32.5 C
Phnom Penh

អ្នកបើកបរ​រថយន្តក្រុង​​ក្រុមហ៊ុន​សូរិយាត្រូវបានបណ្តេញចេញ បន្ទាប់ពី​​ធ្វើកូដកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និយោជិតនិងតំណាង​សហជីព​បាន​ឲ្យដឹង​កាលពីម្សិលមិញថា ​អ្នកបើកបរ​រថយន្តក្រុង​យ៉ាង​តិច​ប្រាំបីនាក់​មកពីក្រុម​ហ៊ុន​ដឹក​ជញ្ជូន​សូរិយាភ្នំពេញ ត្រូវបាន​បណ្តេញចេញ​កាល​ពីសប្តាហ៍មុន​ ដោយសារ​ដឹកនាំ​កូដ​កម្មមួយ​មុន​បុណ្យចូលឆ្នាំខ្មែរ​​ ដើម្បីទាមទារ​ប្រាក់​ខែ​ខ្ពស់ជាងនេះ​។

អ្នកបើកបរប្រហែល​៨០នាក់​បានបន្ត​កូដកម្ម​កាល​​ពីថ្ងៃ​​ទី៣ ខែ​មេសា​ ដោយទាម​​ទារ​ឲ្យដំឡើងប្រាក់​៦០ដុល្លារ​ពីលើ​ប្រាក់ខែ​១២០ដុល្លារ​​របស់ខ្លួន​ ផលប្រយោជន៍​បន្ថែម​មួយចំនួន និងការផ្លាស់ប្តូរគោល​នយោ​បាយ ដែលនឹងអាចឲ្យពួកគេ​ដឹកអ្នក​ដំណើរ​បង់​ប្រាក់មិនកំណត់​តាមផ្លូវ​រថយន្ត​ក្រុង​ដើម្បី​លើកស្ទួយ​ប្រាក់​ចំណូល​​របស់​ខ្លួន។

អ្នកបើកបរចំនួន​ប្រាំបួននាក់​ត្រូវបាន​បណ្តេញ​ចោលបន្តបន្ទាប់​​ដោយសារ​​​បាន​ចូល​​​រួម​ជាមួយ​សហព័ន្ធការងារ​កម្ពុជា​ និង​​បាន​ចូល​រួម​​ក្នុង​ទិវា​សកម្មភាព​ឧស្សាហកម្ម​ នេះ​បើ​យោងតាម​លោក វ៉ន សម្បត្តិ ​​ដែល​ជា​ប្រធាន​សហជីព​​អ្នក​បើកបរនៅក្នុង​ក្រុម​ហ៊ុន​នេះ រហូត​​ដល់​លោកត្រូវ​បា​ន​បណ្តេញ​ចោល​​​​ជាមួយ​​នឹងអ្នក​បើកបរ​ប្រាំពីរនាក់​​ទៀត​កាល​ពីថ្ងៃ​​ទី១០ និង១១ខែ​មេសា។ លោកបានមាន​ប្រសាសន៍ថា​ “យើងត្រូវ​បាន​បណ្តេញចេញ ពីព្រោះ​​យើង​​​បាន​ចូល​រួម​​ជាមួយ​សហជីពនេះ​ បន្ទាប់​​មក​ចូល​រួម​កូដកម្ម​”។

ឈ្មោះ ​ឈិត ពេញ ឃុន សៅនី និង យឹម​គុយ​បា ដែល​​រួមជាមួយនឹងលោក​ វ៉ន សម្បត្តិ​បានធ្វើជា​តំ​ណាង​ថ្នាក់ដឹកនាំសហ​ជីព​ផង​ដែរ​​នោះត្រូវបា​ន​បណ្តេញ​ចេញ​​ជាមួយ​​នឹង​សមា​ជិកសហជីព​បួន​រូបទៀត ឯ​តំណាង​ម្នាក់​ឈ្មោះ សេង អុឹងឡេង បានសម្រេច​ចេញ​​​ពី​សហជីពនេះ​​ដើម្បី​រក្សា​ការងារ​​របស់ខ្លួន​។

លោក  វ៉ន សម្បត្តិ​ បានមាន​ប្រសាសន៍​ថា​ “អ្នកបើកបរ​ផ្សេងទៀតត្រូវបា​នគំរាម​ថា​ប្រសិន​ពួកគេមិនចេញ​​ពីសហជីពទេ​ ពួក​គេ​ក៏​នឹងត្រូវបណ្តេញចេញដែរ​​”។

លោក វ៉ន សម្បត្តិ បាន​ឲ្យដឹងថា អ្នកបើក​បរ​រថយន្តក្រុង​ជាង​៤០នាក់​បានធ្វើ​កូដកម្ម​​ជា​លើកទី២កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ​ដើម្បីតវ៉ា​ការ​ដេញចោលនេះ។ លោកបាន​បន្ថែមថា សមាជិក​សហជីព​នឹង​ដាក់ញត្តិ​មួយ​ថ្ងៃ​​នេះ​​ទៅក្រសួង​ការងារ​ អំពីការ​បណ្តេញ​​ចេញមិនត្រឹមត្រូវនេះ។

លោក ច័ន្ទ សុផាន់ណា អគ្គនាយក​​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​សូរិយា បានបញ្ជាក់ថា អ្នក​​បើកបររថ​យន្តក្រុង​​ចំនួនប្រាំបីនាក់​​​បាន​ចេញ​ពីក្រុម​ហ៊ុន​ ប៉ុន្តែលោកបាន​អះអាងថា មាន​តែ​បួននាក់ប៉ុណ្ណោះ​ត្រូវបា​ន​​បណ្តេញចេញឯ​បួននាក់ទៀត​បាន​​ចេញ​ដោយ​ខ្លួនឯង​។

លោកបានមានប្រសាសន៍ថា “យើង​បាន​​អញ្ជើញ​និយោជិត​ទាំងនេះ​មក​ដោះ​ស្រាយ​ការខ្វែងគំនិតរបស់​ខ្លួន​ជាមួយក្រុម​ហ៊ុន​ពីរ​បី​លើកមកហើយ ​ប៉ុន្តែពួកគេ​មិន​ព្រម​មកទេ ប៉ុន្តែក្រុមហ៊ុន​បានចាត់ការ​​អនុ​លោម​ទៅ​តាម​​​​ច្បាប់​ការងារកម្ពុជា​​” ​។

លោក សុផាន់ណា  បន្តថា ការ​កាត់​បន្ថយ​ចំនួន​អ្នកបើកបរ​នៅក្រុម​ហ៊ុននេះ​​បាន​កើត​ឡើ់ង ដោយសារ​តម្រូវ​ការ​កាត់​បន្ថយការ​ចំណាយ​ ហើយមិនទាក់​ទង​នឹង​សកម្មភាព​កូដកម្ម និងការ​​ចូលរួម​ជាមួយ​​សហ​​ជីពទេ​។ លោកបានមានប្រសាសន៍ថា “ប្រសិន​យើងចង់​បណ្តេញ​ពួកគេ​ចោល​ ដោយសារ​តែ​កូដកម្មនោះ យើងនឹង​បណ្តេញ​និយោ​ជិត​ជា​ច្រើនទៀតហើយ”។

លោក គង់ ​អាទិត្យ អគ្គលេខាធិការ​​​របស់​សហព័ន្ធការងារកម្ពុជា បានលើកឡើងថា “វា​ច្បាស់ណាស់​ថា ក្រុមហ៊ុននេះ​កំពុងតែ​រើស​អើង​​សហជីព”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ហើយ​បណ្តេញ​ថ្នាក់ដឹកនាំ​​​របស​​់​​ខ្លួន​ដោយ​សារតែ​ការធ្វើ​កូដកម្ម។ វាជា​ការ​រំលោភ​ច្បាប់​ការងារ​យ៉ាង​​​ច្បាស់”៕​​​ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស