42.2 C
Phnom Penh

​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​ចូលរួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិអាស៊ាន​​នៅ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​​និយាយ​ថា លោក​ ទៀ បាញ់ រដ្ឋ​​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​នឹង​ជួប​ប្រជុំ​​ថ្ងៃ​​នេះ​នៅរដ្ឋ​ហាវ៉ៃជាមួយ​លោក ​ជុក ហាហ្គេល (Chuck Hagel) រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អាមេរិក​ ព្រម​ទាំង​រដ្ឋ​មន្ត្រី​កា​រ​ពារ​ជាតិ​អាស៊ាន​ប្រាំបួន​​រូបផ្សេង​ទៀត​នៅ​កិច្ច​​ប្រជុំ​លើក​ទី​១​ដែល​រៀបចំ​ដោយ​​អាមេ​រិក​​ជាមួយ​​មេបញ្ជាការ​ការពារ​ជាតិ​ក្នុង​តំបន់​​នេះ​។

ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​អា​កាស​​​​យានដ្ឋាន​អន្ត​រជាតិភ្នំពេញ​មុន​ពេល​ចេញ​ដំណើរ​ លោក​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា លោក​មាន​គម្រោង​ជម្រាប​ជូន​រដ្ឋ​មន្ត្រី​ទាំង​​នោះ និង​លោក ហាហ្គេល អំពី​ “ស្ថាន​ការណ៍​ពិត​” ក្នុង​ប្រទេសកម្ពុជា​។

ដោយ​មិន​លើក​ឡើង​ពី​​គណ​បក្ស​សង្គ្រោះ ​ជាតិ​ចំឈ្មោះ លោក​បានមាន​ប្រសា​សន៍​ថា  “​យើង​មិន​អាច​អនុញ្ញាត​​ឲ្យ​មនុស្ស​មួយ​ចំនួន​និយា​យ​តែ​​ឯង​ទេ​។ប្រទេស​នានា​មិន​ត្រូវ​ស្តាប់ ភាគី​តែ​ម្ខាង​ឡើង​។ប្រសិនបើ​ពួក​គេ​ចង​់​ដឹង​ពីស្ថាន​ការណ៍​ពិត ​ពួក​គេ​ត្រូវ​ស្តាប់​ភាគី​ទាំង​សង​ខាង​”។

ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​​ចម្រាស​​កាល​ពី​ខែ​កក្កដា​ មក លោក​​ឧត្តម​សេនីយ៍​ ទៀ បាញ់​ បាន​សន្យា​​​​​ដដែលៗ​​ថា នឹង​ការ​ពារ​រដ្ឋាភិបាល​របស់​​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ជាប់​ឆ្នោត​តាម​​រដ្ឋ​ធម្ម​នុញ្ញ​។

ទន្ទឹម​នឹង​នោះដែរ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចុះ​ប​ញ្ចូល​សហគមន៍​អន្តរជាតិ​ឲ្យ​ផ្អាក​ជំនួយ​ដល់​ប្រទេស​​កម្ពុជា​រហូត​ដល់​​ជម្លោះ​ពាក់​ព័ន្ធការ​បោះឆ្នោត​កាល​ពីខែ​កក្កដា​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់​សិន​​។

លោក​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ​ អគ្គ​នាយក​​​​​​​​នៃ​អគ្គនាយក​ដ្ឋាន​កិច្ច​ការ​បរទេស​ និង​​សហ​ប្រតិបត្តិការ​នៃ​​​ក្រសួង​ការ​ពារ​​ជាតិ​បាន​មាន​ប្រសាសន៍​ថា របៀប​វារៈ​របស់​លោក​ឧត្តម​សេនីយ៍​ ទៀបាញ់ រួម​មាន​​ប្រធាន​​​ប​ទ​សំខាន់​ៗ​ចំនួន​បី​ គឺ​អាទិ​ភាព​នយោ​​បាយ​របស់​អាមេរិក​ក្នុង​តំបន់​អាស៊ាន​ រួម​ទាំង​​កិច្ច​សហ​​​ប្រតិ​​​បត្តិ​​​ការ​យោ​ធា​ ជម្លោះ​និង​​កង្វល់​​ដែន​សមុទ្រ​ និង​​​​ស្ថិ​រ​ភាព​​ក្នុង​តំបន់​។

លោក​ឧត្តម​សេនីយ៍ ណឹម សុវត្ថិ​ ក៏​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌​មាន​មុន​ពេល​ការ​ចេញ​ដំណើរ​របស់​ឧត្តម​សេនីយ៍ ទៀ បាញ់​ ដែរ​ថា “ក្នុងចំណោម​ការ​ពិភាក្សា​នោះ​នឹង​ផ្តោ​ត​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​កង​ទ័ព​​អាស៊ាន​ និង​កង​ទ័ព​អាមេរិក​ក្នុង​កិច្ច​ប្រឹង​ប្រែង​​​​ដើម្បី​ទទួល​បាន​​បទ​ពិសោធ​បន្ថែម​ទៀត​ពាក់​ព័ន្ធនឹង​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​ដូច​ជា​គ្រោះ​មហន្តរាយ​ជាដើម​”។

លោ​កបានមាន​ប្រសាសន៍​​បន្ថែមទៀត​ថា “ ក៏​នឹង​មាន​ការ​ពិភាក្សាតុ​មូល​ផងដែរ​រវាង​ក្រុម​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ និង​​រដ្ឋ​មន្ត្រី​ការ​ពារជាតិ​អាមេរិក​។ រដ្ឋ​មន្ត្រី​ទាំង​នោះក៏​នឹង​ជួប​​ប្រជុំ​ជាមួយ​នឹង​​​តំណាង​​អង្គការ​សង្គម​សីុវិល​ផង​ដែរ​”។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយ​ការណ៍ថា លោក​ ទៀ បាញ់​ នឹង​ជួប​​ប្រជុំ​ទ្វេ​ភាគី​ជាមួយ​លោក ហាហ្គេល នៅ​ក្រៅ​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​។

ទោះ​យ៉ាង​ណា​ លោក ស៊ាន ម៉ាកគីន​តុស​ អ្ន​កនាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​​​​​​ថា លោក​មិន​ដឹង​ថា តើ​ជំនួប​នោះ​នឹង​ធ្វើ​ឡើង​​​​​​​​​​នៅ​ពេល​ណា​ទេ​។ លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំ​មិន​មាន​ព័ត៌មាន​ជាក់លាក់​អំពី​ជំនួប​មួយ​​ទល់​នឹង​មួយ​រវាង​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ទៀ បាញ់​ និង​លោក ហាហ្គេល ឡើយ”។

លោក​ ខាលីល ថេយ័រ អ្នក​ជំនាញ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​បណ្ឌិត្យ​​សភា​កង​ទ័ព​ការ​ពារ​​ជាតិ​អូស្ត្រាលីក្នុងទីក្រុង​កង់​បេរ៉ា​បាន​មាន​ប្រសាសន៍ថា ជំនួប​ក្នុង​រដ្ឋ​ហាវ៉ៃ ទំនង​ជានឹង​​បញ្ចៀស​​ការ​ពិភាក្សា​ណា​មួយ​ដែល​អាច​​ធ្វើ​ឲ្យ​ប្រទេស​ចិន​អាក់អន់​ស្រពន់​ចិត្ត​​។

លោ​កបាន​មាន​ប្រសាសន៍ថា “ខ្ញុំ​សង្ស័យ​ថា ជំនួប​នេះ​នឹង​ពិភាក្សា​អំពី​បញ្ហា​ទូទៅ​ពី​ព្រោះអាស៊ាន​មិន​ចង់​ឲ្យ​មាន​ការ​​ចាត់​ទុក​ថា ​​​​ធ្វើ​ការ​ជាមួយ​អាមេរិក​ដើម្បី​ប្រឆាំង​​​​ចិន​ឡើយ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​”។ យោង​តាម​ក្រសួង​ការ​ពា​រជាតិ​អាមេរិក​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​ លោក​ ហាហ្គេល​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​​ចិន​ជា​លើក​ដំបូង​ក្នុង​ឋានៈ​ជា​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​​។ កិច្ច​ប្រជុំនេះ​ធ្វើ​ឡើង​ចំពេល​មាន​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​អាមេរិក​​នៅ​​តំបន់​អាស៊ី ហើយ​នៅ​ពេល​​ដែលមាន​ទំនាក់​ទំនង​តាន​តឹង​រវាង​កម្ពុជា​ និង​អាមេរិក​។

កា​ល​ពីខែ​មករា លោក​ បារ៉ាក់ អូបាម៉ា​ ប្រធា​នាធិបតី​អាមេរិក​​បាន​ចុះ​ហត្ថ​លេខា​លើ​​​ច្បាប់​ថវិកា​​ដែល​ផ្អាក​ការ​ផ្តល់​មូល​និធិ​មួយ​​ចំនួន​ដល់​ប្រទេស​កម្ពុជា​រហូតដល់​មាន​​​ការ​សើុប​អង្កេត​​ឯករាជ្យ​​លើ​ការ​បោះ​ឆ្នោត​ជាតិ​ដែល​រង​ការ​ចោទ​ប្រកាន់​​​ថា មាន​ការ​​​លួច​បន្លំ​ ឬ​រហូតដល់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការ​ធ្វើ​ពហិការ​​រដ្ឋ​សភា​របស់ខ្លួន​រួច​រាល់​សិន។

កាល​ពីឆ្នាំមុន​ បន្ទាប់​ពីមានការ​រិះគន់​ពីសមាជិក​សភា​អាមេរិក​ទៅលើ​ការ​បោះ​ឆ្នោត​ជាតិ​​នេះ ប្រទេស​កម្ពុជា​បាន​ផ្អាក​កម្ម​វិធី​ផ្តល់​ជំនួយ​យោធា​ដែល​គាំទ្រ​ដោយ​​​​សហ​​​រដ្ឋ​​​អាមេរិ​ក​ជាឯកតោ​ភាគី ។

លោក​ឧត្តម​សេនីយ៍ ទៀ បាញ់​ បាន​ធ្វើ​ដំណើ​រទៅ​អាមេរិក​លើក​ចុង​ក្រោយ​​ក្នុង​ឆ្នាំ​២០០៩​ដើម្បី​ជួប​ប្រជុំ​ជាមួយ​លោក រ៉ូបឺត ហ្គេត ដែលពេល​នោះ​​ជា​រដ្ឋ​មន្ត្រីការ​ពារ​ជាតិ​ អាមេរិក​អំពីការ​រក្សា​សន្តិ​ភាព​ សន្តិសុខ​ដែន​សមុទ្រ​​និង​ការ​ប្រឆាំង​​ភេរវកម្ម​៕​សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស