38 C
Phnom Penh

លោកស្រី មូរ សុខហួរ នឹង​ចាប់​ផ្តើម​យុទ្ធ​នាការ​ចូល​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ លោក​ស្រី​ មូរ​ សុខហួរ សមាជិក​សភា​ជាប់​ឆ្នោត​មក​ពីគណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាសថា លោក​ស្រី​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ចូល​ទៅកាន់​ទីលាន​ប្រជា​ធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​​ឡើង​វិញនៅព្រឹក​ថ្ងៃអាទិត្យ​។

កាល​ពីខែ​មុន​លោកស្រី មូរ សុខហួរ​ បាន​បង្ហាញខ្លួន​​នៅទីលាន​ប្រជាធិបតេយ្យ​តែ​ម្នាក់​ឯង​ក្នុង​រយៈពេល​បួ​ន​ថ្ងៃ​ជាប់​ៗគ្នា​ដើម្បី ប្រឆាំង​នឹង​បម្រាម​របស់​រដ្ឋាភិបាល​ដែល​ហាម​មិន​ឲ្យ​ជួ​ប​ជុំ​គ្នា​ជាសាធារណៈ​។​លោក​ស្រី​ត្រូវបាន​អាជ្ញាធរ​រារាំង​ជាប់​រហូត​ក្នុង​រយៈពេល​បួន​ថ្ងៃ​នោះ​។

លោក​ស្រីបាន​លើក​ឡើង​ថា លោកស្រី​នឹង​ព្យាយាម​ចូលទៅ​កាន់​ទីលាន​ប្រជាធិប​តេយ្យ​នៅ​ម៉ោង​៨​ព្រឹក​ក្នុង​ថ្ងៃអាទិត្យ ​និង​ថ្ងៃ​ច័ន្ទ​​ដោយ​មាន​ពាក់​អាវ​យឺត​ដែល​មាន​ស្លាក​សញ្ញា​ទាក់​ទិ​ន​នឹង​នយោបាយ​ដើម្បី​គាំទ្រ​ការ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​តែ​ផ្ទះ​ដែល​ចាប់​ផ្តើម​ឡើង​​ដោយ​សហជីព​ចំនួន​ប្រាំបី​ក្នុង​ចំណោម​សហ​ជីព​រោង​ចក្រ​កាត់​ដេរ​ទាំង​អស់​​នៅ​ទូទាំង​​ប្រទេស​កាល​ពីម្សិលមិ​ញ​។

លោកស្រី មូរ សុខហួរ​ បានមាន​ប្រសាសន៍​ ថា “នៅ​ថ្ងៃ​អាទិត្យ​ ខ្ញុំ​នឹង​ពាក់​អាវ​យឺត​​ដែល​មាន​ស្លាក​សញ្ញា ‘ប្រាក់​ខែគោល​១៦០​ដុល្លារ​’​  ហើយនៅថ្ងៃ​ច័ន្ទ​ ខ្ញុំ​នឹង​ពាក់​អាវ​យឺត​ដែល​មានស្លាក​សញ្ញា​ ‘ការ​ធ្វើ​ឃាត​លើ​កម្មករ​រោង​ចក្រកាត់​ដេរ​”។ កាល​ពីថ្ងៃទី​៣ ខែ​មករា​ កង​រាជអាវុធ​ហត្ថ​បាន​បាញ់​សម្លាប់​អ្នក​តវ៉ា​ចំនួន​ប្រាំ​នាក់​ និង​ធ្វើ​ឲ្យរង​របួស​ជាង​៤០នាក់​​ផ្សេង​ទៀត​ ដែល​ចូល​រួម​នៅក្នុងការ​ធ្វើ​កូដ​កម្ម​ទូទាំង​ប្រទេស​របស់​កម្មករ​រោង​ចក្រកាត់​ដេរដើម្បី​​ទាម​ទារដំឡើង​ប្រាក់​ខែគោល​​ដល់​១៦០ដុល្លារ​។

លោកស្រី​ មូរ សុខហួរ​ បានមាន​ប្រសាសន៍​ បន្ថែម​ថា “យើង​មិន​អាច​បណ្តោយ​​ឲ្យការ​ទាម​ទារ​ទាំងនេះបាត់​បង់​ទៅវិញ​ដោយ​សារ​ការ​បង្ក្រាប​នោះ​ទេ។ យើង​ចាំបាច់​ត្រូវ​តែ​ពាំ​​នាំ​ការ​ទាម​ទារទាំង​នេះ​ត្រឡប់​ទៅកាន់​ក្រុម​ហ៊ុន​វិញ​”៕ ស៊ុយ​ឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស