29.6 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ៖ អធិការ​និង​អធិការ​រង​ស្រុក​លួច​និង​កំហែង​ប្រាក់​តាម​មធ្យោបាយ​ជា​ច្រើន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្ហាញ​​​​​ថា​​ អធិការ​នគរបាល​ស្រុក​​និង​អធិការ​រង​ស្រុក​​នៅ​ក្នុង​ខេត្ត​កំពត​ដែល​ត្រូវ​បាន​​​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ រក​ប្រាក់​បាន​ជាង​៦៤.០០០​​ដុល្លារ​ពី​ការ​កឹប​កេង​ ស៊ី​សំណូក​និង​កាត់​យក​ប្រាក់​ខែ​មន្ត្រី​ក្រោម​ឱវាទ​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​​​​​ឡើង​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​ ស្រ៊ុន​ ឡាំ​ អធិការ​​​​នគរបាល​ស្រុក​បន្ទាយ​មាស​ និង​លោក​ ម៉ក់​ ហួត​​ អធិការ​រង​ស្រុក​​ បាន​កាត់​យក​ប្រាក់​ខែ​ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​​ យក​ប្រាក់​ខែ​មន្ត្រី​ដែល​ឈប់​ធ្វើ​ការ​ជា​នគរបាល​ដាក់​ក្នុង​ហោ​ប៉ៅ​​ កំហែង​យក​ប្រាក់​ពី​នគរ​បាល​ចរាចរ​និង​ឈ្មួញ​ស្រូវនិង​ទទួល​សំណូក​ពី​ជន​ប្រព្រឹត្ត​​បទល្មើស​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ជូន​សំណុំ​រឿង​របស់​ពួកគេ​ទៅ​កាន់​តុលាការ​។

យោង​តាមអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​បាន​ប៉ាន់​ប្រមាណ​ថា ជាង​ប្រាំមួយ​ឆ្នាំ​កន្លង​មក​នេះ​​ លោក​ ស្រ៊ុន​ ឡាំ និង​លោក​ ម៉ក់​ ហួត​ បាន​​កំហែង​និង​​លួច​យក​ប្រាក់​បាន​សរុប​​៦៤,៣៦០​ដុល្លារ​។ សេចក្តី​ថ្លែង​ការ​ណ៍​របស់​អង្គភាព​នេះ​មាន​​ខ្លឹម​សារ​ដូច្នេះថា​ “ លទ្ធផល​នៃ​ការ​ស៊ើប​​​អង្កេត​របស់​យើង​បង្ហាញ​ថា លោក​ ស្រ៊ុន ឡាំ​ និង​ថ្នាក់​ក្រោម​របស់​លោក​ទទួល​​បាន​ប្រាក់​ប្រហែល​​២៥៧​.៤៤១​.២៣៥​រៀល​ [៦៤.៣៦០ដុល្លារ​]”។អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​លើក​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​​របស់​ខ្លួន​ថា “ [ពួក​គេ​] ទទួល​សំណូក​ពី​មេ​ខ្លោង​​ល្បែង​ស៊ីសង​និង​ពី​ជន​ល្មើស​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ជូន​សំណុំរឿង​របស់​ពួក​គេ​ទៅ​កាន់​តុលាការ​”។

កាល​ពី​ថ្ងៃ​អាទិត្យ​ លោក​ ឱម​ យ៉ិន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​ថា​ មន្ត្រី​នគរបាល​ស្រុក​បន្ទាយ​មាស​ប្រហែល​៨០​ភាគរយ​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អធិការ​និង​អធិការ​រង​របស់​ខ្លួន​ ហើយ​បាន​ជួយ​ផ្តល់​ភ័ស្តុតាង​ដាក់​បន្ទុក​លើ​ពួក​គេ​ទាំង​ពីរ​។ លោក​ ឱម យ៉ិន​ទៀង​ មាន​ប្រសាស​ន៍​​ថា “ ខណៈ​​​សំណុំ​រឿង​នេះ​កំពុង​ដំណើរ​ការ​ទៅ​មុខ​​​ គាត់ [លោកឡាំ] បាន​ស្នើ​ឲ្យ​បញ្ជាក់ពី​​អត្ត​សញ្ញា​ណ​របស់​អ្នក​ដែល​ប្តឹងគាត់​ឲ្យ​បាន​​​ច្បាស់​ ហេតុដូច្នេះ​គាត់​អាច​បណ្តេញ​ពួក​គេ​ចោល”។

លោក​ ស្រ៊ុន ឡាំ​ ក៏​បាន​ព្យាយាម​អញ្ជើញ​លោក​ ឱម​ យ៉ិន​ទៀង​ ឲ្យ​មក​ទទួល​ទាន​​អាហារ​​ពេល​​​ល្ងាច​រួម​គ្នា​ផង​ដែរ​ ខណៈ​លោក​កំពុង​ត្រូវ​បាន​គេ​ស៊ើប​អង្កេត។

លោក​ ឱម​ យ៉ិន​ទៀង បាន​មាន​ប្រសាស​ន៍​ថា “​ វាគឺ​ជា​ជម្លោះ​ផល​ប្រយោជន៍​” ។ លោក​​បាន​ហៅ​ទូរស័ព្ទ​ទៅ​អធិការ​ស្រុក​រូប​នេះ​ម្តង​ទៀត​ ដោយ​ប្រាប់​ថា “ ខ្ញុំ​កំពុង​ស៊ើប​អង្កេត​លោក​ឯង​។​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ទៅ​ជួប​លោក​​​ឯង​​នៅ​កន្លែង​មួយ​ក្រៅ​បន្ទប់​សាក​សួរ​ទៅ​វិញ​? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ចេញ​ទៅ​ក្រៅ​​ទទួល​ទាន​អាហារ​ជាមួយ​លោក​ឯង​?”។
លោក​ ឱម​ យ៉ិន​ទៀង​ បាន​លើក​ឡើង​ថា លោក​បាន​ច្រាន​ចោល​ការ​អញ្ជើញ​ឲ្យ​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​​មួយ​ពេល​នេះ​។

កាល​ពី​សប្តាហ៍​មុន សាលា​ដំបូង​ខេត្ត​កំពត បាន​ចោទ​ប្រកាន់​មន្ត្រី​នគរ​បាល​ទាំង​ពីរ​រូប​នេះ​​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ចំនួន​ប្រាំពីរ​ករណី​។ ប្រសិន​បើ​រក​ឃើញថា​មាន​ទោស​កំហុស​ ពួក​គេ​នឹង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​ប្រាំបួន​ឆ្នាំ​។ លោក ​ស៊្រុន​ ឡាំ​ និង​លោក ម៉ក់​ ហួត​ កំពុង​ត្រូវបាន​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស