30.4 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ផ្តល់​កម្ចី​ចំនួន​៧៥​លាន​ដុល្លារ​សម្រាប់​ការ​ស្តារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​សន្យា​ផ្តល់​កម្ចី​ចំនួន​៧៥​លាន​ដុល្លារ​​​ ដើម្បី​ជួយ​នៅ​ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​​ហេដ្ឋា​​រចនា​សម្ព័ន​ដែល​បាន​ខូច​ខាត​នៅ​​ភាគ​ពាយព្យ​​នៃ​ប្រទេស​​​កម្ពុជា ​អំឡុង​ទឹក​ជំនន់​ កាល​ពី​ឆ្នាំ​២០១៣​​។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ផ្តល់​ជំនួយ​​​ឥត​​​សំណង​បន្ថែម​ចំនួន​៦,៧លាន​ដុល្លារ​ ​សម្រាប់​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ផ្តល់​ជំនួយ​សង្គ្រោះ​​។

ទឹក​ជំនន់​កាល​ពី​ខែ​កញ្ញា​ និង​ខែ​តុលា​ បាន​ធ្វើ​​​​ឲ្យ​​មនុស្ស​ចំនួន​១៦៨​នាក់​បាត់​បង់​ជីវិត​ និង​​ធ្វើ​ឲ្យ​លិច​លង់​ស្រែ​ស្រូវ​ ផ្លូវ​ និង​ស្ពាន​ ជា​ពិសេស​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​ ដោយ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ប្រហែល​​៣៥៦​លាន​ដុល្លារ​។

លោក​ ឡុង​ ពិសិដ្ឋ​ មន្ត្រី​គម្រោង​ជាន់​ខ្ពស់​របស់​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​ បាន​មាន​ប្រសា​សន៍​ថា “ជំនួយ​នេះ​នឹង​ត្រូវ​ប្រើ​ ដើម្បី​ស្តារ​ឡើង​វិញ​នូវហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​រង​ការ​ខូច​ខាត​ដោយ​​សារ​ទឹក​ជំនន់​ មាន​ដូច​ជា​​ ផ្លូវ​ជាតិ​ ​ផ្លូវ​​​នៅ​តាម​តំបន់​ជនបទ​ក្នុង​បណ្តា​ខេត្ត​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ និង​គម្រោង​ប្រព័ន្ធ​ធារា​​សាស្ត្រ​នៅ​ក្នុង​ខេត្ត​ចំនួនប្រាំ​មួយ​”។​ ខេត្ត​ទាំង​​​ប្រាំមួយ​នោះ​ មាន​ដូច​ជា​ ខេត្ត​បន្ទាយ​មាន​ជ័យ​​ បាត់​ដំបង​ កំពង់​ចាម​ កំពង់​ធំ​ ឧត្តរ​មាន​ជ័យ​​ និង​​​ខេត្ត​សៀម​រាប​។

ពេល​ថ្លែង​ទៅ​កាន់​ម្ចាស់​ជំនួយ​ នៅ​ក្នុង​ពិធី​​​មួយ​ កាល​ពី​ដើម​ខែ​នេះ​ លោក​ ញឹម​ វណ្ណដា​ អនុ​​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​ បាន​លើក​ឡើង​ថា​ រដ្ឋា​ភិ​បាល​​ត្រូ​វ​ការ​ជំនួយ​ហិរញ្ញវត្ថុ​ជា​ចាំ​បាច់​ ដើម្បី​​​បង្គ្រប់​កង្វះ​ថវិកា​ដែល​មាន​ទឹក​ប្រាក់​ចំនួន​២១៧​លាន​ដុល្លារ​ នៅ​ក្នុង​ការ​ជួយ​ស្តារ​ឡើង​វិញ​បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​។

យោង​តាមលោក ឡុង​ ពិសិដ្ឋ​ បាន​ឲ្យ​ដឹង​ថា​ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ដែល​រង​ការ​រិះ​គន់​ដោយ​សារ​ការ​គ្រប់​គ្រង​​មិន​បាន​ល្អ​​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្តល់ជំនួយ​ នឹ​ង​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​កា​រ​ចាត់​ចែង​ និង​ការ​ប្រើ​ប្រាស់​ មូល​និធិ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។

ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ (១,៦​លាន​ដុល្លារ​)  ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​ (២៩,១​លាន​ដុល្លារ​) ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ (២៥​,​៥​លាន​ដុល្លារ) និង​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​​ (២៣,៨​លាន​ដុល្លារ​) នឹ​ង​ត្រូវ​មាន​ភារកិច្ច​ចាត់​ចែង​ចំណែក​ភាគ​ច្រើន​នៃ​កម្ចី​នេះ​។ ចំណែក​ឯ​កម្ចី​ដែល​នៅ​សេស​សល់​ នឹង​​​ត្រូវ​បញ្ចូល​ទៅ​ក្នុង​មូលនិធិ​បម្រុង​។

ការ​ជួស​ជុល​ និង​ការ​ស្តារ​ឡើង​វិញ​នូវ​ផ្លូវ​ស្ពាន​ និង​ប្រព័ន្ធ​ធារា​សាស្ត្រ​ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ទឹក​ជន់​ គឺ​ជា​អាទិភាព​ដំបូង​នៃ​កម្ចី​​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។ លោក ញឹម​ វណ្ណដា​ បាន​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​​មិញ​ថា “​កសិករ​នឹង​មិន​ទទួល​បាន​​ប្រាក់​ទាំង​នេះ​នោះ​ទេ។ ប្រាក់​ទាំងនេះ​ នឹងត្រូវ​ប្រើ​ប្រាស់​​ ដើម្បី​ ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ស្ថិត​នៅ​ជុំ​វិញ​ពួក​គាត់​ឡើង​វិញ​”។

កាល​ពី​​ម្សិល​មិញ​ដដែល​នោះ​ ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុនិយម​ បាន​ចេញ​ផ្សាយ​ការ​ព្យាករ​របស់​ខ្លួន​សម្រាប់​រដូវ​វស្សា​ឆ្នាំ​២០១៤​។ ការ​ព្យាករ​នេះ​បាន​ឲ្យ​ដឹង​ថា ភ្លៀង​​​នឹង​មាន​ការ​ធ្លាក់​ចុះ​ ប៉ុន្តែ​រន្ទះ​បាញ់​ ព្យុះ​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​នឹង​មានការ​​កើន​ឡើង​។ ការ​ព្យាករ​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ រដូវ​វស្សា​ឆ្នាំ​នេះ​ នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ទី​២​ ក្នុង​ខែ​ឧសភា​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស