28.4 C
Phnom Penh

ប្រធាន​ ស៊ីខៅឌូ​ បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​សម្រាប់​ការ​សាក​សួរ​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ អាត់ ធន់​ ប្រធាន​សហ​ជីព​ដែល​ដឹក​នាំ​ការ​ធ្វើ​កូដកម្ម​នៅ​រោង​ចក្រ​កាត់​ដេរ​ SL កាល​ពី​ឆ្នាំមុន​ បាន​បង្ហាញខ្លួន​ចំពោះ​មុខ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ​សម្រាប់​ការ​សាកសួរ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​ កម្មករ​កាត់​ដេរ​កម្ពុជា​ហៅកាត់​ថា ស៊ីខៅឌូ​ ដែល​ដឹក​នាំ​ដោយ​លោក​ អាត់​ ធន់​ បាន​ដឹកនាំ​ការ​តវ៉ា​អស់​រយៈពេល​ជា​ច្រើន​ខែ​កាល​ពី​ឆ្នាំមុន​ដើម្បី​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ SL ដែល​ស្ថិត​នៅ​ក្នុ​ង​ខណ្ឌ​មាន​ជ័យ​រាជ​ធានី​ភ្នំពេញ​។

ការ​ធ្វើ​កូដកម្ម​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នៅ​​ពេល​នគរ​បាល​​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​និង​កម្មករ​កាត់​ដេរ​​ប្រដាប់​ដោយ​ដុំ​ថ្ម បាន​ប៉ះ​ទង្គិច​គ្នា​អំឡុង​ការ​តវា៉​នៅ​តាម​ផ្លូវ​មួយ​ដោយ​បណ្តាល​ឲ្យ​ស្ត្រីម្នាក់​បាន​ស្លាប់​។

លោក​ អាត់​ ធន់​ បាន​លើក​ឡើង​បន្ទាប់​ការ​​សាក​សួរ​កាល​ពី​ម្សិល​មិញ​ថា ព្រះរាជ​អាជ្ញា​បាន​លើក​ឡើង​ថា លោក​ត្រូវ​បាន​ចោទ​ប្រកាន​​់​​ពី​បទ​ញុះញង់​ឲ្យ​កើត​មាន​កូដកម្ម​បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្តឹង​ជា​ច្រើន​រួច​។

លោក​ អាត់​ ធន់​ បាន​មាន​ប្រសាសន៍​ថា “ចៅ​​ក្រម​ស៊ើប​សួរ​បាន​សាក​សួរ​ខ្ញុំ​បន្ទាប់​ពី​​ព្រះ​រាជ​អាជ្ញា​បាន​ស្នើ​ឲ្យ​មាន​​ការ​ចោទ​ប្រកាន់​​​​​​ពី​បទ​ញុះញង់​​ឲ្យ​កើត​មាន​ការ​ប្រព្រឹត្ត​បទ​​ល្មើស​​។ រោង​ចក្រ​និង​កម្មករ​ម្នាក់​ក្នុង​ចំណោម​​​កម្មករ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ​មាន​ការ​គប់​ដុំ​ថ្ម​​ធ្វើ​ឲ្យ​ភ្នែកម្ខាង​​របស់​គេ​ពិការ​​”។

លោក​ អាត់​ ធន់​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ ជន​រង​គ្រោះ​បាន​និយាយ​ថា “ខ្ញុំ​បាន​ទៅ​ដល់​រោង​ចក្រ​ហើយ​បាន​គប់​ដុំ​ថ្ម​។ តុលា​ការ​បាន​ប្រាប់​ខ្ញុំ​ថា ខ្លួន​គឺ​គ្រាន់​តែ​អនុវត្ត​តាម​នីតិ​វិធី​តុលាការ​​ ហើយ​ [ចៅ​ក្រម​] នៅ​មិន​ទាន់​ដឹង​ថា តើ​ត្រូវ​ចោទ​ប្រកាន់​ ឬក៏​លើក​លែង​ការ​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ”​។  ប៉ុន្តែ​មេ​ដឹក​នាំ​សហ​ជីព​រូប​នេះក៏​បាន​បដិសេធ​​​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ណា​មួយ​ឡើយ​។

លោក​ អាត់​ ធន់​ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “នៅ​ថ្ងៃ​កើត​ហេតុ​ យើង​នៅឯ​ទី​ស្នាក់​​​​​​ការ​កណ្តាល​របស់​យើង​ ហើយ​ធ្វើ​ការ​ជា​ធម្មតា។​ យើង​មិន​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ទេ​ ហើយ​យើង​បាន​ប្រាប់​ព្រះរាជ​អាជ្ញា​ថា​ វា​​ខុស​ដែល​ចោទ​ប្រកាន់​យើង​ថា ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​នេះ​”​។

លោក​ គឹម​ សុជាតិ​ មេធាវី​របស់​លោក​ អាត់​ ធន់​ បាន​លើក​ឡើង​ថា តុលាការ​ក៏បាន​លើក​ឡើង​ពី​​លក្ខខណ្ឌ​សុំ​ឲ្យ​មានការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​ដែល​លោក​ អាត់​ ធន់​ នឹង​​ត្រូ​វ​ប្រឈម​​ផង​ដែរ ប្រសិន​បើ​លោកត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​មែន​នោះ​។ មេធាវី​រូប​នេះ​ បាន​លើក​​ឡើង​ថា​ ការ​ចោទ​ប្រកាន់​បែប​នេះ​អាចនឹង​កើត​មាន​នៅ​ខែ​នេះ​។

មេ​ធាវី​រូប​នេះ​បាន​ពន្យល់​ថា “[គាត់​នឹង​ត្រូវ​] បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរ​បាល​នៅ​ចុង​សប្តាហ៍។​ នៅ​ពេល​តុលាការ​កោះ​ហៅ​គាត់​  គាត់​​ត្រូវ​តែ​បង្ហាញខ្លួន​នៅ​តុលាការ​ ហើយ​​គាត​់​​ត្រូវ​តែ​តម្កល់​ប្រាក់​​ចំនួន​២៥.០០០​ ដុល្លារ​ សម្រាប់​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​”។

លោក​ ឯក ឆេង​ហួត​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សំណុំ​​រឿង​នេះ​ឡើយ​ កាល​​ពី​ម្សិល​មិញ​ ដោយ​បង្វែរ​សំណួរ​ទៅ​ចៅ​ក្រម​ ជា​ សុខ​ហៀង​ ដែល​មិន​អាច​ទាក់​ទង​​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​។

លោក​ កោះ ចុង​ហូ​ អ្នក​គ្រប់​គ្រង​ទូទៅ​នៅ​រោង​ចក្រ​កាត់​ដេរ​ SL បាន​បដិសេធ​ថា រោង​​ចក្រ​របស់​លោក​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​​លោក​ អាត់ ធន់​ នោះទេ​។

លោក​ ចុងហូ​ បាន​និយាយ​ថា “ ខ្ញុំ​គិត​ថា សំណុំ​រឿង​នេះ​ គឺ​មក​ពី​បុគ្គល​ផ្សេង​ម្នាក់​ទៀត​។វា​មិន​មែន​មក​ពី​រោង​ចក្រ​ SL នោះ​ទេ​។​​ យើង​​បាន​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​តាម​​ការ​ព្រម​ព្រៀង​នៅ​ថ្ងៃ​ទី​៣​ ខែ​ធ្នូ​ រួច​ហើយ​”។

លោក​ សុជាតិ​ បាន​បន្ត​​ថា​​ ពាក្យ​បណ្តឹង​នេះ​ត្រូ​វ​បាន​ដាក់​ប្តឹង​ជា​ផ្លូវ​ការ​ដោយ​សន្តិសុខ​​​ម្នាក់​ដែល​រោង​ចក្រ​កាត់​ដេរ​ SL ​បាន​ជួល​។

សមាជិក​ ស៊ីខៅ​ឌូ​ ទី​បញ្ចប់​បាន​ប្រកាស​បញ្ចប់​ការ​ធ្វើ​កូដកម្ម​នៅ​ដើម​ខែ​ធ្នូ​ បន្ទាប់​​ពី​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ SL បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​ដែល​រួម​មាន​ការ​បើក​ប្រាក់​ខែ​ពាក់​កណ្តាលខែ​​ឲ្យ​កម្មករ​រោង​ចក្រ​កាត់ដេរ​​អំឡុង​ការ​ធ្វើ​កូដកម្ម​ និង​ការ​ដក​លោក​​ មាស​ សុធា​ ​ជា​អ្នក​មាន​ភាគហ៊ុន​មួយ​រូប​ដែល​ត្រូវ​បាន​រិះ​គន់​ថា បាន​​គាប​សង្កត់​សកម្មភាព​​ប្រចាំ​ថ្ងៃ​របស់​សហជីព​​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ពី​តំណែង​ជាដើម។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ កម្មករ​ដែល​ជា​សមាជិក​សហជីព​នៅ​រោង​ចក្រ​កាត់​ដេរ​​ SL បាន​លើ​ក​ឡើង​ថា​ ខ្លួន​នៅ​មិន​​​ទាន់​ទទួល​បាន​​ប្រាក់​ឈ្នួល​ដែល​អ្នក​គ្រប់​គ្រង​រោង​ចក្រ​បាន​សន្យា​ផ្តល់​ឲ្យ​​តាម​ការ​ព្រម​ព្រៀង​​បញ្ចប់​ការ​ធ្វើ​កូដកម្ម​នៅ​ឡើយ​ទេ​។ ពួក​គេ​ក៏​បាន​លើក​ឡើង​ដែរថា លោក​ មាស​​ សុធា​ នៅ​​តែ​ប្រើ​វិធី​សាស្ត្រ​គាប​សង្កត់​នៅ​ក្នុង​ការ​គ្រប់​គ្រង​កម្មករ​ក្នុង​រោង​ចក្រ៕​ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស