32.5 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បញ្ជាក់​ថា ចៅក្រម​ត្រូវ​ពន្យល់​ពី​​មូល​ហេតុ​គាំទ្រ​ការ​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អង្គ វង្សវឌ្ឍានា បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ឥឡូវ​នេះ​ចៅក្រម​ត្រូវ​បាន​តម្រូវ​ឲ្យ​សរសេរ​សេចក្តី​ពន្យល់​ពី​មូល​ហេតុ​ឲ្យ​បាន​ត្រឹម​ត្រូវ​ នៅ​ពេលឃុំ​ខ្លួន​​ជន​សង្ស័យ​បណ្តោះ​អាសន្ន មិន​មែន​គ្រាន់​តែ​សម្រេច​ចិត្ត​ដូច​ពេល​កន្លង​មក​ទេ។ លោកបាន​ឲ្យ​ដឹង​ទៀត​ថា ក៏​ប៉ុន្តែ ក្រសួង​យុត្តិធម៌​ក៏​កំពុង​ពិចារណា​អំពី​ការ​កែ​ប្រែ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​ ដើម្បី​ផ្ទេរ​អំណាច​បែប​នេះ​​ឲ្យ​ទៅ​ចៅ​ក្រម​។

លោក អង្គ វង្សវឌ្ឍានា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​ស្តី​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រៀប​ចំ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “ ចៅ​ក្រម​ត្រូវ​បាន​តម្រូវ​ឲ្យ​បញ្ជាក់​អំណះ​អំណាង​សម​ស្រប​ ឬ​ក៏​សេចក្តី​បញ្ជាក់​មូល​ហេតុ​ដែល​​នាំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ត​”។

លោក​​បា​ន​​បន្ថែម​ទៀត​ថា “លោកអ្នក​ត្រូវ​មាន​មូល​ហេតុ​ ឬអ​ំណះ​​អ​ំ​​​ណាង​សម្រាប​់​គាំទ្រ​សេចក្តី​សម្រេច​របស់​លោក​អ្នក​។ លោក​អ្នក​មិន​មែន​គ្រាន់​តែ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​គេ​ដោយ​ងាយៗនោះ​ទេ”។ លោក អង្គ វង្សវឌ្ឍានា បានលើក​ឡើង​បន្ត​ទៀត​ថា លោក​បាន​ធ្វើការ​កែ​ប្រែ​បែប​នេះ ដោយ​សារ​តែ​មាន​បញ្ហា​ខ្វះ​តម្លា​ភាព​នៅ​ក្នុង​តុលាការ​ ទាក់​ទង​នឹង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ឃុំ​ខ្លួន​ជន​ណា​ម្នាក់​។

កាលពី​ថ្ងៃ​ទី​២២ ខែមករា លោក អង្គ វង្ស​វឌ្ឍានា បានចុះ​ហត្ថលេខា​ និង​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយសារាចរ​បី​ ដែល​ជំរុញ​ឲ្យ​ចៅ​ក្រម​ពិចារ​ណា​ជម្រើស​ផ្សេង​ ក្រៅ​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។ ជម្រើស​ទាំង​នោះ​រួម​មាន​ការ​ពិនិត្យ​ប្រព័ន្ធ​តុលាការ​ បញ្ញត្តិ​នៃ​ការ​ផ្តន្ទាទោស​​ដែល​មាន​ការ​​ព្យួរ​ទោស​ និង​ការ​អនុវត្ត​បទ​បញ្ជា​សេវា​សហគមន៍​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ សារាចរទាំងនេះ​អាច​ជួយ​ចៅ​ក្រម​ក្នុង​ការ​លើក​យក​មូល​ហេតុ​ត្រឹម​ត្រូវ​សម្រាប់​គាំទ្រ​ការ​សម្រេច​ចិត្ត​ឃុំ​ខ្លួន​ជន​ណា​ម្នាក់​” ។ លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ចែង​ថា “ចុង​ចោទ​ត្រូវ​មាន​សេរី​ភាព​នៅ​ឡើយ​”។

សេចក្តី​សម្រេច​ចិត្ត​ធ្វើ​ឡើង​ចំ​ពេល​អ្នក​តវ៉ា​២១​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​បាតុ​កម្មកាលពី​ខែ​មករា ដែល​មាន​គោល​បំណង​ទាម​ទារ​​ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ នៅ​ជាប់​ឃុំ​បណ្តោះ​អាសន្ននៅ​ឡើយ​ នៅ​ពន្ធនាគារ​ដែល​មាន​ការ​យាម​កាម​តឹង​រឹុង​នៅ​ខេត្ត​កំពង់​ចាម​។

កាលពី​ថ្ងៃ​ច័ន្ទ មេដឹកនាំ​សហជីព​​ឈ្មោះ វន់ ពៅ ដែល​ស្ថិត​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​នោះ​ ត្រូវ​បានសាលា​ឧទ្ធរណ៍​​បដិសេធ​មិន​​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​២​។ ចៅក្រម​​បាន​ផ្តល់​មូលហេតុ​ថា ​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​អាច​ប៉ះ​ពាល់​នីតិវិធី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​កំពុង​តែរៀប​ចំ​ដំណើរ​ការ​ផ្តន្ទាទោស​មេដឹក​នាំ​សហជីព​រូប​នេះ​។

លោក អុិត រ៉ាឌី អនុលេខា​ធិការ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​នៅ​ក្នុង​បទ​បង្ហាញ​កាលពី​ម្សិលមិញ​ថា វិធី​សាស្ត្រ​ចាស់​ក្នុង​ការ​សម្រេច​ថា តើ​ចាំ​បាច់​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អា​សន្ន ឬ​យ៉ាង​នោះ​បាន​បង្ក​បញ្ហា​កើត​ឡើង​ ដោយ​សារ​តែ​មាន​ខ្លឹម​សារ​មិន​ច្បាស់​លាស់​ជុំ​វិញ​សេចក្តី​សម្រេច​ចិត្ត​របស់​ចៅ​ក្រម​។

លោក រ៉ាឌី ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា ការ​មិន​ដោះ​លែង​នៅ​ក្រៅ​ឃំុ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជា​មួយ​​នឹង​បញ្ហា​ចំនួន​អ្នក​ទោស​ច្រើន​ជ្រុល​​​ក្នុង​ពន្ធនាគារនៅ​ប្រទេស​កម្ពុជា​​។ គួរ​បញ្ជាក់​ថា បញ្ហា​នេះ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​នានា​លើក​ឡើង​ជា​យូរ​មក​ហើយ​។

ឯកសារ​នៃទម្រង់​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​ដែល​ត្រូវ​បាន​ចែក​ជូន​អ្នក​ចូល​រួម​សិក្ខា​សាលា​កាលពី​ម្សិលមិញ បង្ហាញ​ពី​ការ​តម្រូវ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​បញ្ជាក់​មូល​ហេតុ​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​ចាំ​បាច់​ត្រូវ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ដោយ​លើក​ឡើង​នូវ​មូល​ដ្ឋាន​ផ្សេង​ៗ​ មាត្រា​ច្បាប់​ពាក់​ព័ន្ធ​ និង​រយៈពេល​​ដែល​ចុង​ចោទ​ត្រូវ​ជាប់​ឃុំ​។

ឯកសារ​ទាំង​នោះ​ក៏​បាន​បង្ហាញ​បន្ត​ទៀត​ថា ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នគួរ​តែ​ចាំ​បាច់​ត្រូវ​ធ្វើ​ តែ​នៅ​ពេល​គ្មាន​សេចក្តី​បង្គាប់​គ្រប់​គ្រាន់​សម្រាប់​​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ដើម្បី​​ធានា​ថា ភាព​ចាំ​បាច់​ទាំង​នេះ​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​ សម្រាប់​រក្សា​ការ​ឃុំ​ខ្លួន​ដែល​ជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​សម្រេច​បាន​គោល​បំណង​ទាំង​នេះ។ ក្រសួង​យុត្តិធម៌​កំពុង​ពិចារណា​ការ​កែ​ប្រែ​​សេចក្តី​សម្រេច​ចិត្ត​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ឲ្យ​ចេញ​ពី​ការងារ​របស់​ចៅ​ក្រម​ផង​ដែរ។

ក្រសួង​​នេះ​បាន​លើក​ឡើង​ថា “ យើង​កំពុង​គិត​អំពី​ការ​កែប្រែ​មួយ​ចំនួន​នៅ​ក្នុង​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ឬ​ការ​ឃុំ​ខ្លួន​។ ដូច្នេះ​ចៅក្រម​មិន​អាច​ចេញ​សេចក្តី​សម្រេច​បាន​ទេ​…។ យើង​មិន​ត្រូវ​មាន​អង្គ​សន្និបាត​ ឬ​ក៏​​ក្រុម​ប្រឹក្សា​មួយ​ដើម្បី​សម្រេច​កិច្ច​ការ​នេះ​​ ជំនួស​ចៅ​ក្រម”​។

លោក សុខ សំអឿន នាយក​ប្រតិបត្តិ​​អង្គ​ការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​លើក​ឡើង​ថា លោក​សង្ឃឹម​ថា​ ឥឡូវ​នេះ​ចៅ​ក្រម​នឹង​ពិចារណា​អំពី​ភាព​ធ្ងន់​ធ្ងរ​​នៃ​បទ​ល្មើស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ មុន​ពេល​សម្រេច​​ថា តើ​​​ត្រូវ​ឃុំ​ខ្លួន​ជន​ណា​ម្នាក់​ ឬ​យ៉ាង​ណា។

លោក​បាន​មាន​ប្រសាសន៍​ថា “ជួន​កាល​បទ​ល្មើស​មិន​មែន​ជា​បទ​ល្មើស​តូច​តាច​ទេ​ ប៉ុន្តែ​ វាពាក់​ព័ន្ធ​ទៅ​នឹង​លុយ​កាក់ ឬ​ការ​លួច​បន្លំ​ជា​ដើម​។ វា​មិន​មែន​ជា​បទ​ល្មើស​គ្រោះ​ថ្នាក់​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា ក្នុង​ករណី​បែប​នេះ​គួរ​តែ​អនុញ្ញាត​ឲ្យ​ពួកគេ​គេច​ផុត​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន”។

លោកស្រី ម៉ារី ដូមីនិច ប៉ារ៉ង់ (Marie-Domini que Parent) អនុ​ប្រធានការិយាល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅក្នុងប្រទេស​កម្ពុជា​ (Office of the High Comissioner for Human Rights in Cambodia) ហៅកាត់ថា OHCHR បាន​លើក​​ឡើង​ថា ការ​សម្រេច​ចិត្ត​ឃុំខ្លួន​ជន​ណា​ម្នាក់​​បណ្តោះ​អាសន្ន ដោយ​គ្មាន​មូលហេតុ​ “មិន​មែន​ជា​រឿង​សម​ស្រប​ ​ក្នុង​សង្គមទំនើប ដែល​ ​យកច្បាប់​ជា​មូលដ្ឋាន​ទេ​”។ លោកស្រី​បាន​លើកឡើង​បន្ថែម​ទៀត​ថា  ទម្រង់​ថ្មី​នេះ​គឺ​ជា​ “ ជំហាន​តូច​មួយ​ ប៉ុន្តែ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​” ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស