39.4 C
Phnom Penh

សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យប្រទេស​​កម្ពុជា​ទទួល​​ខុស​ត្រូ​វ​​បញ្ហា​សិទ្ធិមនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ចខិត​ខំប្រឹង​ប្រែង​បាន​បន្តទៅទៀត​ កាលពី​ម្សិលមិញ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​ដែល​មាន​សមាជិក​ចំនួន​៤៧របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​ខុស​ត្រូវ​ នៅ​ពេល​​ការ​ធ្វើ​បច្ចុប្បន្នភាព​របស់​ខ្លួន​ចំពោះ​ក្រុម​ប្រឹក្សា​នេះ​ ត្រូវ​បាន​វាយ​តម្លៃ​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​នា​ថ្ងៃ​នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដោយ​ឡែក​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​អង្គការ​តាម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា រដ្ឋសមាជិក​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ថ្កោល​ទោស​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ចំពោះ​ការ​បង្ក្រាប​បាតុកម្ម​ដែល​នាំ​ឲ្យ​មាន​ការ​បាត់​បង់​ជីវិត​ និង​ការ​ដាក់​ពន្ធនាគារ​សកម្មជន​។

លោក ជូ ឡេត ដឺ រីវើរ៉ូ (Juliette de Rivero) នាយក​អង្គការ​តាម​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នៅ​ក្រុង​ហ្សឺណែវ​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋា​ភិបាល​របស់​លោក ហ៊ុន សែន រំលោភ​សិទ្ធិ​មនុស្ស​ដោយ​សារ​ការ​ទប់​ស្កាត់​ដោយ​ហិង្សា​ទៅ​លើ​បក្ស​ប្រឆាំង សហជីព​កម្មករ​ សកម្ម​ជន និង​អ្នក​ផ្សេង​ទៀត​មិន​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​ទាម​ទារ​ការ​ផ្លាស់​ប្តូរ​នយោបាយ​”។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​សហការ​ជាមួយ​អង្គការ​សិទ្ធិមនុស្ស​បី​ទៀត​បាន​ឲ្យ​ដឹង​ថា “ ប្រទេស​នានា​នៅ​ឯក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​គួរ​តែ​ថ្កោល​ទោស​ការ​បង្ក្រាប​ដ៏​ព្រៃ​ផ្សៃនេះ​ និង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើការ​កែទម្រង់​ឲ្យ​បាន​ប្រាកដ​ប្រជា​។ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​កាន់​តែ​ទ្រុឌទ្រោម​គួរ​ឲ្យ​កត់​សម្គាល់​ចាប់​តំាង​ពី​ឆ្នាំ​២០០៩មក​” ដែល​ពេល​នោះខ្លួន​បាន​ចូ​ល​រួម​ចុង​ក្រោយ​ក្នុង​ដំណើរការ​ពិនិត្យ​ស្ថាន​ភាព​សិទ្ធិមនុស្ស​ជា​សាកល​។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ដំណើរការ​មាន​ប្រសិទ្ធភាព​ “ សហគមន៍​អន្តរជាតិ​ត្រូវ​តែ​អនុវត្ត​តាមអនុសាសន៍​របស់​​ខ្លួន​” ចំពោះ​កម្ពុជា​៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស