30.4 C
Phnom Penh

មនុស្សបីនាក់​​​រង​​​របួស​​​បន្ទាប់ពីមាន​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​បុក ហើយ​​​រត់​​​ និងបាញ់អ្នកបង្កហេតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​និយាយកាល​ពីម្សិលមិ​ញ​ថា មនុស្ស​បីនាក់​បាន​រង​របួស​កាល​ពីយប់​ថ្ងៃ​ពុធ​ នៅពេល​ដែល​រថយន្ត​ម៉ាក​ ហៃលែនឌ័រមួយ​គ្រឿង​បាន​បុក​ម៉ូតូមួ​យនៅក្នុងខណ្ឌ​ចំការ​មន​ក្រុង​​ភ្នំពេញ​​ ហើយ​បន្ទាប់មក​​​អ្នក​ឃើញ​ហេតុ​ការណ៍​ម្នាក់​ដែល​កំពុង​ជិះ​រថយន្ត​ម៉ាក លុច​ស៊ីស បាន​ដេញ​តាម​ និង​បាន​បាញ់​រថយន្ត​ម៉ាក​ ហៃលែនឌ័រ​នោះ​មួយគ្រាប់​ធ្វើ​ឲ្យអ្នក​បើក​បរ​រង​របួស​មុន​ពេល​គេច​ខ្លួន​។

យោង​តាម​លោក ចេវ ហាក់ ប្រធាន​នគរ​បាល​ចរាចរ​រាជធានីភ្នំពេញ​បាន​ឲ្យដឹង​ថា មុន​ពាក់​កណ្តាល​អធ្រាត្រ​បន្តិច​​ រថយន្ត​ម៉ាក​ហៃ​លែន​ឌ័រ នោះ​បាន​​បុក​ម៉ូតូ​មួយគ្រឿង​ដែល​ដឹក​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​បាយ័ននៅក្នុង​សង្កាត់​ទួលស្វាយ​ព្រៃ​១​។ បុរស​ទាំង​ពីរ​នាក់​បាន​​ដួល​​ទៅ​លើ​ដី​ក្នុងការ​បុក​នេះ​ ប៉ុន្តែ ម៉ូតូ​នោះ​បាន​ជាប់​នៅពីក្រោម​រថយន្ត​ហៃ​លែន​ឌ័រ ហើយ​បាន​អូស​ទៅដល់​ខណ្ឌ​ទួល​គោក។ លោក ហាក់​ បាន​និយាយថា “ ជន​សង្ស័យ​បើក​បរ​យ៉ាង​លឿន​ ប៉ុន្តែ គាត់​មិន​ស្រវឹង​ស្រា​ទេ​។ គេ​ប៉ុន​ប៉ង​បុក​ហើយ​រត់​ ប៉ុន្តែ ពួកគេ​បាន​អូស​ម៉ូតូ​របស់​ជន​រង​គ្រោះ​រហូត​ទៅដល់​​សង្កាត់​ផ្សារ​ដេប៉ូ​១​ នៅក្នុងខណ្ឌ​ទួល​គោក​”។

សាក្សី​ដែល​ជិះ​រថយន្ត​លុច​ស៊ីស​នោះ​បាន​ដេញ​តាម​រថយន្ត​ហៃ​លែន​ឌ័រ និង​បាន​បាញ់​កាំភ្លើង​ពីរគ្រាប់​ មួយគ្រាប់​បាញ់​ឡើង​លើ​ និង​មួយ​គ្រាប់​ទៀត​​បាញ់​តាម​ទ្វារ​ចំហៀង​​របស់​​អ្នក​បើក​បរ​នោះ​ធ្វើ​ឲ្យ​ត្រូ​វចំ​ជើង​អ្នក​បើក​បរ​ ហើយ​បាន​​បើ​ក​បង្ហួស​ទៅមុខ​រថ​យន្ត​ហៃលែន​ឌ័រ​នោះ​ទៅ  ហើយ​​រថយន្ត​ហៃ​លែន​ឌ័រ​ បាន​ឈប់​នៅ​ជិត​ផ្សារ​ដេប៉ូ​។លោក​ ហាក់​ បាន​និយាយ​ថា បន្ទាប់​មក​​អ្នក​បើក​បរ​​រថយន្ត​ហៃ​លែន​ឌ័រ​​បាន​ទូរស័ព្ទ​ហៅ​មិត្ត​ភក្តិ​ដែល​បាន​មក​ដល់​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​ ហើយ​​បាន​ទាញ​ជន​សង្ស័យ​ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​បើក​ចេញ​ទៅបាត់​។

លោក ហាក់​ បាន​និយាយ​ថា អ្នក​បើក​បរ​រថយន្ត​លុចស៊ីស ដែល​គេ​មិន​ស្គាល់​នេះ​បាន​​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាម បន្ទាប់​ពី​​បាន​ធ្វើ​ឲ្យរថយន្ត​ហៃលែនឌ័រ​ឈប់​។ គាត់​មិន​បានចុះចេញពី​រថយន្ត​របស់​គាត់​ទេ​ ហើយ​គេ​ក៏មិន​បាន​​ស្គាល់​ឈ្មោះ​គាត់​ដែរ។លោក ហាក់​ បាន​ឲ្យដឹង​ថា បន្ទាប់​ម​ក​នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​ទុក​រថយន្ត​ម៉ាក​ហៃ​លែន​ឌ័រ ប៉ុន្តែ លោក​មិន​​បាន​​បញ្ជាក់​ថា ​មាន​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់ ឬ​អត់​នោះ​ទេ​ ពីព្រោះលោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក​​កំណើត​នៅថ្ងៃ​បុណ្យ​ចូល​ឆ្នាំចិន​។

លោក​ ស្តើង​ សារិទ្ធ នាយ​ប៉ុស្តិ៍​នគរបាល​​សង្កាត់​ផ្សារ​ដេប៉ូ​១​ក៏បាន​និយាយ​ដែរ​​ថា លោក​មិន​ដឹង​ថា មាន​ការ​ចាប់ខ្លួន​សង្ស័យ​ណា​​ ឬ​អត់​ទេ​។ លោក ហួត ឃាងវេង អគ្គនាយក​រង​ទូរ​​ទស្សន៍​បាយ័ន​បញ្ជាក់ថា បុគ្គលិក​របស់​លោក​ម្នាក់​បាន​រង​របួស​នៅក្នុង​​ការ​បុក​ហើយ​​រត់​នេះ ប៉ុន្តែ លោក​មិនបាន​ប្រាប់​ឈ្មោះ​ពេញ​របស់​អ្នក​រង​របួស​រូប​នេះ​ទេ​។ លោក ឃាង​វេង  បា​ន​និយាយថា “ លោក​សុខា គឺជា​អ្នក​យក​ព័ត៌មាន​ហាត់​ការ​នៅ​ទូរទស្ស​ន៍​បាយ័ន​ ហើយ​គាត់​បាន​រង​របួស​ក្បាល​ ប៉ុន្តែ មិន​ធ្ងន់​ទេ”៕គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស