លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងជួបជុំគ្នាជាលើកដំបូងនៅថ្ងៃអាទិត្យ នៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញចាប់តាំងពីរដ្ឋាភិបាលបានបញ្ជូនមនុស្សដែលកាន់ដំបងដែក និងពូថៅឲ្យទៅដេញអ្នកតវ៉ាចេញពីទីលាននេះកាលពីថ្ងៃទី៤ខែមករា។

ពេលធ្វើសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សប្រឆាំងនឹងធ្វើសមាជប្រជាជននៅទីលាននេះនៅម៉ោង១រសៀលដើម្បីទំនាក់ទំនងជាមួយអ្នកគាំទ្របន្ទាប់ពីមានការជាប់គាំងការចរចាអំពីកំណែទម្រង់ការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជានៅសប្តាហ៍នេះមក។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ថ្នាក់ដឹកនាំរបស់យើងបាននិយាយជាមួយ ប្រជាជន ហើយសួរប្រជាជនអំពីគំនិតរបស់គាត់ និងសួរថា តើយើងគួរបន្តធ្វើអ្វីទៀត។ យើងត្រូវការជួបពួកគាត់ ពីព្រោះយើងមិនបានជួបពួកគាត់ជាយូរមកហើយ”។
ប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា ការជួបជុំគ្នានេះនឹងធ្វើឡើងបន្ទាប់ពីការគោរពវិញ្ញាណក្ខន្ធនៅម៉ោង៨ព្រឹកនៅមុខអគាររដ្ឋសភាចាស់ដល់អ្នកស្លាប់ចំនួន១៦នាក់ និងអ្នករងរបួសជាច្រើនទៀតនៅកន្លែងនេះនៅក្នុងការគប់គ្រាប់បែកដៃកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ទៅលើបាតុកម្មដែលដឹកនាំដោយលោក សម រង្ស៊ី ។
លោក សម រង្ស៊ី បានសរសេរជាសារសំដៅដល់គណបក្សកាន់អំណាចថា “យើងមិនធ្វើបាតុកម្មដើម្បីផ្តួលរំលំរដ្ឋាភិបាលទេ ដូច្នេះ សូមកុំប្រើរឿងនេះធ្វើជាលេស ឬធ្វើការចោទប្រកាន់បែបនេះ។ អ្វីដែលយើងធ្វើគឺសមាជប្រជាជន”។
នៅក្នុងសន្និសីទកាសែតដាច់ដោយឡែកមួយទៀតកាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លោកនឹងពិចារណាផែនការរបស់គណបក្សសង្គ្រោះជាតិ នៅពេលគណបក្សនេះធ្វើសំណើជាផ្លូវការសុំជួបជុំគ្នា។ កាលពីថ្ងៃទី១០ខែមីនា អាជ្ញាធរបានបិទទីលានប្រជាធិបតេយ្យមិនឲ្យសហជីពកម្មកររោងចក្រកាត់ដេររៀបចំវេទិកាសាធារណៈ។
លោក ឡុង រី ប្រធានផ្នែកសន្តិសុខរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា “គណបក្សសង្គ្រោះជាតិនឹងធ្វើសមាជប្រជាជន មិនថា អាជ្ញាធរមានវិធានការបែបណានោះទេ”។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទថា គណបក្សលោកនឹងធ្វើសមាជប្រជាជននៅទីលានប្រជាធិបតេយ្យផ្នែកខាងកើតប្រសិនបើអ្នកគាំទ្រមិនត្រូវបានអនុញ្ញាតឲ្យចូលទីលាននេះទេ។
លោកមានប្រសាសន៍ថា ស្តាតអូឡាំពិក ក៏ជាជម្រើសមួយនៃការជួបជុំគ្នាដែរ។ លោកបានមានប្រសាសន៍ទៀតថា “ប៉ុន្តែ យើងគិតថា អាជ្ញាធរនឹងមិនបិទទីលាននេះទេ ប្រសិនបើពួកគេបិទទីលានប្រជាធិបតេយ្យ វាមិនសមនឹងឈ្មោះ និងគោលបំណងនៃទីលាននេះទេ”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា មន្ត្រីសាលារាជធានី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគ្រោងជួបពិភាក្សាគ្នានៅព្រឹកនេះ។
នៅឯសន្និសីទកាសែតកាលពីព្រឹកម្សិលមិញ លោក សម រង្ស៊ី បានលើកឡើងសាជាថ្មីអំពីពាក្យដែលលោកបានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ឥឡូវនេះការទទួលខុសត្រូវស្ថិតនៅលើគណបក្សប្រជាជនកម្ពុជាក្នុងការដោះស្រាយដោយខ្លួនឯងដើម្បីធានាឲ្យមានឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រសិនបើខ្លួនចង់ចរចាបន្តទៀត។
គណបក្សប្រជាជនកម្ពុជាបានចោទគណបក្សសង្គ្រោះជាតិថា បានប្រើប្រាស់ការខ្វែងគំនិតគ្នាលើការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះថា ជាលេសសម្រាប់ដកខ្លួនចេញពីការចរចា។
គណៈកម្មការកំណែទម្រង់ការបោះឆ្នោតទ្វេភាគី មានការខ្វែងគំនិតគ្នាទាំងស្រុងអំឡុងកិច្ចប្រជុំលើកទី៤របស់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីប្រតិភូគណបក្សប្រជាជនកម្ពុជានិយាយថា ពួកគេមិនពិភាក្សាអំពីសំណើរបស់គណបក្សសង្គ្រោះជាតិតម្រូវឲ្យមានសមាជិកសភាពីរភាគបីដើម្បីតែងតាំងសមាជិកថ្មីរបស់ គ.ជ.ប.នោះទេ។
គណៈកម្មការដែលគណបក្សទាំងពីរបានបង្កើតឡើងកាលពីខែមុននេះមានបំណងជួយត្រួសត្រាយផ្លូវសម្រាប់ឲ្យគណបក្សសង្គ្រោះជាតិទទួលយកអាសនៈសភាចំនួន៥៥ដែល គ.ជ.ប. និយាយថា គណបក្សនេះទទួលបាននៅក្នុងការបោះឆ្នោតកាលពីខែកក្កដា ។ គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនទទួលយកអាសនៈទាំងនេះអស់រយៈពេលប្រាំមួយខែមកហើយមកទល់ពេលនេះ និងកំពុងជំរុញឲ្យមានការបោះ ឆ្នោតថ្មីក្រោមការដឹកនាំរបស់ គ.ជ.ប.ឯករាជ្យ។
លោក សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំការជួបជុំប្រឆាំងរដ្ឋាភិបាលចុងក្រោយពីថ្ងៃទី១៥ ខែធ្នូ ដល់ថ្ងៃទី៤ ខែមករាដែលនៅពេលនោះសន្តិសុខខណ្ឌ និងមនុស្ស ស្លៀកពាក់សីុវិលរបស់រដ្ឋាភិបាលដែលពាក់បូក្រហមនៅដៃបានរុះរើកន្លែងតវ៉ា និងបណ្តេញមនុស្សចេញពីទីលាននោះ។
ពីរថ្ងៃមុននោះ ការធ្វើកូដកម្មនៅទូទាំងប្រទេសរបស់កម្មកររោងចក្រកាត់ដេរដែលបានធ្វើឡើងស្របគ្នានឹងការហែក្បួនរបស់គណបក្សប្រឆាំងនៅក្នុងទីក្រុងភ្នំពេញនោះត្រូវបានបង្ក្រាបដោយហិង្សា។ យ៉ាងហោចណាស់អ្នកតវ៉ាប្រាំនាក់ត្រូវបានកងរាជអាវុធហត្ថបាញ់សម្លាប់ និងបាញ់ឲ្យរងរបួសជាង៤០នាក់ទៀត។
លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍ថា គណបក្សកាន់អំណាចនឹងកោះប្រជុំសភាជាលើកទី២នៅថ្ងៃច័ន្ទ ចាប់តាំងពីការបោះឆ្នោតខែកក្កដាមក។ លោកបានមានប្រសាសន៍ថា សមាជិកសភា៦៨រូបរបស់គណបក្សប្រជាជនកម្ពុជានឹងបោះឆ្នោតលើច្បាប់ថ្មីមួយស្តីពីផ្លូវថ្នល់ អនុម័តថវិកាចំណាយនៅអាណត្តិមុន និងបោះឆ្នោតតែងតាំងសមាជិកគណៈកម្មការរដ្ឋសភាថ្មីៗមួយចំនួន។
លោក ជាម យៀប បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិគួរពិចារណាឡើង វិញនូវផែនការជួបជុំគ្នារបស់ខ្លួន។ “ឥឡូវនេះខ្ញុំបានធ្វើសំណើស្នើឲ្យលោក សម រង្ស៊ី បញ្ជូនមាន់ជល់ទាំង៥៥របស់លោកមកពិភាក្សាជាមួយមាន់ជល់របស់គណបក្សប្រជាជនកម្ពុជានៅរដ្ឋសភា”។
គណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលរដ្ឋសភាចាប់តាំងពីសមាជិកសភាគណបក្សប្រជាជនកម្ពុជាត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ឲ្យស្បថចូលកាន់តំណែងកាលពីថ្ងៃទី២៤ ខែកញ្ញា ។
លោក ជាម យៀប ដែលជាប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគាររដ្ឋសភាដែរនោះបានបញ្ជាក់ថា តំណាងរាស្ត្រជាប់ឆ្នោតទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិមិនបានទទួលប្រាក់ខែចំនួន២.០០០ដុល្លារ និងប្រាក់ឧបត្ថម្ភសម្រាប់ធ្វើដំណើរក្នុងរយៈពេលនេះទេ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើពួកគាត់ចូលរដ្ឋសភា និងស្បថនៅព្រះបរមរាជវាំងដើម្បីសុពលភាពរដ្ឋសភានោះ ពួកគាត់នឹងទទួលបានប្រាក់ខែចាប់ពីថ្ងៃនោះទៅ”។
លោក ជាម យៀប បានលើកឡើងកាលពីមុនថា រដ្ឋាភិបាលអាចបើកប្រាក់ខែដែលតំណាងរាស្ត្រគណបក្សប្រឆាំងមិនបានទទួល បន្ទាប់ពីពួកគាត់ត្រូវបណ្តេញចេញពីរដ្ឋសភាពីរខែមុនពេលបោះឆ្នោតកាលពីខែកក្កដា ប្រសិនបើពួកគាត់ឈប់ធ្វើពហិការ។
លោក សម រង្ស៊ី ដែលខ្លួនលោកផ្ទាល់មិនជាប់ឆ្នោតជាតំណាងរាស្ត្រនោះត្រូវបានរដ្ឋាភិបាលរារាំងមិនឲ្យឈរឈ្មោះដោយសារលោកត្រូវបានតុលាការផ្តន្ទាទោសដែលក្រោយមកត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសកាលពីខែកក្កដា ហើយលោកបានមានប្រសាសន៍ថា តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សលោកមិនខ្វល់នឹងប្រាក់ខែដែលបាត់បង់នោះទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ប្រាក់ខែមិនមែនជាបញ្ហាទេ។ ពួកគេមិនអាចបញ្ចុះបញ្ចូលយើងឲ្យចូលរដ្ឋសភាបានឡើយ។ យើងអាចរស់បានហើយ ហើយមានមោទនភាពក្នុងការរស់នៅដោយសេចក្តី ថ្លៃថ្នូរជាមួយការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ និងសម្ភារពីសមាជិកគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស។
ប្រធានគណបក្សប្រឆាំងរូបនេះបានមានប្រសាសន៍ថា លោករៃអង្គាសបានថវិកាចំនួន៩០.០០០ដុល្លារនៅពេលលោកធ្វើដំណើរ១០ថ្ងៃទៅប្រទេសអូស្ត្រាលីដែលបានបញ្ចប់កាលពីថ្ងៃអង្គារ ហើយថា គណបក្សមានលុយគ្រប់គ្រាន់ហើយ។ លោកបានមានប្រសាសន៍ថា “ប្រជាជននិយាយថា ពួកគាត់នឹងមិនភ្លេចយើងទេ នៅពេលណាយើងត្រូវការជំនួយ”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ ហ៊ុល រស្មី និង គុច ណារ៉េន)