29.6 C
Phnom Penh

ប្រេ​សិត​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា​បន្ទាប់​ពី​អ្នក​តវ៉ា​​ស្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ម៉ៃ​ណា ​គីអៃ (Maina Kiai) ប្រេសិត​​​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រមូល​​ផ្តុំ​ និង​ការ​​ជួប​​ជុំ​​​​​ដោយ​សន្តិវិធី​ បាន​ចាប់​ផ្តើម​ការបំពេញ​ទស្សន​​​​កិច្ច​ក្រៅ​ផ្លូវ​ការ​ចំនួន​បីថ្ងៃ​នៅ​ក្នុង​ប្រទេស​​​​​កម្ពុជា​​​កាល​ពី​ម្សិលមិញ​ ពោល​គឺ​ត្រឹម​​​​​​តែ​​​មួយ​ខែ​​​ប៉ុណ្ណោះ​បន្ទាប់​ពី​កង​រាជ​អាវុធ​ហត្ថ​បា​ញ់​​​សម្លាប់​អ្នក​តវ៉ា​ចំនួន​ប្រាំនាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​បន្ទាប់​ពី​រដា្ឋ​ភិបាល​​បាន​ចេញបម្រាម​​ហាម​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ជា​សា​ធារ​ណៈ​។

លោក គីអៃ​ ដែល​ក៏​ជា​មេធាវី​ជនជាតិ​កេន​យ៉ា​ មួយ​រូប​ផង​ដែរ​​នោះ​ មាន​ភារកិច្ច​ឃ្លាំ​​មើល​​​​​​នឹង​ធ្វើ​សេចក្តី​រាយ​ការណ៍​ស្តី​អំពី​សិទ្ធិ​ជួប​​ជុំ​ ហើយ​​នឹង​ជួប​ពិភា​ក្សា​ជាមួយ​​មេ​ដឹក​នាំ​សហ​​​ជីព​ និង​​​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំឡុង​​​ពេល​បំពេញ​​​ទស្សនកិច្ច​​របស់លោក​ ដែល​ត្រូវ​បាន​រៀប​​ចំ​ដោយ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធ​មនុ​ស្ស ​និង​​​​​ការ​អភិវឌ្ឍន៍ (Asian Forum  for Human Rights ​and Development) ​ដែល​មាន​មូល​ដ្ឋាន​​នៅ​​ទី​ក្រុង​បាង​កក​។

កាល​ពី​ម្សិល​មិញ​ លោក​ គី​អៃ​ បាន​បដិ​សេធ​​​​​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ​អំឡុង​ពេល​លោក​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​​សម្ព័ន្ធស​​ហជីព​​ប្រជា​ធិបតេយ្យ​កម្ម​ករ​កាត់​ដេរ​កម្ពុជា​ (​ស៊ី​ខៅ​ឌូ​) នៅ​ក្នុងខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​ ជា​​​​កន្លែង​ដែល​លោក​បា​ន​ជួប​ពិភាក្សា​ជាមួយ​លោក អាត់​ ធន់​ ប្រធាន​សហជីព​នេះ​។

លោក​ អាត់​ ធន់​ ​​​លើក​ឡើង​តាម​ក្រោយ​​​​​​​​តាម​​ទូរស័ព្ទ​ថា  ការ​ជួប​ពិភាក្សា​ដែល​​មាន​​រយៈ​ពេល​ប្រហែល​ពីរ​ម៉ោង​នេះ ​​​​​ ទទួល​​លទ្ធ​ផល​ជា​​​ផ្លែ​ផ្កា​។ លោក​បាន​មា​ន​ប្រសាសន៍​ថា “យើង​ បាន​​ពិភាក្សា​គ្នា​ពីសិទ្ធិសេរី​ភាព​នៃ​ការ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អំពី​សិទ្ធិ​រៀបចំ​ និង​សិទ្ធិ​ចូល​​​រួម​ជាមួយ​សហ​ជីព​ ហើយ​យើង​បា​ន​ពន្យល់​​លោក​អំពី​ស្ថាន​ភាព​ក្នុង​ពេល​ថ្មីៗ​”។ លោក​បាន​​​បន្ត​ថា ​“ប្រេសិត​ពិ​សេស​រូប​នេះ​ក៏​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សព្វ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុ​ជា​​ ហើយ​លោកក៏​​បាន​ជូន​ពរ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​នៅក្នុង​ការ​តស៊ូ​របស់​យើង​ផង​ដែរ​”។

យោង​តាម​​ទ្វីតធើ​ និង​​ហ្វេសប៊ុកផ្លូវ​ការ​​របស់​លោក​ បាន​ឲ្យ​ដឹង​ថា លោក ​គីអៃ​ បាន​តាម​​​​​​ដាន​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ប៉ុន្មាន​សប្តាហ៍មុន​ជាប់​រហូត​ ដោយ​លោក​​​​បាន​ចាត់​ទុក​ថ្ងៃ​ទី​៣​ ខែ​មករា​ថា ជា​ថ្ងៃ​បង្ក្រាបដ៏​ហិង្សា​​លើ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ ដោយ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​ប្រាំ​​នាក់​ស្លាប់​ និង​ជាង​៤០នាក់​ផ្សេង​ទៀត​រង​របួស​​​ដោយ​សារ​ស្នាដៃ​របស់​កង​រាជ​អាវុធ​ហត្ថ​។

នៅ​​ថ្ងៃ​សុក្រ​ គេ​រំពឹ​ងថា​ លោក គីអៃ​ នឹង​ចុះ​​​ទៅ​សហ​គមន៍​បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​ ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​រង​ការ​បណ្តេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​បំផុត​មួយ​ចំនួន​​​ក្នុង​ប្រទេស​កម្ពុជា​ និង​ជា​កន្លែង​ដែល​សកម្ម​ជន​ប្រឆាំង​ការ​បណ្តេញចេញ​ផ្ទុះ​កំហឹង​​​ប្រឆាំង​​​នឹង​រដ្ឋាភិបាលដែល​ដឹក​នាំ​គណ​​បក្ស​ប្រជា​ជន​​​​កម្ពុជា​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​  ដែល​សហគមន៍​បាន​រិះ​គន់​ថា ជួយ​សម្រប​សម្រួល​ឲ្យ​មាន​ការបណ្តេញ​ចេញ​ដើម្បី​​ផល​ប្រយោជ​ន៍​ផ្ទាល់​ខ្លួន​។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យ​លើក​ឡើង​ថា លោក​គោរព​តាម​ជម្រើស​របស់​លោក​ គីអៃ​ ដែល​មក​​​ប្រទេស​កម្ពុជា​ដើម្បី​សិក្សា​ពី​ការ​ពិត​ដោយ​​រូប​លោក​ផ្ទាល់​ និង​​ដើម្បី​មើល​ឃើញ​រឿង​រ៉ាវ​ជាក់​ស្តែង​របស់​ប្រជា​ពល​រដ្ឋ​”។ លោក​ ផៃ​ ស៊ី​ផាន​ ក៏​បាន​លើក​ឡើង​ដែរ​ថា លោក​ គីអៃ​ គួរ​តែ​បាន​មក​បំពេញ​ទស្សន​​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​​មុន​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “[អ្នក​តវ៉ា]​ បាន​បិទ​ផ្លូវ​ និង​រោង​ចក្រ​ ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​​ទ្រព្យ​ឯកជន​ព្រម​​ទាំង​បាន​បង្ខំ​កម្មករ​រោង​ចក្រ​​​កាត់​ដេរ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​ផង​ដែរ។ ខ្ញុំ​សោក​ស្តាយ​ណាស់​ ដែល​លោក​មិន​បាន​នៅ​​ទី​នេះ​​​មុន​ពេល​​បញ្ហា​​ទាំង​នេះ​កើត​ឡើង​”។ មន្ត្រី​រដ្ឋាភិបាល​បាន​លើក​ថា បាតុករ​ដែល​​​ស្លាប់​ទាំង​ប្រាំ​នាក់​នោះ​ គឺ​ស្លាប់​ដោយ​សារ​តែ​​​ទង្វើ​របស់​ខ្លួន​ឯង​ រីឯអង្គការ​សិទ្ធិ​មនុស្ស​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ សុទ្ធ​តែ​បាន​ស្តី​បន្ទោស​​​លើ​កង​រាជ​អាវុធ​ហត្ថ​ និង​សកម្មភាព​ប្រើ​កម្លាំ​ង​​​​​ហួស​ហេតុ​ប្រឆាំង​បាតុករ​គប់​ដុំ​ថ្ម​ ដោយ​​បណ្តាល​​​​​ឲ្យ​មាន​អ្នក​តវ៉ាស្លាប់​៕​ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស