32.5 C
Phnom Penh

រោង​ចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ហ្គ្រេន ធ្វីន ​ពន្យា​រពេល​សម្រាប់ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន ហ្គ្រេន​ ធ្វីន អុី​ន​ធើណេសិន​ណ​ល​ (ខេមបូឌា) ខូ អិលធីឌី [Grant Twins Inter-    ​national (Cambodia) Co.,Ltd.] ​ដែលមាន​មូល​ដ្ឋាន​នៅ​ក្នុង​រាជធានីភ្នំពេញ​ និង​ជា​រោង ចក្រ​​កាត់ដេរ សម្លៀក បំពាក់​សម្រាប់​ផ្គត់ផ្គង់​​​ឲ្យ​ក្រុម​ហ៊ុន​ឈុត​សម្លៀកបំ​ពាក់​កីឡានៅ​ឯ​សហរដ្ឋ​អាមេរិក​ បាន​ប្រកាស​កាលពីម្សិល​មិញ​ថា ខ្លួន​នឹង​ពន្យា​រសម្រាប់​​ចុះបញ្ជី​នៅលើ​ផ្សារ​​មូល​បត្រ​កម្ពុជារយៈ​ពេល​បី​សប្តាហ៍​។

យោង​តាម​សេចក្តីប្រកាស​មួយ​នៅ​លើ​គេ​ហទំព័រ​របស់​ផ្សារ​មូល​បត្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ​ក្រុម​ហ៊ុន​តៃវ៉ាន់​មួយ​នេះ​មានគម្រោង​ ​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​បត្រនេះ​នៅថ្ងៃទី​២៩​ខែ​ឧសភា​ ក៏ប៉ុន្តែ ​សេចក្តី​ប្រកាស​នេះ​មិន​បាន​បញ្ជាក់​ពីមូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពន្យា​រពេល​នេះ​ទេ។ គួររំឭក​ថា ក្រុម​​ហ៊ុន​ហ្គ្រេន​ធ្វីន ដើម​ឡើយ​មាន​គម្រោង​​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី​៨ ខែឧសភា។

នៅពេ​ល​ក្រុម​ហ៊ុន​នេះ បោះ​ផ្សាយ​ប័ណ្ណ​ភាគ​ហ៊ុន​សម្រាប់​លក់​ឲ្យ​សាធារណជន​នៅ​ផ្សារមូល​បត្រ​កម្ពុជា​ ក្រុម​ហ៊ុន​នេះ​នឹង​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯកជន​ដំបូង​គេ​បង្អស់​ដែល​ជួញ​ដូរ​ភាគហ៊ុន​នៅ​លើ​ផ្សារ​មូល​បត្រ ហើយ​ក៏​ជា​​ក្រុម​ហ៊ុនទី២ ដែល​ចុះបញ្ជី​នៅលើ​ផ្សារ​មូល​បត្រ​នេះ​ផង​ដែរ​។ ក្រុម​ហ៊ុ​ន​ដំបូង​ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា​កាលពីខែ​មេសា ឆ្នាំ​២០១២ គឺ​​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំ​ពេញ​ ដែល​ជាក្រុម​ហ៊ុន​រដ្ឋ​។

ខណៈ​ដែល​សេចក្ដី​ប្រកាស​កាលពី​ម្សិល​មិញ គ្រាន់​តែ​បញ្ជាក​់កាល​បរិច្ឆេទ​ចុះ​បញ្ជី​ថ្មី​ សេចក្ដីប្រកាស​នេះ​ក៏បាន​ផ្ដល់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​ការ​បិទ​ដំណើរ​ការ​ប៊ុក​បៀល​ឌីង របស់​ក្រុម​ហ៊ុន​ហ្គ្រេន​ធ្វីន ផង​ដែរ​។ គួរ​បញ្ជាក់​​ថា ក្នុង​ដំណើរ​ការ​នេះ​ ក្រុម​ហ៊ុន​ចុះ​បញ្ជី​ត្រូវ​កត់​ត្រា​បរិមាណ​តម្រូវ​ការ​ប័ណ្ណ​ភាគ​ហ៊ុន​ពី​សំណាក់​វិនិយោគិន​ ដើម្បី​កំណត់​តម្លៃ​ភាគ​ហ៊ុន​សម្រាប់​ប្រកាស​លក់​ជា​សាធារណៈ​លើក​​​ដំបូង​ (IPO) ។

សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា “ក្រុម​​ហ៊ុន​មូល​បត្រ​​ភ្នំពេញ ដែល​ធានា​ដំណើរ​ការ​ទិញ​មូល​បត្រ​ក្នុង​ក្រុម​ហ៊ុន​ហ្គ្រេន​ធ្វីន នឹង​រៀប​ចំ​ដំណើរ​ការ​ IPO មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដល់​វិនិយោគិន​សាធារណៈ​ឲ្យ​បាន​ជ្រាប​ថា ក្រុម​ហ៊ុន​ហ្គ្រេន​ធ្វីន បាន​អនុ​វត្ត​ដំណើរ​ការ​ប៊ុក​បៀល​ឌីង ដោយ​ជោគ​ជ័យ​កាលពីថ្ងៃ​ទី១១ ខែមេសា ឆ្នាំ​២០១៤”។

សេចក្ដី​ប្រកាសដដែល​​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ក៏ប៉ុន្តែ​​លទ្ធផល​មិន​អាច​ត្រូវ​បាន​ប្រកាស​តាម​ពេល​វេលា​រំពឹង​ទុក​ទេ​ ពីព្រោះ​ចាំបាច់​ត្រូវ​មាន​លិខិត​អនុញ្ញាត​ចេញពី​គណៈ​កម្មាធិការ​មូល​បត្រ​កម្ពុជា”។

សេចក្ដី​ប្រកាស​នេះ​បញ្ជាក់​ទៀត​ថា ក្រុ​ម​ហ៊ុន​ហ្គ្រេន​ធ្វីន នឹង​ប្រកាស​វិនិយោគិន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៤មេសា និង​អ្នក​ដាក់​ពាក្យ​​ទិញ​ភាគ​ហ៊ុន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

លោក លាវ ជុង​តេ ប្រធាន​នាយ​ក​ប្រតិបត្តិ​​​ ក្រុម​ហ៊ុន​ហ្គ្រេន​ធ្វីន បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​អំឡុង​សន្និ​សីទ​កាសែត​កាលពីខែ​មុន​ថា ក្រុម​ហ៊ុន​នេះ​មាន​គម្រោង​បោះ​ផ្សាយ​ភាគ​ហ៊ុន​៨.០០០.០០០​​ហ៊ុន សម្រាប់​ប្រកាស​ ​លក់​ជា​សាធារណៈ​លើក​ដំបូង​ក្នុង​តម្លៃ​ចន្លោះ ​ពី​៧.៤០០​រៀល (ប្រហែល​១,៨៥​ដុល្លារ​) ទៅ​​ ១៤.០០០​រៀល​ (ប្រហែល​៣,៥​ដុល្លារ​)។

របាយការណ៍មួយ​ដែល​ត្រូវ​បាន​បង្ហាញ​ អំឡុង​សន្និសីទ​កាសែត​នោះ​បង្ហាញ​ថា ក្រុម​ហ៊ុន​នេះ​រំពឹង​ថា ប្រាក់​ចំណូល​របស់​ខ្លួន​នឹង​កើន​ឡើង​ដល់​៤០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​ ពោល​គឺ​កើន​ឡើង​ពី​ចំនួន​ប្រាក់​ចំណូល​ប៉ាន់​ស្មាន​៣០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ​។

ក្រុម​ហ៊ុន​ហ្គ្រេន​ធ្វីន គឺ​ជា​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​កីឡា​ម៉ាក Adidas និង​ម៉ាក​  Rebook ។ លោក លាវ ជុងតេ មិន​អាច​ទំនាក់​ទំនង​សុំធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិល​មិញ​៕ សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស