42.2 C
Phnom Penh

ភាគី​ការពារ​ជន​ចុង​ចោទ​ និង​រដ្ឋប្បវេណី​ច្រាន​ចោល​គំនិត​ដក​ការ​ចោទ​ប្រកាន់​នៅ​សាលា​ក្តី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មេធាវី​ការពារ​​​ចុង​ចោទ​នៅ​សា​លា​ក្តី​ខ្មែ​រ​ក្រហម​ បាន​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា ខ្លួន​បដិសេធ​សំណើ​របស់​ព្រះ​រាជ​អាជ្ញា​​ដែល​​ស្នើ​ថា បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ប្រ​ឆាំង​​ជន​សង្ស័យ​ និង​ចុង​ចោទអាច​ត្រូវ​បាន​ដក​។

នៅ​ក្នុង​អនុស្សរណៈ​ផ្ទៃ​ក្នុង​ដាច់​ដោយ​ឡែក​​​​ចុះ​ថ្ងៃ​សុក្រសប្តាហ៍​មុន មេធាវី​ការពារ​មេដឹក​នាំ​ខ្មែរ​ក្រហម​ ខៀវ សំផន និង​អតីត​ប្រធាន​កង​ទ័ព​ជើង​ទឹក​ មាស​ មុត បាន​បដិ​សេធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កែ​ប្រែ​វិធាន​ដែល​ត្រូវ​បាន​ស្នើ​ឡើង​ និង​មាន​គោល​បំណង​អនុញ្ញាត​ឲ្យ​ចៅ​ក្រម​ដក​បទ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​កម្ម​ពី​ករណី​បី​ដែ​ល​កំពុង​ដំណើរការ​នៅ​ក្នុង​សាលា​ក្តី​​ខ្មែរ​ក្រហមតាម​ឆន្ទានុសិទ្ធិរបស់​ព្រះ​រាជ​អាជ្ញា។

លោក គង់ សំអុន លោក អាធើ វើគេន (Arthur Vercken) និង​អ្នកស្រី អាន់តា ហ្គីស​សេ (Anta Guisse) មេធាវី​តំណាងចុង​ចោទ​ ខៀវ សំផន​ បាន​គូស​បញ្ជាក់​ថា ការ​កែ​ប្រែ​វិធាន​អាច​នាំ​ឲ្យ​មាន​យន្តការ​ថ្មី​សម្រាប់​ឲ្យ​រដ្ឋា​ភិ​បាល​ជ្រៀត​ជ្រែក​ចូល​។

ក្រុម​មេធាវី​ការពារ​ចុង​ចោទ​បាន​សរសេរ​នៅ​ក្នុង​អនុស្សរណៈ​ជា​ភាសា​ខ្មែរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គណៈកម្មា ធិការ​វិធាន​ផ្ទៃ​ក្នុង និង​នីតិ​វិធី​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ថា “អាជ្ញាធរ​កម្ពុជា​មិន​ដែល​លាក់​ទុក​គំនិត​បដិសេធ​របស់​ខ្លួន​ចំពោះ​ប្រតិបត្តិការ​ស៊ើប​អង្កេត​របស់​សា​លាក្តី​ខ្មែរ​ក្រហម​ទេ”។

មេធាវី​ទាំង​នោះ​បាន​លើក​ឡើង​បន្ថែម​ទៀត​​ថា “ជា​ពិសេស​ ប្រតិបត្តិការ​ដែល​អាច​ប៉ះ​ពាល់​ដល់​មន្ត្រី​ជាន់​ខ្ពស់​ និង​មន្ត្រី​មាន​អំណាច​អាច​នាំ​ឲ្យ​មាន​​ភាព​តាន​តឹង​។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ព្រម​ទាំង​រដ្ឋមន្ត្រី​ជា​ច្រើន​​​រូប​ទៀតតែង​តែ​ដាក់​សម្ពាធ​ជា​ចំហ​ទៅ​លើ​អង្គការ​សហ​ប្រជាជាតិ​​ (UN) ឲ្យ​បញ្ឈប់​ប្រតិ​បត្តិការ​ស៊ើប​អង្កេត​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​អ្នក​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិ​បាល”។

ព្រះ​រាជ​អាជ្ញា​អង្គការ​សហ​ប្រជា​ជាតិ​បាន​បើក​សវនាការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំនួន​ពីរ​​ចំពោះ​ជន​សង្ស័យ​ប្រាំ​នាក់​ដែល​មាន​តំណែង​កម្រិត​កណ្តាល​ក្នុង​របប​ខ្មែរ​ក្រហម​ កាលពី​ឆ្នាំ​២០០៩​ ទោះ​បី​ជា​មាន​ការ​បដិសេធ​ខ្លាំង​ពី​លោក ហ៊ុន សែន ដែល​បា​ន​លើក​ឡើង​ថា សំណុំ​រឿង​ថ្មី​ៗ​ទាំង​នេះ​អាច​នាំ​ឲ្យសង្គ្រាម​ស៊ីវិល​កើត​ឡើង​។

តាំង​ពី​នោះ​មក ​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​តុលាការ​ខា​ងភាគី​ជាតិ​បាន​បដិសេធ​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ប្រតិបត្តិការ​ស៊ើប​អង្កេត​ដែល​បាន​បន្ត​ទៅ​លើ​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ប្រល័យ​ពូជ​សាសន៍​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយ​ជន​សង្ស័យ​។​​

ទាំង​លោក ជា លាង សហ​ព្រះ​រាជអាជ្ញា​ជាតិ​ និង​លោក យូ ប៊ុន​ឡេង សហ​ចៅក្រម​ជាតិ​ បាន​បដិសេធ​មិន​ចូល​រួម​ជំរុញ​ ឬក៏​ស៊ើប​អង្កេត​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស​ទាំង​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​កាលពី​ថ្ងៃ​សុក្រ លោក មីឆេល កា​ណា​វ៉ាស់ (Michael Karnavas) និង​លោក​ អង់​ឧត្តម មេធាវីការពារជន​សង្ស័យ​ឈ្មោះ មាស​ មុត បាន​​បង្ហាញ​ក្តី​កង្វល់​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការកែ​ប្រែ​វិធាន​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ដោយ​បាន​កត់​សម្គាល់​ថា មិន​ធ្លាប់​មាន​រឿង​បែប​នេះ​ទេនៅ​ក្នុងច្បាប់​កម្ពុជា ឬ​ក៏​នៅ​ក្នុង​ច្បាប់​ផ្ទាល់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ ដែល​អនុញ្ញាតឲ្យ​មាន​ការ​ដក​បទ​ចោទ​ប្រកាន់​ចេញ​ពី​ដីកា​ចោទ​ប្រកាន់​។

មេធាវី​ទាំង​ពីរ​រូប​នេះ​ក៏​បាន​លើកឡើង​បន្ថែម​ទៀត​ថា ការ​អនុញ្ញាត​​ឲ្យ​មាន​ការ​ដក​បទ​ចោទ​ប្រកាន់​បែប​នេ​ះ​អាច​បង្ក​ផល​ប៉ះ​ពាល់​ទៅ​លើ​សិទ្ធិ​ជន​រង​គ្រោះ​ដែល​ចូល​រួម​ នៅ​ក្នុង​ដំណើរការ​កាត់​ក្តី​របស់​តុលាការ​នេះ​។  គួរបញ្ជាក់​ថា ជន​រង​គ្រោះ​បែប​នេះ​ត្រូវ​បាន​គេ​​​ស្គាល់​ថា ភាគី​រដ្ឋប្ប​វេណី​។

លោក ពេជ្យ អង្គ ដែល​មេធាវីតំណាង​ភាគី​​​រដ្ឋ​ប្បវេណី​ក្នុង​សំណុំ​រឿង​០០២ បាន​ឯក​ភាព​ថា កូន​ក្តី​របស់​លោក​នឹង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កែ​ប្រែ​វិធាន​​នេះឡើយ។ នេះ​មាន​ន័យ​​ថា បណ្តឹង​សារ​ទុក​្ខ​របស់​កូន​ក្តី​លោកនឹង​មិន​ត្រូវ​បាន​វិនិច្ឆ័យ​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​ដក​បទ​ចោទ​ប្រកាន់​ច្បាស់​លាស់​មួយ ឬក៏​លុប​ចោល​សកម្មភាព​ចុះ​ពិនិត្យ​កន្លែង​កើត​ហេតុ​​អាច​ប៉ះ​ពាល់​ភាគី​រដ្ឋប្បវេណី​ ពោល​គឺ​ភាគី​រដ្ឋ​ប្បវេណី​ និង​មិន​ពេញ​ចិត្ត​នឹង​រឿង​នេះ​ទេ ហើយ​វា​មិន​អាច​នាំ​ឲ្យ​មាន​កិច្ច​ពិភាក្សា​ដេញ​ដោល​នៅ​ក្នុង​សវនាការ​ផ្តន្ទាទោស​បាន​ទេ​ ហើយ​សំណង​ក៏​មិន​អាច​ត្រូវ​បាន​ទាម​ទារ​ផង​ដែរ”។

កាលពី​ដំបូង​ ព្រះ​រាជអាជ្ញា​នានា​បាន​ស្នើ​ឲ្យ​​មាន​ការ​កែ​ប្រែ​វិធាន​នៅ​ក្នុង​សេចក្តី​ប្រកាស​ផ្ទៃ​ក្នុង​មួយ​កាលពី​​ថ្ងៃ​ទី​៤ ខែ​មីនា ដោយ​បាន​លើក​ឡើង​ថា វា​ជា​រឿង​បន្ទាន់​សម្រាប់​គណៈ​កម្មាធិការ​វិធាន​ផ្ទៃ​ក្នុង​ និង​នីតិវិធី​ព្រម​ទាំង​ចៅ​ក្រម​ពេញ​អង្គ​ជួប​ប្រជុំ​ជា​មួយ​គ្នា​ ដើម្បី​វាយ​តម្លៃ​សំណើ​ព្រះ​រាជអាជ្ញា​ទាំង​នោះ​ភ្លាម​ៗ​។

ពួកគេ​បាន​លើក​ឡើង​ថា ការ​លើកលែង​ការ​ចោទ​ប្រកាន់​អាច​នាំ​ឲ្យ​មាន​ការ​ចំណាយ​ធ្លាក់​ចុះ​ច្រើន​ និង​អាច​គ្រប់​គ្រង​បាន​ច្រើន​ជាង​មុន​ ក្នុងការ​ចាត់​ការ​សំណុំ​រឿង​ដែល​នៅ​សល់​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម។ ចៅក្រម​នៅ​ក្នុង​សាលា​​ក្តី​ខ្មែរ​ក្រហម​មិន​បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ សម្រាប់​ពិភាក្សា​គ្នា​អំពី​ការ​កែ​ប្រែ​វិធាន និង​ចំណុច​កែ​ទម្រង់​​សំខាន់​ៗ​ទេ បើ​គិត​តំាង​ពី​ឆ្នាំ​២០១០​មក៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស