38.8 C
Phnom Penh

មនុស្ស​​បី​នាក់​ត្រូវ​ផ្តន្ទាទោសពី​បទ​ជាប់​ទាក់​ទិន​ការ​ប៉ះទង្គិច​គ្នា​ជា​មួយ​នគរបាល​លើ​​ស្ពាន​ព្រះ​មុនីវង្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​ផ្តន្ទាទោស​ជន​សង្ស័យ​បី​នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​ប្រាំ​មួយ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ជាប់ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នាកាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ នៅ​លើ​ស្ពាន​ព្រះ​​​មុនី​​​​វង្ស​រវាង​នគរបាល​និង​យុវជន​គប់​ដុំ​ថ្ម​ដែល​អំឡុង​ពេល​នោះ​មាន​​បុរស​ម្នាក់​បាន​ស្លាប់​និង​មនុស្ស​មួយ​ចំនួន​ទៀត​របួស​ដោយ​ការ​បាញ់​ប្រហារ​របស់​នគរបាល​។

នៅ​ពេល​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ចៅ​ក្រម​ សេង​ នាង​ បាន​លើក​ឡើង​ថា​ ចុង​ចោទ​​​​​ចំនួន​បី​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ពិរុទ្ធ​​​ភាព​​​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​និង​ពី​បទ​មាន​បំណង​បង្ក​ការ​ខូច​ខាត​ដោយ​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​។​

តែ​ទោះ​ជា​យ៉ាង​ណា​ ចៅ​ក្រម​ សេង​ នាង​​ បាន​បន្ធូរ​បន្ថយ​ទោស​ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​បី​ ហើយ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ចុង​ចោទ​បី​នាក់​ផ្សេង​ទៀត​​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​តុលា​ការ​ដែរនោះ ពោល​គឺ​មាន​ន័យ​ថា មាន​តែ​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ជាប់ពន្ធនាគារ​។

ចៅ​ក្រម​ សេង​ នា​ង​ បាន​មាន​ប្រសាសន៍​ថា​ “ តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ ង្វៀន​ ទីតេក​ អាយុ​២០​ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​បី​ឆ្នាំ​ ប៉ុន្តែ​ជន​នេះ​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​ទោស​ជាប់​​​ពន្ធនាគា​រ​ពីរ​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ​”។

ចៅ​ក្រម​ សេង​ នាង​ បាន​បន្ថែម​ថា​ “ឡាញ​​់​ សាមឿន​ អាយុ​១៩​ឆ្នាំ​ និង​ វ៉ា នឿន​ អាយុ​៤០​​ឆ្នាំ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​បី​ឆ្នាំ​ដែរ​ ប៉ុន្តែ​ពួក​គេ​​ត្រូវ​បាន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​អស់​រយៈពេល​៣៧​ថ្ងៃ​រួច​មក​ហើយ ​មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា ហេតុ​ដូច្នេះ​​​ទោស​ដែល​នៅ​សល់​​ត្រូវ​បាន​ព្យួរ​”។​

លោក​ចៅ​ក្រម​បាន​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​ថា “ តុលាការ​បានសម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​មនុស្ស​បី​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរបាល​ក្បែរ​ស្ពាន​ព្រះ​មុនីវង្ស​។ ឯក​ ចាន់នូ​ អាយុ​១៧​ឆ្នាំ តាំង ចុង​សេង​ អាយុ​១៩​ឆ្នាំ និង​ សុង​ និស្ស័យ​​ អាយុ​២១​ឆ្នាំ​ សុទ្ធ​តែ​​​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​”។

លោក​ យិន​ សាវ៉ាត​ មេធាវី​តំណាង​ចុង​ចោទ​​​​​ទាំង​ប្រាំ​មួយ​នាក់​បាន​លើក​ឡើង​ថា​ លោក​​ខក​​​​ចិត្ត​​យ៉ាង​​ខ្លាំ​​ង​​ចំពោះ​សាល​ក្រម​​ ហើយ​លោក​​​​បាន​អះ​​អាង​ថា កូន​ក្តី​របស់​លោក​មិន​ជាប់​ពាក់​​ព័ន្ធ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​លើ​ស្ពាន​នៅ​យប់​នោះ​ឡើយ​។ លោក​ សាវ៉ាត​ បាន​ឲ្យ​ដឹង​ថា​​ លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​​​​​ថា តើ​ត្រូវ​ប្តឹងឧទ្ធរណ៍ ឬក៏​អត់។

ការ​ប៉ះ​ទង្គិច​គ្នា​​ដែល​បាន​ធ្វើ​ឲ្យ​នគរបាល​បាញ់​ស្លាប់​អ្នក​ឈរ​តាម​ផ្លូវ​ម្នាក់​ឈ្មោះ​ ម៉ៅ សុខចាន់​ បាន​កើត​ឡើង​នៅ​ពេល​បញ្ចប់​​ថ្ងៃ​ ទី​១​នៃ​មហា​បាតុកម្ម​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​រយៈពេល​បី​ថ្ងៃ​ ដើម្បី​ប្រឆាំង​នឹង​​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន​។

បន្ទាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ ត្រូវ​បាន​បិទ​ដោយ​របាំង​របស់​នគរបាល​នៅ​ពេល​នោះ​មាន​ការ​​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​ប៉ះ​ទង្គិច​បាន​ផ្ទុះ​ឡើង​រវាង​យុវជន​គប់​ដុំ​ថ្ម​និង​នគរបាល​បង្ក្រាប​កុបកម្ម​ប្រដាប់​ដោយ​អាវុធ​ និង​កង​រាជ​អាវុធ​ហត្ថ​។

បន្ថែ​ម​ពីលើ​ការ​ស្លាប់​របស់​ ម៉ៅ សុខចាន់​ដែល​ត្រូវ​គ្រាប់​ចំ​ក្បាល​ស្លាប់​ មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​រង​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​របស់​នគរបាល​ដែរ​។

នគរបា​ល​បាន​អះ​អាង​ថា​ ខ្លួន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ដោ​យ​មន្ត្រី​របស់​ខ្លួន​ ប៉ុន្តែ​លទ្ធផល​ដែល​បាន​មក​ពី​ការ​ស៊ើប​អង្កេតនៅ​មិន​ទាន់​អាច​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។

លោក អំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​ បាន​លើក​ឡើង​ថា លោក​ជឿជាក់​ថា មនុស្ស​គ្មាន​ទោស​ កំហុស​ចំនួន​បី​នាក់​ បាន​បង់​ប្រាក់​សម្រាប​​​​់​បទ​ល្មើស​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ រីឯ​នគរ​បាល​ដែល​សម្លាប់​និង​ធ្វើ​របួស​អ្នក​ឈរ​តាម​ផ្លូវ​វិញ​មិន​ត្រូវ​បាន​ចាប់​មក​ផ្តន្ទាទោស​ឡើយ​។

លោក​ អំ សំអាត បាន​មាន​ប្រសាសន៍​ថា “យើង​សោក​ស្តាយ​ណាស់​ដែល​តុលាការ​បាន​ផ្តន្ទាទោស​ចំនួន​បី​នាក់​។ យើង​បាន​ឃើញ​​​ [កង​សន្តិសុខ​] និង​កង​រង​អាវុធ​ហត្ថ​​បាញ់​ប្រហារ​​ ធ្វើ​ស្លាប់​និង​ធ្វើ​របួស​មនុស្ស  ​ប៉ុន្តែពួក​គេ​​មិន​ដែល​ត្រូវ​បា​ន​ផ្តន្ទា​ទោស​ឡើយ​។ នេះ​​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេ​ស​កម្ពុជា​នៅ​តែ​មាន​និទណ្ឌភាព​និង​វប្ប​ធម៌​នៃ​ការ​ប្រើ​អំពើ​ហិង្សា”៕​ស៊ុយឈាង​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស