លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីគុណធម៌ និងព្រំដែននៃការអត់ធ្មត់ ប្រាប់ទៅគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ រីឯមន្ត្រីកងរាជអាវុធហត្ថនិយាយថា ពួកគេកំពុងត្រៀមខ្លួនអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលដើម្បី រារាំងមិនឲ្យមានការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យក្នុងទីក្រុងភ្នំពេញនៅថ្ងៃអាទិត្យ។

ថ្លែងនៅឯពិធីសម្ពោធទំនប់វារីអគ្គិសនីស្ទឹងអាតៃ ក្នុងខេត្តពោធិ៍សាត់ លោក ហ៊ុន សែន បានណែនាំឲ្យអ្នកជាប់ពាក់ព័ន្ធក្នុងនយោបាយកម្ពុជាអត់ធ្មត់ថែមទៀតចំពោះស្ថានភាពប្រទេសជាតិបច្ចុប្បន្ន។
លោកបានផ្តល់ជាយោបល់ថា “ដើម្បីអត់ធ្មត់ យើងត្រូវធ្វើអ្វីដែលអាចធ្វើបានដើម្បីយោគយល់គ្នា និងដើម្បីធ្វើឲ្យមានបរិយាកាសអហិង្សាសម្រាប់ប្រទេសរបស់យើង។ ហើយដើម្បីធ្វើឲ្យទុកចិត្តគ្នា យើងត្រូវយល់ចិត្តគ្នាក្នុងនាមជាអ្នកនយោបាយ និងក្នុងនាមជាប្រជាពលរដ្ឋ”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំបាននិយាយតាំងពីក្រោយការបោះឆ្នោត មកថា កុំធ្វើឲ្យការបោះឆ្នោតមួយក្លាយជាការបោះឆ្នោតដែលបំផ្លាញប្រទេសជាតិ”។ បន្ទាប់មកលោក ហ៊ុន សែន បាននិយាយកំប្លែងអំពីព្រំដែននៃការអត់ធ្មត់របស់មនុស្សដែលជាការព្រមានគណបក្សសង្គ្រោះជាតិ។
លោកបាននិយាយរឿងមួយអំពីព្រះសង្ឃមួយអង្គណែនាំឲ្យស្ត្រីម្នាក់ដែលខឹងនឹងស្ត្រីមាឌធំជាងមា្នាក់ទៀតដែលតែងតែវាយគាត់។ ព្រះសង្ឃអង្គនោះដំបូងបានណែនាំឲ្យស្ត្រីនោះអត់ធ្មត់កុំឲ្យតបតនឹងស្ត្រីដែលវាយគាត់។
ប៉ុន្តែក្រោយមកស្ត្រីដែលមានមាឌធំជាងបានគប់ដុំថ្មត្រូវព្រះកេសព្រះសង្ឃអង្គនោះធ្វើឲ្យមានការតបតដោយគ្មានការអត់ធ្មត់។ ព្រះសង្ឃអង្គនោះប្រាប់ស្ត្រីនោះថា “ញោមកាន់បាត្រឲ្យអាត្មា អាត្មាវាយមីហ្នឹងឲ្យចុយម្រាយម្តង”។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា រឿងកំប្លែងនេះជាការណែនាំដល់គណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ថា “រឿង នេះបង្ហាញថា ច្បាប់មានព្រំដែនរបស់វា អស់លោកមិនអាចដើរហួសព្រំដែន ច្បាប់បានទេ។ ប្រសិនបើអស់លោកដើរហួសព្រំដែនច្បាប់ធ្វើឲ្យមានអំពើហិង្សា ច្បាប់មិនអត់ ឱនឲ្យទេ។សូមឈប់ទៅ ឥឡូវខ្ញុំឮពីពាក្យ ‘ មហា’ នេះ”។
គណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មជាបន្តបន្ទាប់ក្រោយពីការប្រកាសលទ្ធផលការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីថ្ងៃទី២៨ ខែកក្កដា។ការតវា៉របស់ពួកគេកាន់តែធំកាលពីចុងខែធ្នូដោយមានមនុស្សយ៉ាងហោចណាស់៥០.០០០នាក់ចូលរួមហែក្បួនទាមទារឲ្យលោក ហ៊ុន សែន ចុះចេញភ្លាមៗ ឬឲ្យបោះឆ្នោតសាជាថ្មី នៅមុនពេលមានការបង្ក្រាបបាតុកម្មដោយហិង្សាកាលពីដើមខែមករា។
សមាជប្រជាជនរបស់គណបក្សសង្គ្រោះជាតិដែលគ្រោងធ្វើនៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យដែលគេរំពឹងថា មានអ្នកគាំទ្រ៥.០០០នាក់នេះគឺជាការជួបជុំគ្នាលើកដំបូងចាប់តាំងពីមានការបង្ក្រាបដែលបណ្តាលឲ្យមានមនុស្សស្លាប់ និងដែលបានបញ្ចប់ការធ្វើកូដកម្មទូទាំងប្រទេសរបស់កម្មកររោងចក្រកាត់ដេរ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា ជំនួបនៅសាលារាជធានីរវាងអាជ្ញាធរ និងមន្ត្រីគណបក្សសង្គ្រោះជាតិកាលពីព្រឹកម្សិលមិញ បានបញ្ចប់ដោយមានការសម្រេចមិនអនុញ្ញាតឲ្យគណបក្សប្រឆាំងធ្វើការជួបជុំគ្នានេះ ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “ពិធីរំឭកវិញ្ញាណក្ខន្ធនៅជិតអគាររដ្ឋសភាចាស់ដល់ជនរងគ្រោះនៅក្នុងការគប់គ្រាប់បែកដៃទៅលើការធ្វើបាតុកម្មរបស់គណ បក្សប្រឆាំងនៅទីនោះកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នឹងត្រូវអនុញ្ញាតឲ្យធ្វើ។ ប៉ុន្តែ មិនអនុញ្ញាតឲ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យទេ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “សាលារាជធានីនឹងមិនអនុញ្ញាតឲ្យមានការជួបជុំគ្នានេះទេ ពីព្រោះសាលារាជធានីកំពុង រក្សាទុកកន្លែងនេះសម្រាប់ឲ្យតុលាការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតសើុបអង្កេតពីព្រោះមានពាក្យបណ្តឹងពាក់ព័ន្ធនឹងអំពើហិង្សាកាលពីថ្ងៃទី៣ ខែមករាដែលនៅពេលនោះអ្នកតវ៉ាបានឃាត់ខ្លួនមន្ត្រីសាលារាជធានីម្នាក់។ យើងក៏មានភ័ស្តុតាងបង្ហាញថា មនុស្សនៅទីលានប្រជាធិបតេយ្យបានបង្កភាពអនាធិបតេយ្យដែរ ដូច្នេះហើយយើងមិនអាចអនុញ្ញាតបានទេ”។ “ប្រសិនបើពួកគាត់ជួបជុំគ្នានៅការិយាល័យរបស់ខ្លួន ឬកន្លែងឯកជនណាមួយ យើងនឹងអនុញ្ញាត”។
កាលពីថ្ងៃទី២៣ ខែធ្នូ មន្ត្រីក្រុង១០០នាក់ បានធ្វើពាក្យបណ្តឹងប្តឹងបាតុករចំពោះការបិទច្រកចូលសាលារាជធានី ដោយអះអាងថា ជាការបង្ខាំងដោយខុសច្បាប់។ ក្រសួងមហាផ្ទៃបានចេញរបាយការណ៍លម្អិតមួយកាលពីម្សិលមិញ អំពីការខូចខាតដែលកើតមានឡើងអំឡុងការធ្វើបាតុកម្មលើកចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ។ អាជ្ញាធរត្រៀមលក្ខណៈនៅមុនការជួបជុំគ្នានេះ។
ឧត្តមសេនីយ៍ត្រី ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា កងកម្លាំងសន្តិសុខរបស់លោកនឹងអនុវត្តតាមបទបញ្ជា។
លោកបានមានប្រសាសន៍ថា “យើងនឹងអនុវត្តទៅតាមស្ថានភាពជាក់ស្តែង។ ដំបូងយើងនឹងប្រាប់ពួកគេសហការ និងគោរពច្បាប់។ ប្រសិនបើពួកគេមិនធ្វើតាមទេ ជំហានទី២របស់យើងគឺបង្ក្រាបពួកគេ និងរារាំងមិនឲ្យជួបជុំគ្នាតែម្តង”។
មួយថ្ងៃបន្ទាប់ពីគណបក្សសង្គ្រោះជាតិប្រកាសពីផែនការជួបជុំគ្នានៅថ្ងៃអាទិត្យរបស់ខ្លួន កងរាជអាវុធហត្ថបានហាត់សមនៅទីបញ្ជាការដ្ឋានរបស់ខ្លួននៅតាមផ្លូវវេងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ។
ឧត្តមសេនីយ៍ត្រី រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីបានមានប្រសាសន៍ ថា ការហាត់សមនេះគឺដើម្បីសុខភាពកងកម្លាំងរបស់លោក មិនជាប់ពាក់ព័ន្ធនឹងការជួបជុំរបស់គណបក្សសង្គ្រោះជាតិទេ។
លោក រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា “ យើងហ្វឹកហាត់ដើម្បីសុខភាព ហើយយើង បានធ្វើដូច្នេះជាញឹកញាប់ គឺយើងក្រោកហ្វឹកហាត់នៅម៉ោង៥ព្រឹក វាជារឿងធម្មតា”។
លោកបានមានប្រសាសន៍ថា “ការហាត់នេះសំខាន់សម្រាប់សុខភាពរបស់យើង។ យើងត្រូវសម្រកក្បាលពោះរបស់យើងដូច្នេះហើយយើងត្រូវហ្វឹកហាត់ និងបង្រៀនពួកគេពីរបៀបសម្រកក្បាលពោះ”។
ឧត្តមសេនីយ៍ត្រី រ័ត្ន ស៊្រាង បានមានប្រសាសន៍ថា នៅថ្ងៃអាទិត្យពេលដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចូលទៅទីលានប្រជាធិបតេយ្យ លោកនឹងណែនាំកងកម្លាំងរបស់លោកឲ្យធ្វើតាមបទបញ្ជារបស់សាលារាជធានី។ លោកបានមានប្រសាសន៍ថា “យើងត្រូវអនុវត្តភារកិច្ចរបស់យើង ហើយយើងនឹងធ្វើតាមក្រសួង និងស្ថាប័នពាក់ព័ន្ធ យើងនឹងអនុវត្តទៅតាមច្បាប់”៕គឹមហឿន