28 C
Phnom Penh

មនុស្សរាប់​ពាន់​នាក់នឹង​ទៅសាលា​ដំបូង​​គាំ​ទ្រ​មនុស្ស​ទាំង​២៣​នាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេ​ដឹក​នាំ​សហជីព​លើ​ក​ឡើង​ថា​ ខ្លួន​រំពឹង​ថា​ មនុស្ស​រហូត​ដល់​ទៅ​១.០០០​នាក់​នឹងនាំ​គ្នា​​​​មក​សាលា​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​េនះ​​ ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​ចំពោះ សមាជិក​សហ​ជីព ​កម្ម​ករ​ និង​អ្នក​ឈរ​មើល​ចំនួន​​២៣​នាក់​ ដែល​ត្រូវ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​ទាក់​ទិន​នឹង​ការ​ពាក់​ព័ន្ធ​របស់​ពួក​គេនៅ​ក្នុង​ការ​តវ៉ា​ដ៏​ហិង្សា​​នៅក្នុង​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ កាល​​​​ពី​ខែ​មករា​។

អំឡុង​អំពើ​ហិង្សា​ដ៏​ខ្លាំង​ចំនួន​ពីរ​ថ្ងៃ​នៅ​ដើម​ខែមករា​ មនុស្ស​ចំនួន​២៣​នាក់​ត្រូវ​បាន​វាយ​ដំ និង​ចាប់​ខ្លួន​មុន​ពេល​​បញ្ជូន​ទៅ​​​កាន់​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣​ នៅ​ក្នុង​ខេត្ត​កំពង​​់​ចាម​​ ជា​ទី​ដែល​​​សុខ​ភាព​របស់​ពួក​គេ​បាន​ចុះ​ខ្សោយ​ហើយ​​គ្មាន​ការ​ព្យា​បាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និ​ង​អាច​ទាក់​ទង​មក​ខាង​ក្រៅ​បាន​តិច​តួច​។​ មនុស្ស​ទាំង​២៣​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន​​់​ពី​បទ​បង្ក​អំពើ​ហិង្សា​ និង​បំផ្លិច​បំផ្លាយ​ទ្រព្យ​សម្បត្តិ​ ជា​ការ​ចោទ​ប្រកាន់​មួយ​ដែល​អង្គកា​រ​សិទ្ធិ​មនុស្ស​បាន​ជំទាស់​យ៉ាង​ខ្លាំង​។

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហ​ជីព​​​ចលនា​កម្មករ​ (CUMW) បាន​មាន​ប្រសា​សន៍​ថា “ នឹង​មាន​មនុស្ស​ប្រហែល​១.០០០​នាក់​ មក​ពី​សហជីព​ចំនួន​៨​ និង​សមា​គម​ផ្សេង​ទៀត​ ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​របស់​​ខ្លួន​ និង​ដើម្បី​​​ចាំ​មើល​សាល​ក្រម​របស់​តុលាការ​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​យើង​អាច​បង្ហាញ​ស្មារតី​គាំ​ទ្រ​របស់​យើង​ ចាប់​តាំង​ពី​ពួក​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​មក​”។

យោង​តាម​លោក សុខ​ ឈុន​អឿន​ ដែល​ឈរ​ជា​ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​ឯក​រាជ​្យនៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​ជំនួស​ឲ្យ​ប្រធាន​របស់​ខ្លួន គឺលោក​ វន់ ពៅ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣​ក្បែរ​ព្រំ​ដែន​វៀត​ណាម បាន​ឲ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​ដែល​នឹង​មាន​ចំនួន​យ៉ាង​ច្រើន​នេះ​ អាច​​ជា​អ្នក​រត់​ម៉ូតូ​ឌុប​ និង​អ្នក​រត់​រឺុម៉ក​ម៉ូតូ​កង់​បី​។

លោក​ ឈុន​អឿន​ បាន​ថ្លែង​​ថា​ “យើង​មាន​អ្នក​រត់​ម៉ូតូ​ឌុប​ និង​អ្នករត់​​រុឺ​ម៉ក​ម៉ូតូ​កង់​បី​ប្រហែល​៥០០​នាក់​ ដែល​នឹង​មក​បង្ហាញ​ការ​គាំ​ទ្រនៅ​តុលាការ​”។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា លោក​ មាន​សង្ឃឹម​តិច​ណាស់​ ដែល​ថា​ អ្នក​ទាំង​២៣​នាក់នោះ​នឹង​ត្រូវ​ដោះ​​លែង​។

លោក  ឈុន​អឿន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​​ “ មនុស្ស​ទាំង​២៣​នាក់​នោះ​ត្រូវ​បាន​យក​ធ្វើ​ជា​ចំណាប់​ខ្មាំង ជា​ថ្នូរ​ដោះ​ដូរ​នឹង​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ ហេតុដូច្នេះ​តុលា​ការ​​នឹង​មិន​ដោះ​លែង​ពួក​គាត់​ឡើយ”។

ខណៈ​ដែល​មនុស្ស​រាប់​រយ​នាក់​បាន​សន្យា​​មក​ជួប​ជុំ​គ្នា​នៅ​ព្រឹក​នេះ​ កម្មករ​រោង​ចក្រ​កាត់​​​ដេរ​ជា​ច្រើន​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ ជា​ទី​ដែល​​​មនុស្ស​​​​​ទាំ​ង​២៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា​ ពួក​គាត់​នឹង​ចូល​ធ្វើ​ការ​ជា​ធម្មតា​ ហើយ​មូលហេតុ​ដែល​ជំរុញ​ឲ្យ​ពួក​គាត់​ធ្វើ​ដូច្នេះ​ ប្រហែល​ជា​មក​ពី​ការ​ភ័យ​ខ្លាច​ ការ​អស់​សង្ឃឹម​ទាក់​ទិនន​ឹង​សាល​ក្រម​ ឬ​ក៏​ប្រហែល​មក​ពី​កង្វះ​ថវិកា​ ។

អ្នក​ស្រ​ី ឌីណា​ អាយុ​ ៤៩​ឆ្នាំ​បាន​និយាយ​ ខណៈ​កំពុង​ទទួល​ទាន​ស៊ុប​​ក្រោម​ឆត្រ​នៅ​មុខ​រោង​ចក្រ​ យ៉ាក​ជីន  ជា​រោង​ចក្រ​ដែល​អ្នក​ស្រី​ធ្វើ​ការ​​ថា​ “យើង​គិត​ថា តុលា​ការ​​នឹង​មិន​ដោះ​លែង​ពួក​គាត់​ឡើយ”។ មនុស្ស​ចំនួន​១០នាក់​​ក្នុង​ចំណោម​មនុស្ស​ទាំង​២៣​នាក់​ ដែល​រួម​មាន​ទាំង​លោក វន់​ ពៅ​ ផង ​ត្រូវ​​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​រោង​ចក្រ​ដែល​គ្រប់​​គ្រង​ដោយ​ជន​ជាតិ​កូរ៉េ​ កាល​ពី​ថ្ងៃ​ទី​២​ ខែ​​​មករា​ បន្ទាប់ពី​កង​រាជ​អាវុធ​ហត្ថ​បាន​បង្ក្រាប​ការ​តវ៉ា​រួច​។

អ្នក​ស្រី​ ឌី​ណា​ បាន​និយាយ​បន្ត​ថា “ខ្ញុំ​ស្តាប់​វិទ្យុ​អាស៊ី​សេរី​រាល់​ថ្ងៃ​។ ពួក​គេ​បាន​រាយ​​ការណ៍​ថា អង្គការក្រៅ​រដ្ឋាភិបាល​ទាំង​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ កំពុង​អំពាវនាវ​​ឲ្យ​មាន​កា​រដោះ​លែង​ [មនុស្ស​ទាំង​២៣​នាក់​] ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែរ​ខ្វល់​ឡើយ​”។

តេង​ ចាន់ធី​ បង​ស្រី​របស់​ តេង ចាន់នី ​អាយុ​២១​ឆ្នាំ ដែល​នឹង​មក​បង្ហា​ញ​ការ​គាំ​ទ្រ​នៅ​តុលាការ​ក្នុង​ថ្ងៃ​នេះ​ បាន​និយាយ​ថា​ គាត់​នឹង​មកតុលាការ​ ដើម្បី​មាន​ឱកាស​​មើល​ឃើញ​មុខ​​ប្អូន​ប្រុស​របស់​គាត់​ជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​មករា​មក​។

តេង​ ចាន់ធី​ បាន​និយាយ​ថា “ទាហាន​បាន​​វាយ​ដំ​កម្មករ​ ទាំង​ក្មេង​ទាំង​ចាស់​ ដោយ​មិន​ខ្វល​​់​ពី​អ្វី​ឡើយ​។ វា​ជា​ទង្វើ​សត្វ​តិរិច្ឆាន​។ កម្ម​ករ​​​មួយ​ចំនួន​ មក​ពី​រោង​ចក្រ​របស់​ខ្ញុំ​ [យ៉ាក​ជីន​] នឹង​ទៅ​តុលាការ​ ហើយ​ប្រសិន​បើ​តុលា​​ការ​មិន​ដោះ​លែង​ពួក​គាត់​ទេ​ យើង​នឹង​តវ៉ា​រហូត​​ទាល់​តែ​មាន​ការ​ដោះ​លែង​”​។

ដូច​គ្នា​នេះ​ដែរ​ ឌី​ វុឌ្ឍី អាយុ២៨​ឆ្នាំ​ ជា​កម្មករ​នៅ​រោង​ចក្រ​ក្នុង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ បាន​និយាយថា គាត់​ នឹង​សុំ​ច្បាប់​ឈប​់​សម្រាក​មួយ​ថ្ងៃ​ ដើម្បី​ចូល​រួម​ការ​តវ៉ា​នៅ​តាម​ផ្លូវ​ ខណៈ​មនុស្ស​ទាំង​២៣​នាក់​ កំពុង​ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​។ អ្នក​ផ្សេងៗ​ទៀ​ត​​ដែល​នៅ​ក្នុង​ចំណោម​​ មនុស្ស​​​ទាំង​២៣​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ នៅ​ក្នុង​ ឬ​ក្បែរ​​​សួន​កាណាឌីយ៉ា​ កាល​ពី​ថ្ងៃ​ទី​៣​ខែមករា​ នៅ​ពេល​មនុស្ស​យ៉ាង​តិច​ចំនួន​ប្រាំ​នាក់​បាន​បាត់​បង់​ជីវិត​ និង​ជាង​៤០​នាក់​ផ្សេង​ទៀត​ រង​របួស​ ក្រោមកណ្តាប់​ដៃ​របស់​កង​រាជ​អាវុធហត្ថ​បន្ទាប់​ពី​ភាព​ចលាចល​បាន​ផ្ទុះ​ឡើង​។

វុឌ្ឍី​ បាន​សួរ​ថា “ការ​ខូច​ខាត​គ​ឺ​ចេញ​មក​ពី​​អាជ្ញាធរ​។ ពួក​គេ​បាន​បំផ្លាញ​បន្ទប់​ជួល​របស់​កម្មករ​ ហើយ​បាន​ដេញ​កម្មករ​ឲ្យ​ចូល​ក្នុង​បន្ទប់​របស់​ខ្លួន​ រួច​វាយ​ដំ​ពួក​គេ​។ ហេតុ​អ្វី​បាន​ជា​កម្មក​រ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទបំ​ផ្លាញ​ទ្រព្យ​សម្បត្តិ​ទៅ​វិញ​?”។

គាត់បាន​និយាយ​បន្ថែម​ថា​ “ ពួក​គេ​បាន​​សម្លាប់​យើង​ដូច​ឆ្កែ​នៅ​តាម​ផ្លូវ​ ហើយ​ពួក គេ​​បាន​បោះ​សព​ចូល​ក្នុង​រថយន្ត​ដូច​ឆ្កែដែរ​”។ គាត់​បានបន្ថែម​ថា នឹ​ង​មាន​ការ​តវ៉ា​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​មនុស្ស​ទាំង​២៣​នាក់​ ប្រសិន​បើ​តុលាការ​សម្រេច​មិន​ដោះ​លែង​ពួកគាត់​នៅ​ថ្ងៃ​នេះ​។

កាល​ពីថ្ងៃ​ទី​១៤​ខែ​មករា​ លោក  សម​ រង្ស៊ី​ ​និង​លោក​ កឹម​ សុខា​ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​​ត្រូវបាន​តុលាការ​សាក​សួរ​ ទាក់​ទិន​​នឹង​ការ​ជាប់ពាក់ព័ន្ធ​របស់​ពួក​គាត់​ នៅ​ក្នុង​ការ​តវ៉ា​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​។ មាន​មនុស្ស​ប្រហែល​២.០០០​នាក់​បាន​នាំគ្នា​មក​តុលាការ​ ដើម្បី​បង្ហាញ​ការ​គាំ​ទ្រ​ចំ​ពោះ​មេ​ដឹក​នាំ​ទាំ​ង​ពីរ​។

ក្រុម​រៀប​ចំ​សណ្តាប់​ធ្នាប់​ដែល​មាន​ពាក់​មួក​ការ​ពារ​សុវត្ថិភាព​មួយ​ក្រុម​ក៏​បាន​បង្ហាញ​ខ្លួន​ដែរ​នៅ​ថ្ងៃ​នោះ​ ដោយ​មាន​ការ​គាំ​ទ្រ​ពី​រថយន្ត​ទាហា​ន​​ចំនួន​១៣​គ្រឿង​ និង​កង​រាជ​អាវុធ​ហត្ថ​រាប់​រយ​នាក់​ដែល​ឈរ​ជើង​នៅ​ក្បែរ​ពហុកីឡាដ្ឋាន​អូឡាំពិក​។

ទោះ​បី​ជា​កាល​ពី​លើក​មុន​មាន​មនុស្ស​ជា​ច្រើន​ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ​គេ​រំពឹង​ថា នឹង​មាន​មនុស្ស​ជា​ច្រើនទៀត​​នាំគ្នា​ទៅ​តុលាការ​​ក៏​ដោយ​ ក៏​លោក​ ឡុង​ ឌី​ម៉ង​់​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា បើ​តាម​គាត់​ដឹង​ គឺគ្មាន​ផែន​ការ​បង្កើន​វត្តមាន​កង​សន្តិសុខ​នៅ​ក្បែរ​តុលាការ​ឡើយ៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស