28 C
Phnom Penh

សេចក្តី​ព្រាង​ច្បាប់​​ឧត្តម​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដាក់​កម្រិត​អំណាច​របស់​ព្រះ​មហាក្សត្រ​លើ​អង្គ​ចៅ​ក្រម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​េសចក្តី​ដក​ស្រង់​ពី​ឯកសារ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពីឧត្តម​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ​បាន​​​បង្ហាញ​ថា សេចក្តី​ព្រាង​ច្បាប់​​ដែល​ត្រូវ​បាន​រង់​ចាំ​ជាយូរ​មក​ហើយ​នេះ នៅ​តែ​បន្ត​អនុវត្ត​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​ និង​ផ្តល់​អំណាច​សំខាន់​ៗ​ទៅ​លោក អង្គ វង្ស​វឌ្ឍ​នា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ក៏​ប៉ុន្តែ​ សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​កាត់​បន្ថយ​អំណាច​របស់​ព្រះ​មហាក្សត្រ​ នរោត្តម សីហមុនី ប្រសិន​បើ​ត្រូវ​បាន​អនុម័ត​តាម​រូប​មន្ត​បច្ចុប្បន្ន​។


សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​ដែល​មាន៣៩​មាត្រា​នេះ ផ្តល់​អំណាច​កាន់​តែ​ច្រើន​ដល់ក្រុម​ប្រឹក្សា​ដែល​មាន​សមាជិក​ប្រាំពី​ររូប​ ដឹក​នាំ​ដោយ​ព្រះ​មហាក្សត្រ​ ដើម្បី​តែង​តាំង​ និង​ដក​ចៅក្រម​ និង​ព្រះ​រាជអាជ្ញា​ ពី​មុខ​តំណែង​នៅ​ក្នុងអង្គចៅ​ក្រម​​។

ទោះ​បី​ជាយ៉ាង​ណា​ លោក សុខ សំអឿន ​នាយក​ប្រតិបត្តិ​​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​ដែល​ជា​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​​មួយ​ បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​អាន​សេចក្តី​ដក​ស្រង់​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ លោកយល់​ឃើញ​ថា វា​ហាក់​ដូច​ជា​ មាន​បំណងដាក់​កម្រិត​លើ​តួនាទី​ផ្នែក​យុត្តិធម៌​របស់​ព្រ​ះ​មហាក្សត្រ​ ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​​អំណាច​កាន់​តែ​ច្រើន​ រួម​ទាំង​សិទ្ធិ​កោះ​ហៅ​ប្រជុំ​ក្រុម​ប្រឹក្សា​ផង​ដែរ។

លោកបាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ ខ្ញុំ​គិត​ថា ច្បាប់​នេះ​មិន អនុញ្ញាត​ឲ្យ​ព្រះ​មហា​ក្សត្រ​ពាក់​ព័ន្ធ​ក្នុងសេចក្តី​សម្រេច​របស់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​ទេ​”។លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ព្រះ​មហាក្សត្រ​គឺ​ជា​អ្នក​ធានា​​ឯក​រាជ​ភាព​របស់​អង្គ​ចៅក្រម​ ក៏​ប៉ុន្តែ​ នៅ​ក្នុង​ច្បាប​់​នេះ​ព្រះ​មហាក្សត្រ​គ្រាន់​តែ​ជានិមិត្ត​រូប​​ដែល​មិន​អាច​សម្រេច​ចិត្ត​បាន​។ ដូច្នេះ​ វា​មិន​សម​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ទេ។ គួរ​តែ​ព្រះ​អង្គ​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​សម្រេច​ចិត្ត​ផង​ដែរ​”។

មាត្រា​១១​ដែល​សំដៅ​ទៅ​លើ​ការ​អនុវត្ត​​ដូច​សព្វ​ដង​តាំង​ពី​ឆ្នាំ​១៩៩៤មក​នោះ ​ចែង​ថា “ ការ​សម្រេច​ចិត្ត​របស់​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅ​ក្រម​​ចាត់​ទុក​ជា​ផ្លូវ​ការ ​លុះ​ត្រា​តែ​មាន​សំឡេង​យ៉ាង​តិច​ប្រាំ​ពីរ​ដែល​ត្រូវ​បាន​អនុម័ត​​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សម្ងាត់​”។ មាត្រា​នេះ​បន្ថែម​ថា “ ព្រះ​មហាក្សត្រ​ ដែល​ជា​ប្រធាន​​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​​ មិន​ចូលរួម​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​អំពី​ឧត្តម​ក្រុម​ប្រឹក្សាអង្គ​ចៅក្រម​នេះទេ”។

មាត្រា ១១ ចែង​ថា “ ក្នុង​ករណី​បន្ទាន់​មួយ​ស្នើ​ដោយ​សមាជិក​ប្រាំពីរ​រូបនៃ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រមនេះ​ សេចក្ដី​សម្រេច​របស់​​ឧត្តម​ក្រុម​ប្រឹក្សា​អង្គចៅក្រម​អាច​ឆ្លង​តាម​រយៈ​ការ​បោះ​ឆ្នោត​​ជា​ប្រយោល​ និង​សម្ងាត់” ។​ មាត្រា​នេះ​បន្ថែមទៀត​​ថា រដ្ឋ​​​មន្ត្រី​​​​​​​ក្រសួង​យុត្តិធម៌​ត្រូ​វ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធានា​​ការ​​អនុវត្ត​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​នេះ​។

យោងតាម​មាត្រា​១៣ ឲ្យ​ដឹ​ងថា រាជ​ក្រឹត្យ​​​ត្រូវ​តែ​​ត្រូវ​បាន​ស្នើ​ឡើង​ និង​ព្រាង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​ពេល​នោះ​គួរ​តែ​បញ្ជូន​រាជក្រឹត្យ​ទាំង​នេះ​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​សម្រេច​។

ច្បាប់​ស្ដីពី​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម​នេះ​ ជា​ផ្នែក​មួយ​នៃ​ច្បាប់​ទាំង​បី​ដែល​គេ​រង់​​​​ចាំ​​​ជាយូរ​ម​ក​ហើយ​តម្រូវ​តាម​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​ចង់​ឲ្យ​បង្កើត​​ប្រព័ន្ធ​យុត្តិធម៌ ប្រកប​ដោយ​តម្លា​ភាព​ និង​ឯករាជភាព​បន្ថែម​ទៀត​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស