32.5 C
Phnom Penh

ស្ត្រីអ្នក​​​អ៊ុតសក់​​​ម្នាក់ត្រូវបានចាប់ខ្លួន​​​​​​ពីបទ​​​ឆបោក​​​​​​​​លក់​​​កាក់មាស​​​ក្លែង​​​ក្លាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កងរាជ​អាវុធ​ហត្ថ​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា ជាង​អ៊ុត​សក់​អាយុ​៥៧​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​សុក្រ ពីបទ​ឃុប​ឃិតជាមួយបុរស​​ជន​ជាតិ​ចិនម្នាក់​​លក់កាក់​មាស​ក្លែង​ក្លាយពី​​​​​​សម័យ​​​​​​រាជ​​​វង្ស​​​ឈីង​​​​ចំនួន​១២០​កាក់។

ជាង​អ៊ុត​សក់​ឈ្មោះ ចាន់ លីណា តាម​ចោទ​ថា បាន​ដើរ​តួ​ជាឈ្មួញកណ្ដាលរវាង​អ្នក​ឆបោក​ជន​ជាតិ​ចិន​រូប​នេះ និង​ជន​រង​គ្រោះ​ឈ្មោះ ឆាយ ឡេងហេង ជាអ្នក​លក់​អង្ករ​ដែល​បាន​ចំណាយ​ប្រាក់​៥០.០០០​ដុល្លារ​​​​ដើម្បី​ទិញ​កាក់​មាស​ក្លែង​ក្លាយ​នោះ​។ ការ​ដោះដូរ​នេះ​ធ្វើ​ឡើង​នៅ​ហាង​អ៊ុត​សក់​លីណា របស់​ស្ត្រី​ឈ្មោះ លីណា ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី៣ ខណ្ឌ​ដូន​ពេញ។

លោក ប៉ុល ដាវី មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានីបាន​មាន​ប្រសាសន៍​ថា “ជន​ឆបោក​បាន​និយាយ​ថា កាក់​មាស​ទាំង​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្នូរ​បុរាណ​មួយ​នៅ​ប្រទេស​ចិន ប៉ុន្តែ​គាត់​មិនហ៊ាន​លក់វា​នៅ​ប្រទេស​ចិន​ទេ។ ជន​រង​គ្រោះ​បាន​ចាញ់​បោក​​​​បុរស​ជន​ជាតិ​ចិនម្នាក់​​​​ដែល​បាននិយាយ​ថា កាក់​មាស​នេះ​បានមក​​​ពី​​​រាជ​វង្ស​ឈីង ហើយ​​​បុរស​ជន​ជាតិ​ចិន​រូប​នេះ​បាន​គេច​ខ្លួន​បន្ទាប់ពី​​​ទទួល​​​បាន​​​​ប្រាក់​៥០.០០០​ដុល្លារ​”។

ស្ត្រី​ឈ្មោះ លីណា បាន​ប្រាប់​នគរ​បាល​ថា គាត់​មិនដឹង​ថា កាក់​មាស​ទាំង​នេះ​ក្លែង​ក្លាយ​ទេ។ យោង​តាម​លោក លី គឹម​ឡេង មេបញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ បាន​ឲ្យ​ដឹង​ថា ទោះ​យ៉ាង​ណា អ្នក​ស្រី​ ឡេងហេង បាន​​​អះអាង​ថា ជាង​អ៊ុត​សក់​រូប​នេះ​បាន​អនុញ្ញាត​ឲ្យ​បុរស​ជនជាតិ​ចិន​រូប​នោះ​រត់​គេច​តាម​ទ្វារ​ក្រោយ​ហាង​ជាមួយនឹង​ប្រាក់​ទាំង​នោះ​ បន្ទាប់​​​ពី​​​គេ​​​បាន​​​ដឹង​​​ពី​​​ការ​ឆបោក​​​នេះ​​​​៕ សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស