28.5 C
Phnom Penh

អតីត​ឯក​អគ្គរាជទូត​​កម្ពុជាទទួល​មរណភាព​ក្នុង​ជន្មាយុ​៦០ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គ្រួសារ​សព​បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា លោក​ ឯក សិរី​វឌ្ឍន៍ ជា​សមាជិក​ដ៏​លេច​ធ្លោ​​ម្នាក់​របស់​គណបក្ស​រាជា​និយម​ ហ៊្វុនស៊ិន​ប៉ិច ដែល​មាន​តួនាទី​ក្នុង​រដ្ឋាភិបាល​ និង​ការ​ទូតអស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​មក​នេះ​បាន​ទទួល​មរណ​ភាព​កាលពី​ថ្ងៃ​អាទិត្យ​ ក្នុង​រាជធានី​ភ្នំពេញ។យោង​តាម​អ្នក​ស្រី ខូវ សាង ជា​ភរិយា​របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក ឯក សិរី​វឌ្ឍន៍​ បាន​ទទួល​មរណភាព​នៅ​ឯ​គេ​ហដ្ឋាន​របស់​លោក​ដោយ​សារ​តែ​គាំង​បេះ​ដូង​ និង​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​រយៈ​ពេល​តែ​​១៨ម៉ោង​ប៉ុណ្ណោះ ដើម្បី​ពិនិត្យ​​រោគ​ដោយ​សារ​បញ្ហា​​សួត។

អ្នក​ស្រី ខូវ សាង បាន​មាន​ប្រសាសន៍​ថា អ្នកការ​ទូត​ដែល​ទទួលការ​​បណ្តុះបណ្តាល​នៅ​ស្រុក​បារាំង​រូបនេះ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា​ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

មុននោះ ​​លោក ឯក សិរីវឌ្ឍន៍ ធ្វើ​ជា​ឯក​អគ្គរាជទូត​របស់​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ចាប់​ពី​ឆ្នាំ​២០០៥ដល់​ឆ្នាំ​២០០៨ និង​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​ហ្វីលីពីន​ចាប់​ពី​ឆ្នាំ​១៩៩៩ដល់​ឆ្នាំ​២០០៣ ។

លោកក៏​បាន​បម្រើការ​ជា​សមាជិក​រដ្ឋ​សភា​ប្រចាំ​ខេត្ត​តាកែវ ចាប់​ពី​ឆ្នាំ​១៩៩៨ដល់​ឆ្នាំ​១៩៩៩។ ក្នុង​ឆ្នាំ​១៩៩៣ លោក​​ត្រូវ​បាន​​តែង​តាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​​រហូត​ដល់​ឆ្នាំ​១៩៩៨​។

រួម​រស់ជាមួ​យ​ភរិយារបស់​លោក​ លោក ឯក សិរីវឌ្ឍ​ន៍ មាន​កូន​ប្រុស​អាយុ​១៣ឆ្នាំ​ម្នាក់​ និង​កូនស្រី អាយុ​១៥ឆ្នាំម្នាក់​៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស