33.2 C
Phnom Penh

ពល​​​ករ​​​ចំណាកស្រុក​​​ពីរ​​​នាក់​​​​​​​​​បាត់​​​​​​បង់​​​ជីវិត​​​ក្នុង​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នៅ​​​ប្រទេស​​​ថៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ AP បាន​​​ឲ្យ​​​ដឹង​​​ថា ពល​​​ករ​​​ចំណាកស្រុក​​​កម្ពុជា​​​ចំនួន​​​ប្រាំពីរ​​​នាក់​​​​​​​​​បាន​​​បាត់​​​បង់​​​ជីវិត​​​​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​​​​ នៅ​​​ពេល​​​​​​​​​រថយន្ត​​​មួយ​​​បាំង​​​កន្លះ​​​ដែល​​​ពួ​​​ក​​​គេ​​​ជិះ​​​​​​បាន​​​ជួប​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​ ចម្ងាយ​​​ប្រហែល​​​២០០​​​គីឡូម៉ែត្រ​​​​​​ពី​​​ភាគ​​​ខាង​​​លិច​​​នៃ​​​ខេត្ត​​​​​​ប៉ៃលិន។

ទីភ្នាក់​​​ងារ​​​ព័ត៌មាន​​​​​​ AP បាន​​​រាយការណ៍​​​បន្ត​​​ថា រថយន្ត​​​​​​មួយ​​​គ្រឿង​​​នេះ​​​​​​​​​បាន​​​​​​​​​ធ្លាក់​​​ផ្លូវ​​​ ហើយ​​​​​​ជ្រុល​​​ទៅ​​​បុក​​​​​​ដើម​​​ឈើ​​​មួយ​​​ដើម​​​នៅ​​​ក្នុង​​​ខេត្ត​​​ឈុនប៊ូរី​​​ បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ស្លាប់​​​ភ្លាម​​​ៗ​​​។​​​ ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​​​​​​​បាន​​​ស្លាប់​​​​​​នៅ​​​ក្នុង​​​មន្ទីរពេទ្យ​​​​​​ និង​​​​​​ពល​​​ករ​​​ចំណាកស្រុក​​​​​​កម្ពុជា​​​ចំនួន​​​​​​ប្រាំពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​​​​ដែល​​​​​​ជិះ​​​រថយន្ត​​​នេះ​​​ដែរ​​​នោះ ​​​បាន​​​រង​​​របួស​​​​​​។​​​ រថយន្ត​​​មួយ​​​គ្រឿង​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ដឹង​​​ថា ដឹក​​​អ្នក​​​ដំណើរ​​​​​​ប្រហែល​​​២០​​​នាក់​​​​​​។

យោង​​​តាម​​​នគរបាល​​​ថៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កង់រថយន្ត​​​នេះ​​​បាន​​​ផ្ទុះ​​​​​​ ធ្វើ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​បាត់បង់​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​រថយន្ត​​​របស់​​​ខ្លួន។ រថយន្ត​​​​​​ដែល​​​​​​ដឹក​​​​​​​​​សុទ្ធ​​​តែ​​​ពល​​​ករ​​​ចំណាកស្រុក​​​កម្ពុជា​​​ បាន​​​បុក​​​ដើម​​​​​​ឈើ​​​​​​​​​រួច​​​ក្រឡាប់​​​​​​​​​ចូល​​​ក្នុង​​​ប្រឡាយ​​​។ យោងតាម​​​សេចក្ដី​​​រាយ​​​ការណ៍​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​ថៃ​​​​​​កំពុង​​​តែ​​​តាម​​​រក​​​អ្នក​​​​​​បើក​​​បរ​​​​​​​​​ដែល​​​រួច​​​ជីវិត​​​ពី​​​គ្រោះថ្នាក់​​​​​​ ហើយ​​​គេច​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​។

វរសេនីយ៍​​​ឯក​​​ សំនឹក ហាន់តា បាន​​​ប្រាប់​​​​​​ទីភ្នាក់ងារ​​​ព័ត៌មាន​​​ AP ថា “យើង​​​​​​កំពុង​​​តែ​​​​​​តាម​​​រក​​​​​​អ្នក​​​បើក​​​បរ​​​​​​ ដើម្បី​​​​​​ឲ្យ​​​​​​មក​​​ប្រាប់​​​អំពី​​​​​​មូល​​​ហេតុ​​​ដែល​​​បង្ក​​​ឲ្យ​​​កើត​​​មាន​​​គ្រោះ​​​ថ្នាក់​​​។​​​ វា​​​ប្រហែល​​​ជា​​​មក​​​ពី​​​​​​អ្នក​​​បើក​​​បរ​​​រូប​​​នេះ​​​​​​មិនធ្លាប់​​​​​​​​​បើក​​​បរ​​​តាម​​​ផ្លូវ​​​នេះ​​​​​​”។

កាល​​​ពី​​​ដើមខែ​​​នេះ​​​​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​ចំនួន​​​ប្រាំ​​​បួន​​​នាក់​​​ ដែល​​​ត្រឡប់​​​​​​​​​មក​​​ស្រុក​​​កំណើត​​​​​​វិញ​​​ដើម្បី​​​​​​​​​ប្រារព្ធ​​​ពិធី​​​បុណ្យ​​​​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃ​​​ណី​​​ជាតិ​​​​​​​​​បាន​​​បាត់​​​បង់​​​ជីវិត​​​​​​​​​ នៅពេល​​​រថយន្ត​​​ដែល​​​ពួក​​​គេ​​​ជិះ​​​​​​​​​បាន​​​បុក​​​ដើម​​​ឈើ​​​​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​​​​ច័ន្ទ​​​​​​បូរី ចម្ងាយ​​​ប្រហែល​​​​​​១៥០​​​គីឡូម៉ែត្រ​​​ពី​​​ភាគ​​​អាគ្នេយ៍​​​​​​នៃ​​​កន្លែង​​​កើត​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក​​​ ចាន់ សុវេត អ្នក​​​សើុប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​​​​​​​អាដ​​​ហុក​​​​​​ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ចំនួន​​​ពល​​​​​​ករ​​​ចំណាកស្រុក​​​កម្ពុជា​​​​​​ ដែល​​​ទៅ​​​ប្រទេស​​​​​​ថៃ​​​ កំពុង​​​តែ​​​កើន​​​ឡើង​​​​​​ ហើយ​​​អ្នក​​​ដែល​​​​​​ទៅ​​​ទីនោះ​​​ដោយ​​​ខុស​​​ច្បាប់​​​ គឺ​​​ងាយ​​​​​​រង​​​គ្រោះ​​​ថ្នាក់​​​ខ្លាំង​​​ជាង​​​​​​អ្នក​​​ ដែល​​​ទៅ​​​​​​ដោយ​​​មាន​​​ទិដ្ឋាការ​​​ត្រឹម​​​ត្រូវ​​​។

លោក​​​ សូុវេត បានមាន​​​ប្រសាសន៍​​​ថា “ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ច្រើនឡើង​​​ៗ​​​កំពុង​​​​​​ចាកចេញ​​​ពី​​​ស្រុក​​​ភូមិ​​​របស់​​​ខ្លួន​​​ទៅ​​​ធ្វើ​​​ការ​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​ជា​​​កសិករ​​​​​​ ឬ​​​នៅ​​​ក្នុង​​​​​​វិស័យ​​​សំណង់​​​ និង​​​​​​ឧស្សា​​​ហកម្ម​​​ផ្សេង​​​ៗ​​​ទៀត​​​​​​”។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​បន្ថែម​​​ទៀត​​​ថា កត្តា​​​ប្រាក់​​​ខែ​​​សមរម្យ​​​គឺ​​​ជា​​​មូល​​​ហេតុ​​​បឋម​​​​​​ ដែល​​​ជំរុញ​​​ឲ្យ​​​ពល​​​ករ​​​ចំណាកស្រុក​​​​​​កម្ពុជា​​​ធ្វើ​​​ដូច្នេះ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ដោយ​​​សារ​​​តែ​​​ប្រទេស​​​ថៃ​​​ និង​​​ប្រទេស​​​កម្ពុជា​​​​​​មាន​​​​​​ភាព​​​រាក់​​​ទាក់​​​​​​នឹង​​​គ្នា​​​ ទើ​​​ប​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គិត​​​ថា វា​​​មាន​​​សុវត្ថិភាព​​​​​​ពេល​​​ទៅ​​​ធ្វើ​​​ការ​​​​​​ដោយ​​​​​​​​​ខុស​​​ច្បាប់​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​​​​​​​មា​​​ន​​​បញ្ហា​​​​​កើត​​​​​​ឡើ​​​ង​​​ ដូចជា​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ជា​​​ដើម​​​​​​ គ្មាន​​​អ្វី​​​ជំរុញ​​​ឲ្យ​​​នគរបាល​​​ថៃ​​​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​នេះ​​​​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​នោះ​​​​​​​​​ទេ ប្រសិន​​​បើ​​​​​​​​​ពល​​​ករ​​​ចំណាកស្រុក​​​កម្ពុជា​​​ទៅ​​​ទីនោះ​​​​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​”៕​​​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស