32.5 C
Phnom Penh

បក្ស​សង្គ្រោះ​ជាតិ​៖ វាល​ពិឃាត​ជើង​ឯក​ឆ្ងាយ​ពេក​ ទើប​ចង់​ប្តូរ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​មក​ទួល​ស្លែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​ប្តូរ​ទី​តាំង​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ប្រចាំឆ្នាំ​ដល់​ពល​រដ្ឋ​ខ្មែរ​ប្រមាណ​១,៧លាន​នាក់​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ទៅ​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែងនៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​វិញ​។

ជា​ទម្លាប់ គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃ​ទី​១៧​ ខែមេសា​នៅឯ“​វាល​​​​ពិឃាត” ជើង​ឯក​ដែល​ស្ថិត​នៅ​ជាយ​រាជ​ធានី​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​រំឭក​ដល់​ថ្ងៃ​​នៅក្នុង​ឆ្នាំ​១៩៧៥​​នៅ​ពេល​ខ្មែរ​ក្រហម​បាន​ចូល​ទី​ក្រុង​​​ភ្នំពេញ​ ហើយ​បាន​ក្តោប​ក្តាប់​អំណាច​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​នោះ​។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ គណបក្ស​ប្រឆាំង​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​វប្បធម៌​ដែល​គ្រប់​គ្រង​សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ដើម្បី​ស្នើ​សុំ​ប្រើ​ប្រាស់​សារ​​មន្ទីរ​នេះ​ជា​កន្លែង​ថ្មី​សម្រាប់​រៀប​ចំ​ប្រព្រឹត្តិការណ៍​របស់​ខ្លួន​។

លោក​​ ហូរ វ៉ាន់​ សមាជិក​សភា​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បន្ទុក​នៅ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ បាន​មាន​ប្រសាស​ន៍​​ថា “ យើង​នឹង​ធ្វើ​ពិធី​នៅ​ឯ​សារមន្ទីរ​ជើងឯក​នៅ​​ក្នុង​ករណី​ណា​ដែល​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ពិធី​នៅ​សារមន្ទីរ​ទួល​ស្លែង​ ប៉ុន្តែ​យើង​​​​ចង់​ធ្វើ​នៅ​ទួល​ស្លែង​ជាង​ ព្រោះ​វា​ជិត​”។

លោក ម៉ៅ​ មុនីវណ្ណ សមាជិក​សភា​ជាប់​ឆ្នោត​មក​ពី​គណ​បក្ស​ប្រឆាំង​ បាន​លើក​ឡើង​ថា គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​និមន្ត​ព្រះ​សង្ឃ​​ចំនួន​៥៧​អង្គ មក​ចូល​រួម​ពិធី​រំឭក​វិញ្ញាណ​ក្ខន្ធនេះ។​ មនុស្ស​ប្រហែល​១.០០០​នាក់​ត្រូវ​បាន​រំពឹង​ថា នឹង​មក​ចូល​រួម​នៅ​ក្នុង​ពិធីនេះ​។​

លោក អូន​ តឺម​ នាយ​ខុទ្ទកាល័យ​នៅ​ក្រសួង​​​​​វប្បធម៌​បាន​ឲ្យដឹង​ថា  លោក​នៅ​មិន​ទាន់​ ឃើញ​​​ការ​ស្នើ​​សុំ​នៅ​ឡើយ​ទេ​ ហើយ​លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​។

លោក​ ឡុង​ ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​អាច​នឹង​ធ្វើ​តាម​សំណើ​របស់​គណ​បក្ស​ប្រឆាំង​ ប្រសិន​បើ​ព្រឹត្តិការណ៍​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “វា​គ្មាន​ហេតុផល​ណា​ដែល​ត្រូវ​​រារាំង​ព្រឹត្តិ​ការ​ណ៍​សាសនា​នោះ​ទេ​ ប៉ុន្តែ​គេ​មិន​គួរ​ប្រើ​ប្រាស់​ពិធី​សាសនា​ជា​ឱកាស​ដើម្បី​វាយ​ប្រហារ​ [រដ្ឋាភិបាល​] ហើយ​ព្យាយាម​កេង​ចំណេញ​នយោបាយ​ឡើយ​”។

អំឡុង​ពិធី​​រំឭក​វិញ្ញាណក្ខន្ធ​នៅ​ឯ​វា​ល​ពិឃាត​ជើង​ឯក​ កាល​ពី​ឆ្នាំ​មុន​ លោក​ សម​  រង្ស៊ី​ ប្រធាន​គណ​សង្គ្រោះជាតិ​ បាន​ថ្លែង​ទៅ​កាន់​មនុស្ស​ដែល​ម​ក​ជួប​ជុំ​គ្នា​តាមរយៈ​ទូរស័ព​​្ទ​ពី​ប្រទេស​បារាំង​​ ខណៈ​លោក​កំពុង​និរទេស​​ខ្លួន​ឯង​នៅ​ទី​នោះ​។ លោក​បាន​ចោទ​ប្រកាន់​មន្ត្រី​រដ្ឋាភិបាល​ដែល​មិន​បញ្ចេញ​ឈ្មោះ​ពី​បទ​រា​រាំង​ដល់​​ដំណើរ​ការ​កាត់​ក្តី​របស់​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ពី​បទ​ធ្វើ​ឲ្យ​អាក់​ខាន​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​នៅ​សម័យ​ខ្មែរ​ក្រហម​។

នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំមុន​ លោក​ កឹម​​ សុខា​ អនុ​ប្រធាន​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ក៏​ត្រូ​វ​បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​យុទ្ធ​នា​ការ​មួយ​ដោយ​អះអាង​ថា វៀត​ណាម​​​បាន​ប្រឌិត​​​ការ​ធ្វើ​ទារុណកម្ម​ ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​នៅ​គុក​​ទួល​ស្លែង​ តាម​រយៈ​ការ​ចង​ក្រង​ឯកសារ​បាន​យ៉ាង​ល្អ​។

តែ​ទោះ​ជា​យ៉ាង​​ណា​ លោក​ កឹម​ សុខា​ បាន​បដិសេធ​យ៉ាង​​​ដាច់អហង្ការ​ដោយ​លើក​ឡើង​និង​ចោទ​​​ប្រកាន់​រដ្ឋាភិបាល​ថា កាត់​ត​ខ្សែ​អាត់សំឡេង​​ ហើយ​​​ដោយ​សារ​តែ​ហេតុ​ផល​ទាំង​នេះ​ គណ​​​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​អនុម័ត​ច្បាប់​មួយ​​ដើម្បី​ចាត់​ទុក​ការ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ជា​រឿង​ខុស​ច្បាប់​៕​ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស