28.5 C
Phnom Penh

តុលាការ​ផ្តន្ទាទោស​ស្ត្រីជន​ជា​តិ​ថៃពីរនាក់​ឲ្យ​ជាប់ពន្ធនាគារ​អស់មួយ​ជីវិត​​ពី​បទ​ជួញដូរ​គ្រឿង​ញៀន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​ផ្តន្ទាទោស​ស្ត្រី​ជន​ជាតិ​ថៃ​ពីរ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​អស់មួយ​ជីវិត​បន្ទាប់​ពី​បាន​រក​ឃើញថា ​ពួកគេ​មាន​ពិរុទ្ធ​ភាព​ពីបទជួញដូរ​កូកាអុីន​ទម្ងន់​ជាង​កន្លះ​គីឡូ​ក្រាម​ពី​ប្រទេស​ប្រេស៊ីល​ចូលមក​ប្រទេស​កម្ពុជា។

លោកស្រី​ គឹម ដានី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ក៏បាន​ពិន័យ​ស្ត្រី​ទាំង​ពីរ​នាក់​នេះ​ គឺឈ្មោះ វង្ស ​ត្រកូល​ សាង​ដាវ អាយុ​៤១ឆ្នាំ និង​ ថាន​យ៉ាន សាម៉ា​អាផាត​ អាយុ​៣១​ឆ្នាំ​ក្នុង​ម្នាក់​ៗ​ចំនួន​៦០​លាន​រៀល​ផង​ដែរ។ លោកស្រីបាន​មាន​ប្រសាសន៍ថា “តុលា​ការ​រក​ឃើញ​ថា ចុងចោទ​ទាំង​ពីរ​នាក់​នេះ​មាន​​​ពិរុទ្ធភាព​ពីបទ​រក្សា​ទុក ដឹក​ជញ្ជូន​ និង​ជួញដូរ​គ្រឿង​ញៀន​តាម​មាត្រា​៤០​នៃច្បាប់​ប្រឆាំ​ង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​របស់​​កម្ពុជា​”។ លោកស្រី​បាន​បន្ថែមថា ស្ត្រី​ទាំង​ពី​រនាក់​នេះ​មាន​ពេល​៣០ថ្ងៃ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​ការ​ផ្ត​ន្ទាទោស​នេះ។

លោក យ៉េង ប៊ុណ្ណា ប្រធាន​​នាយកដ្ឋាន​​នគរ​បាល​ប្រឆាំងគ្រឿងញៀន​ក្រសួង​មហា​ផ្ទៃ​​មាន​ប្រសាសន៍ថា នគរបាល​បាន​ចាប់​ខ្លួន​ សាម៉ាអាផា​ត នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ​កាលពី​ថ្ងៃទី​៤ ខែ​ឧសភា បន្ទាប់ពី​ទទួល​​បាន​ព័ត៌មាន​ពី​នគរ​បាល​ប្រឆាំង​គ្រឿង​ញៀន​ថៃ ហើយ​បាន​រក​ឃើញ​កូកាអីុន​ប្រាំ​មួយ​​កញ្ចប់​​​ទម្ងន់​៦៩៤,៤៩ក្រាម​ដេរ​ភ្ជាប់​នឹង​ខោ​ទ្រនាប់។

លោក​មាន​ប្រសាសន៍ថា “ បន្ទាប់​ពី​ការ​សាកសួរ យើង​​បាន​រៀប​ចំ​គម្រោង​​ចាប់​ខ្លួន​អ្នក​សម​គំនិ​ត​ដែលបាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មក​ទទួល​យក​គ្រឿង​​ញៀន​នៅ​បន្ទប់​សណ្ឋាគារ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ”។

ស្ត្រី​ឈ្មោះ​ សាម៉ាអាផាត បាន​អះ​អាង​ថា គាត​់​​​មិន​ដឹង​ថា ​មាន​ថ្នាំ​ញៀន​​នៅ​ជាប់​ខ្លួន​ទេ ហើយ​ត្រូវបាន​បុរស​ជន​ជា​តិ​នីហ្សេ​រីយ៉ា​ម្នាក់​ដែល​គា​ត់​ស្គាល់ថាឈ្មោះ “ អូសាម៉ា” ​​បាន​ឲ្យ​លុយ​គាត់​​ចំនួន​៣.០០០​ដុល្លារ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប្រេស៊ីល ហើយ​ជិះ​យន្ត​ហោះ​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ដោយ​ឲ្យ​ស្លៀក​ខោ​ទ្រនាប់​នោះ។

គាត់បាន​និយាយថា “ ប្រសិន​បើ​ខ្ញុំដឹង​ថា វា​ជា​ថ្នាំញៀន ខ្ញុំ​មិន​ធ្វើ​​ដូច្នេះ​​ទេ”​។​ស្ត្រី​ឈ្មោះ សាងដាវ ក៏បាន​និយាយ​ដែរ​ថា គា​ត់​បាន​ចាញ់បោក​មិត្ត​ប្រុស​របស់​គាត់​​ឲ្យ​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទទួល​ទំនិញ​ពី​គា​ត់៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស