39.4 C
Phnom Penh

នគរបាលបញ្ជាក់ថា សារធាតុគីមីត្រូវបានប្រើសម្រាប់ផលិតសាប៊ូ មិនមែនគ្រឿងញៀនទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបានបញ្ជាក់កាលពីម្សិលមិញថា សារធាតុគីមី​៣០តោន​​ដែលនគរបាល​រឹប​អូសបាន​​​កាលពី​ថ្ងៃពុធ  ត្រូវបាន​ប្រើ​ដើម្បី​​ផលិតសាប៊ូ​ក្លែងក្លាយ។ ពួកគេ​​បាន​បដិសេធ​មិនបញ្ចេញឈ្មោះ​​ជនជាតិចិន​​ដែលត្រូវ​បាន​ចាប់ខ្លួន​​ទាក់ទង​ក្នុងការ​ឆ្មក់ចាប់នោះឡើយ។

សារធាតុ​​គីមីរាវនិងរឹងត្រូវបាន​រក្សាទុក​នៅក្នុងធុងធំ​​ពណ៌​ខៀវ​ ដបនិងការុងក្នុង​ឃ្លាំង​មួយ​ក្នុងស្រុកស្អាង ​ខេត្តកណ្តាល។ នគរបាលបានធ្វើ​តេស្តដើម្បីច្រាន​ចោលការ​សង្ស័យ​​ថា​​សារធាតុគីមីនេះត្រូវបា​ន​រក្សា​ទុក​ដើម្បី​ផលិតគ្រឿងញៀនខុស​ច្បាប់។

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង ប្រធាន​​​នាយកដ្ឋាន​នគរបាលសេដ្ឋកិច្ច​​របស់​ក្រសួង​​​មហាផ្ទៃ ​បានមាន ប្រសាស ន៍ថា “ យើង​​​បាន​រក​​​ឃើញសារធាតុ​គីមី​​បួនប្រភេទ អាស៊ីត ម៉្សៅ និង​​​សាប៊ូបីប្រភេទ ប៉ុន្តែមិន​​ពាក់​​ព័ន្ធ​ក្នុង​ការ​​​ផលិតគ្រឿងញៀនទេ​​”។

លោក​បានមានប្រសាសន៍ថា លោកមិន​អាច​ប្រាប់ឈ្មោះជនសង្ស័យ ដែល​ត្រូវ​បាន​​​​​​សាកសួរ​កាលពីម្សិលមិញនៅឯ​សា​លា​​​ដំបូង​​ខេត្តកណ្តាលឡើយ។

លោកបានឲ្យដឹងថា នគរបាល​​បាន​កំណត់​ថា ម៉្សៅសដែលត្រូវបានរឹបអូសអំឡុងការ​ឆ្មក់ចាប់​នៅក្នុងឃុំស្វាយ​រលំ ​ត្រូវបាន​ប្រើ​​ដើម្បីផលិតសាប៊ូក្លែងក្លាយ។

ទោះជាយ៉ាងណា លោកឧត្តមសេនីយ៍​ឯក មាស វីរិទ្ធ អគ្គលេខាធិការ​នៃអាជ្ញាធរ​ជាតិប្រឆាំងគ្រឿង​ញៀន ​បានមាន​ប្រសាសន៍​ថា ​មន្ត្រី​​របស់​លោកនឹងធ្វើ​តេស្ត​នៅឯ​ទីពិ​សោធន​៍​ទៀត។ លោកបាន​បន្ថែម​​ថា “សារធាតុ​គីមី​បួន​​ឬ​​​ប្រាំប្រភេទ​ត្រូវបាននាំទៅ​ទីពិ​សោធន៍ដើម្បី​​​​​​រកឲ្យឃើញប្រភេទ​របស់​​វា”។ អាជ្ញាធរព្យាយាម​រឹតបន្តឹងការផលិត​សាប៊ូ​ក្លែងក្លាយ​ ពីព្រោះ​សារធាតុគីមី​​​អាច​បណ្តាល​​ឲ្យមាន​​បញ្ហាសុខភាព៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស