33.2 C
Phnom Penh

ក្រុម​អ្នក​ភូមិ​ប្រហែល​៤០​នាក់​តវ៉ាចំពោះការ​សាងសង់​របង​បេតុង​​របស់​ឧកញ៉ា ឃុន សៀ លយ​ចូលផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ អ្នកភូមិប្រហែល​៤០​នាក់​បាន​ដុត​កង់ឡានដើម្បី​ត​វ៉ា​នឹង​ការ​សម្រេច​​​របស់​ពាណិជ្ជករ​មានទ្រព្យ​ស្តុក​ស្តម្ភ​ម្នាក់​ក្នុង​ការ​សាងសង់​របង​បេតុងដល់​​កណ្តាល​ផ្លូវ​ធំ​ដ៏​មមាញឹក​ក្នុង​ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ។

ក្រុម​​អ្នកភូមិ​បាន​លើក​ឡើង​ថា ការ​សាង​សង់​របង​លយ​ចូលផ្លូវ​ប្រវែង​១,៥​ម៉ែត្រ​​​របស់​​​លោកឧកញ៉ា ឃុន សៀ នេះគឺ​គ្រោះ​ថ្នាក់​​​ខ្លាំង​​​​​ណាស់ ព្រោះ​វា​សល់​តែ​៣,៥​ម៉ែត្រ​ប៉ុណ្ណោះ​សម្រាប់​រថយន្ត​បើក​ឆ្លង​កាត​់​តាម​មហា​​​វិថី​​​សម្តេច​តេជោ ហ៊ុន សែន ដែល​ទើប​​​ស្ថាបនា​​​ថ្មីនេះ។

ជា ស៊ីថា តំណាងអ្នកភូមិ​បាន​សួរ​ថា  “អាជ្ញា​​ធរសង្កាត់​​បាន​យល់​ស្រប​ឲ្យ​ទុក​ផ្លូវនេះ​​​ទទឹង​៥ម៉ែត្រ ដូច្នេះ​ហេតុ​អ្វី​បាន​ជា​ពួកគេ​អនុញ្ញាត​​​ឲ្យ​ក្រុម​ហ៊ុន​នេះ​សាងសង់​របង​បេតុង​លើ​ផ្លូវ​របស់​អ្នក​ភូមិ​ទៅ​វិញ?”។

អ្នក​តវ៉ា​ឈ្មោះ តិច មុយ បាន​បន្ថែម​ថា “ផ្លូវ​នេះ​តូច​ណាស់​ ​​​រថយន្ត​​ពន្លត​់​អគ្គិភ័យ​ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​មិន​អាច​​ចូលតាម​ផ្លូវ​នេះ​បាន​ទេ​”។

អ្នក​តវ៉ា​ទាំង​៤០នាក់​​និយាយថា ពួកគេ​នឹង​​​​​​​ដាក់​ពាក្យ​បណ្តឹង​ទៅ​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​ធ្វើ​ការ​តវ៉ា​ម្ត​ង​​​ទៀត​នៅ​មុខ​ភូមិ​គ្រឹះ​របស់​លោក​នាយក​​រដ្ឋ​មន្ត្រី​អំពី​របង​ដែល​លយ​ចេញ​នេះ។

លោក យឹម លាង​ ដែល​​​ជា​​​ដៃគូ​ជំនួញ​របស់​​​​លោក ឃុន សៀ បានមាន​ប្រសាសន៍ថា ដី​​​ដែល​​​​មាន​​វិវាទ​នេះ​ត្រួត​​ស៊ីគ្នា​នឹង​មហា​វិថីសម្តេច​តេជោ ហ៊ុន​ សែន ប៉ុន្តែ​​ជា​កម្មសិទ្ធិ​របស់​​​លោក ​​​ឃុន សៀ យូរ​មក​ហើយ​មុនពេល​ផ្លូវ​នេះ​ត្រូវ​​​​​​បាន​ពង្រីក។​​​​​​​​​​​​ លោក​បាន​សួរ​អ្នក​យក​ព័ត៌មាន​ថា “ខ្ញុំ​ចង់​សួរ​​លោក​​ថា ប្រសិន​បើ​នរណាម្នាក់​សុំឲ្យ​​​អ្នក​កាសែត​កាត​់​​​ដី​របស់​​លោក តើ​​លោក​​យល់​ព្រម​ទេ?”។

លោក យឹម លាង​ ដែលក៏ជា​មេបញ្ជា​ការ​កង​អង្គរក្សលោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ជា​កូន​ប្រុសរបស់​លោក​ឧបនាយករដ្ឋ​មន្ត្រី យឹម ឆៃលី បាន​បង្វែរ​សំណួរ​បន្ថែម​អំពី​បញ្ហានេះទៅ​ចៅសង្កាត់​ចាក់​អង្រែលើ​ដែល​​​លោក​បាន​មាន​ប្រសាសន៍​ថា ជា​ “តំណាង​របស់​​ក្រុមហ៊ុន”។

លោក កែវ សាវឿន ចៅសង្កាត​់​​​​នេះ​​​បាន​​​​បញ្ជាក់​​​​​​​ថា តួនាទី​របស់លោក គ្រាន់តែ​“ សម្រប​​សម្រួល​រវាង​ភាគី​ទាំង​ពីរ” ដែល​មាន​វិវាទ​ប៉ុណ្ណោះ។ ប៉ុន្តែ លោក​បានមាន​ប្រសាស​ន៍​ថា លោក ឃុន សៀ មាន​សិទ្ធិ ពីព្រោះលោក​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​សម្រាប់​តំបន់​ដែល​លោក​បាន​សាងសង់​របង​នេះ​។

លោក​មាន​​ប្រសាសន៍សំដៅ​ដល់​លោក ឃុន សៀ ដែលទទួលបានងារ​ជា​ឧក​ញ៉ា​​ថា “ខ្ញុំបាន​សហការ​ជាមួយ​​តំណាង​របស់លោក​​ឧកញ៉ា ឃុន សៀ ច្រើន​លើក​មកហើយ​ដើម្បី​​ពិភាក្សា​អំពីផ្លូវ​នេះ ប៉ុន្តែ​លោក​ឧកញ៉ាឲ្យ​ទុក​ផ្លូវ​នេះ​តែ​៣,៥​ម៉ែត្រ​ប៉ុណ្ណោះ”។

លោក សាវឿន បន្ថែម​ថា ​មាន​​តែ​គ្រួសា​រ​​​​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​​មិន​សប្បាយ​ចិត​្ត​នឹង​ទទឹង​ផ្លូវ​នេះ​។ លោកបាន​មាន​ប្រសាសន៍ថា “ក្រុម​អ្នក​ភូមិ​មិន​ដែល​ត​វ៉ា​ទេ​ពីមុន​មក ប៉ុន្តែ​ពួកគា​ត​់​បាន​ចាប់​ផ្តើម​តវ៉ា នៅពេល​លោក​ឧកញ៉ា បាន​សម្រេច​សាងសង់​របង​បេតុង​លើ​ផ្លូវ​េនះ​តែប៉ុណ្ណោះ”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស