ទាហាន​ ហើយ​ទាហាន​បាន​រាន​ព្រៃ​តែ​១០០​ហិកតា​ប៉ុណ្ណោះ។លោក​បាន​​ថ្លែង​ថា “ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ធ្វើ​ការ​សម្រាប់​ជា​ប្រយោជន៍​របស់​ប្រទេស​ជាតិ។ ថ្នាក់​លើ​របស់​ខ្ញុំ​បា​ន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ងារ​នេះ​ ដើម្បី​ឲ្យ​យើង​ត្រៀម​ខ្លួន​សម្រាប់​​សមរ​ភូមិ​”។

អង្គការ​ព្រៃ​សហគមន៍​នានា​ដែល​កំពុង​ខិតខំ​ការពារ​ដើមឈើ​ បាន​លើក​ឡើង​ថា កង​យោធពលខេមរភូមិន្ទ​បាន​កាន់​កាប់​ព្រៃ​ឈើ​ជាច្រើន​ពាន់​ហិកតា​រួច​ទៅ​ហើយ​ នៅ​ក្នុង​ព្រៃ​សហគមន៍​ទាំង​១៣ដែល​ពាក់​ព័ន្ធ​ក្នុង​គម្រោង​​កាត់​បន្ថយ​ការ​​ភាយចេញ​នៃ​ឧស្ម័នពី​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​រេច​រឹល​នៃព្រៃ​ឈើ និង​បារម្ភ​ថា បញ្ហា​នេះ​អាច​នឹង​បណ្តា​ល​ឲ្យគម្រោង​នេះ​ទទួល​បរាជ័យ​ ដោយ​សារ​តែ​អតិថិជន​សំខាន់​ៗ​ខក​ចិត្ត​។ បរិមាណ​ឥណទាន​កាបូន​សម្រាប់​លក់​បាន​ថយ​ចុះ​ ដោយ​សារតែ​សកម្មភាព​រាន​ព្រៃ​។

ក្រុម​ហ៊ុន​ ថេរ៉ា ក្លូប​បល ខេប​ភីថល (Terra Global Capital) ​ដែល​ជាឈ្មួញ​កណ្តាល​នៅ​សហរដ្ឋអាមេរិក​ សម្រាប់​គម្រោង​នេះ​ មិន​ទាន់​លក់​ឥណទាន​បាន​នៅ​ឡើយ​ទេ។

អង្គការ​ ផេក (Pact) ដែល​ជា​អង្គការ​មួយ​ផ្សេង​​ទៀត​ធ្វើការ​ក្នុង​គម្រោង​នេះ​ ក៏​បាន​ឈប់​ផ្តល់​ប្រាក់​សម្រាប់​សកម្មភាព​ដើរ​ល្បាត​​សហគមន៍​ក្នុង​តំបន់​គម្រោង​នេះ​ ដោយ​សារ​តែ​ខ្វះ​មូលនិធិ​។

លោក សារ៉ា ស៊ីត (Sarah Sitts)បាន​មាន​ប្រសាសន៍​ថា “ យើង​ពិត​ជា​សោក​ស្តាយ​ដែល​យើ​ង​មិន​អាច​គាំទ្រ​សកម្មភាព​ល្បាត​ព្រៃ​ ឬ​ក៏​ធ្វើ​សកម្មភាព​ផ្សេងៗទៀត​បាន​ ដោយ​សារ​តែ​បញ្ហា​មូលនិធិ​ក្នុង​ខេត្ត​ឧត្តរ មានជ័យ​ពិត​ជា​មាន​សារៈសំខាន់​”។ លោក​បាន​បន្ត​ថា “ អង្គការ ​ផេក សង្ឃឹម ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ជួយ​ធានា​ថា  ព្រៃ​ដែល​មាន​ប័ណ្ណ​កាន់​កាប់​ព្រៃ​សហគមន៍​​ទាំង​នេះ​ ត្រូវ​បាន​ការពារ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស