29.6 C
Phnom Penh

ទី​បំផុត​ប្រជាពល​រដ្ឋ​ដែល​ជាប់ពាក់​ព័ន្ធ​​ក្នុង​ជម្លោះ​ដីធ្លី​រយៈពេល​៩​ឆ្នាំនៅកំពង់​ឆ្នាំ​​ទទួល​យក​សំណង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​មាន​វិវាទដីធ្លី​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​៧​ឆ្នាំ​ជាមួយ​​ក្រុម​ហ៊ុន​មួយ​​របស់ភរិយាមន្ត្រីរដ្ឋាភិបាល​​មួយ​រូប​ ប្រជា​ពល​រដ្ឋ​ចំនួន​៣៨​គ្រួសារ​បាន​ទទួល​យក​ប្រាក់​សំណង​កាល​ពីថ្ងៃ​សុក្រ​នៅក្នុង​ខេត្ត​កំពង់​ឆ្នាំ​ងដើម្បី​បញ្ចប់​ការ​ប្តឹង​ផ្តល់​ជុំវិញ​​ដី​ទំហំ​១៤៥​ហិកតា​។ 

ប្រជា​ពល​រដ្ឋ​ទាំង​៣៨​គ្រួសារ ​នេះ​ត្រូវ​បាន​កោះហៅ​កាល​ពីថ្ងៃ​សុក្រ ដោយ​គណៈ​កម្មការ​មួយ​ដែល​មាន​សមាជិក​១៥រូប​ដែល​រដ្ឋាភិបាល​បាន​បង្កើត​ឡើង​ដើម្បីដោះ​ស្រាយ​​វិវាទ​ដីធ្លី​នេះ​។ តំណាង ​ប្រជា​ពល​រដ្ឋ​ទាំង​នេះនិយាយ​ថា ពួក​គាត់​មាន​​ការ​ស្ទាក់​ស្ទើរ​ក្នុងការ​សម្រេច​ចិត្ត​ទទួល​យក​សំណង​នេះ​។

ប្រជា​ពល​រដ្ឋ​ដែលរស់​នៅ​ក្នុង​ភូមិ​ឡពាង​ ឃុំ​តាជេស ​បាន​ប្តឹង​ផ្តល់​គ្នាជា​មួ​យ​​ក្រុម​ហ៊ុន KDC ​International Co. ដែល​ជា​ក្រុម​​​ហ៊ុន​​​របស់​លោក​ស្រី​ ជា ខេង ភរិយារបស់​លោក​ ស៊ុយ​ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ និង​ថាម​ពល ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។

ចំនួន​ប្រាក់​សរុបដែល​បង់​ឲ្យគ្រួសារ​ទាំង​នេះ​មិន​​ត្រូវ​បាន​​ប្រកាស​ឲ្យដ​ឹង​ជា​សា​ធា​រ​ណៈ​​​​ទេ​។ អ្នក​ខ្លះបាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​កាល​ពីថ្ងៃ​សុក្រ​ថា ពួក​គាត់​ទទួល​បាន​ប្រាក់​សំណង​៦.០០០ដុល្លារ​​។

គ្រួសារ​ទាំង​នេះ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ ជា ខេង​ ថា បាន​ចាប់​យក​ដីរបស់​ពួក​គាត់​។​​​​ សាលា​ដំបូ​ងខេត្ត​កំពង់ឆ្នាំង​ និង​សា​លា​ដំបូង​រាជធានី​ភ្នំពេញមិន​​​ចាត់​​​ការ​​​​​​ឬ​​​ច្រាន​ចោល​​ពាក្យ​បណ្តឹ​ងទាំង​នេះម្ត​ង​ហើយ​ម្តង​ទៀត​។ ជា​លទ្ធ​ផល​​គ្រួសារ​ទាំង​នេះ​បាន​បោះ​បង់​ការ​ប្តឹង​ផ្តល់​​តាម​ផ្លូវ​ច្បាប់​​របស់​ពួកគាត់​ ហើយ​​​​បាន​សម្រេច​ចិត្ត​ទទួល​យក​ប្រាក់​នេះ​។

លោក​ ផេង រុំ ​តំណាង​ម្នាក់​របស់​គ្រួ​សារ​ទាំង​នេះ​ដែលបាន​ទទួល​យក​ប្រាក់​៦.​០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ដី​ពីរ​ហិកតា​របស់​គាត់​ដែល​បាន​បាត់​បង់ទៅ​ បាន​និយាយ​ថា “ខ្ញុំបង្ខំ​ចិត្ត​​ទទួល​យក​ប្រាក់​នះ​ ពីព្រោះទី​១​ខ្ញុំ​ធុញ​ទ្រាន់​នឹង​ប្រព័ន្ធ​តុលាការ​ដែល​មិន​ចាត់​វិធាន​កា​រ​​នៅក្នុង​វិវាទ​នេះ​។ ទី២​ស្ត្រី​អ្នក​មាន​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា គា​ត់​នឹង​អភិវឌ្ឍដី​នេះ​ឲ្យ​ទៅជា​តំបន់សេដ្ឋ​កិច្ច​ពិសេស​  ហើយ​ផ្តល់​ការ​ងារ​ដល់​កូន​ៗ​របស់​ពួក​យើង​។

អ្នក​ស្រី ចាប បាត អាយុ​៧១​ឆ្នាំដែល​បាន​ប្តឹង​លោកស្រី​ ជា ខេង កាល​ពីឆ្នាំ​មុន​ ហើយ​បាន​ចាញ់​ក្តីនោះ​ និយាយ​ថា អ្នកស្រី​ទទួល​បាន​ប្រាំ​រយ​​ដុល្លារ​ដើម្បី​បញ្ចប់​វិវាទ​ជុំ​វិញ​ដី​មួយ​ឡូតិ៍​ ទំហំ​៣.០០០ម៉ែត្រ​ក្រឡា​។

គាត់​និយាយថា “ពេល​នេះ​ខ្ញុំ​ចាស់​ណាស់​ទៅ​ហើយ​ ហើយ​ខ្ញុំ​ដឹង​ថា ប្រព័ន្ធ​តុលាការ​មិន​ដែល​កាន់​ជើង​អ្នក​ក្រ​ទេ​ ដូច្នេះ​​​ហើយ​បាន​ជា​ខ្ញុំ​ព្រម​ទទួល​​យក​ប្រាក់​នេះ​​សម្រាប់​ការ​បាត់​បង់​ដី​របស់​ខ្ញុំ​ទៅលើ​ក្រុម​ហ៊ុន​អ្នក​មាន​ និង​មាន​ឥទ្ធិពល​នេះ​”។

លទ្ធផល​នៃការ​ចរចាកាល​ពីថ្ងៃ​សុក្រ ជា​មួយ​គណៈកម្មការ​នេះ​ កើត​មាន​បន្ទាប់​ពី​ការ​ចរចា​កាល​ពីខែ​មុន​រវាង​គ្រួសារទាំង​នេះ​ និង​លោកស្រី ជា​ ខេង​ ព្រម​ទាំង​លោក​ ផាត​ពៅសេង​ ដែល​ជា​មេធាវី​របស់​គាត់​ មិន​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ទេ​។ អំឡុង​ការ​ចរចាទាំង​នោះ លោកស្រី​ ជា ខេង និង​លោក​ ផាត ពៅ​សេង​ បាន​ប្រាប់​គ្រួសារ​ទាំង​នេះថា ពួកគាត់​មិន​បាន​ផ្តល់​ភ័ស្តុ​តាង​គ្រប់​គ្រាន់​បញ្ជាក់​ថា ពួគ​គាត់​ជា​ម្ចាស់​ដ​ីនេះ​ទេ។

លោក​ ផាត ពៅ​សេង​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​សុក្រ ថា ពេល​នេះក្រុមហ៊ុន​បាន​ឈាន​ដល់​ការ​បង់​ប្រាក់សំណង​ដល់​គ្រួសារទាំង​នេះ​ហើយ ប៉ុន្តែ បានបដិសេធ​មិន​បញ្ជាក់​លម្អិត​ទេ​។ លោក​មាន​ប្រសាសន៍​សំដៅ​ដល់​ការ​បង់​ប្រាក់​ឲ្យគ្រួសារទាំង​នេះថា “ពេល​នេះ​​យើង​កំពុង​តែ​ធ្វើ​វា​ហើយ​”។

លោក​ ចាន់ សុវ៉េត អ្នក​សើុប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ដែល​បាន​​ឃ្លាំ​មើល​វិវាទ​នេះ​រហូត​មក​ បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃសុក្រថា គ្រួសារ​ទាំង​នេះ​សុខចិត្ត​ទទួល​យក​ប្រាក់​នេះ​ដោយសារ​តែ​គ្មាន​ជម្រើស​ផ្សេង​។ លោក​បន្ត​ថា “ដោយ​សារ​តែ​អ្នក​ភូមិ​គ្មាន​ជម្រើស​ផ្សេង​ ពួក​គាត់​ភាគ​ច្រើន​បាន​យល់​ព្រម​ទទួល​យក​ប្រាក់​ដើម្បី​បញ្ចប់​វិវាទ​ ពីព្រោះ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​សុទ្ធតែ​នៅ​ខាង​ក្រុម​ហ៊ុន​នេះ”៕សុខុម​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស