32.5 C
Phnom Penh

ការលើក​លែង​ពន្ធអង្ករ​​ផ្ដល់​ក្ដីសង្ឃឹម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​នាំចេញ​អង្ករ​ខ្មែរ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានណែ​នាំ​ថា ថ្លៃចំណាយ​លើ​គយ​សម្រាប់​សកម្មភាព​នាំ​​​ចេញ​អង្ករ​​ត្រូវ​បាន​ដ​ក​ចេញ​ ដើម្បី​បង្កើន​សមត្ថ​​​ភាព​វិស័យ​នាំចេញ​អង្ករ​ និង​ជំរុញ​ឲ្យ​តួលេខ​នាំចេញ​ដែល​កំពុង​ធ្លាក់​ចុះ​រើប​ឡើង​វិញ​ក្នុង​ល្បឿន​មួយ​លឿន​។

លិខិត​មួយ​ច្បាប់​​ដែល​ត្រូ​វ​បាន​ផ្ញើ​ជូនអគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​​ដោយ​មាន​ហត្ថលេខា​របស់​លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​ កាលពី​ថ្ងៃ​ទី​២ ខែមេសា បាន​បង្ហាញ​ថា ថ្លៃ​ចំណាយ​លើ​គយ​​នឹង​ត្រូវ​បាន​លុប​ចោល​ចាប់​ពីថ្ងៃទី១ ខែ​ឧសភា​តទៅ នេះ​​បើយោង​តាម​លោក​ ប៊ូ ប៊ុនណារ៉ា ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​​​នៅ​អគ្គនាយ​ក​ដ្ឋាន​​គយ និង​រដ្ឋាករ​។ លោក​ថ្លែងថា “យើង​ចង់​បង្កើន​បរិមាណ​នាំ​​​ចេញ​អង្ករ​ ហើយ​គោល​នយោបាយ​លើក​លែង​​​​ពន្ធ​​​​គ​យ​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ឯកជន”​​​។

លោក ហ៊ាន វណ្ណហន អគ្គនាយក​ដ្ឋាន​កសិកម្ម សង្ឃឹម​ថា សារាចរ​ណែនាំ​របស់​រដ្ឋា​ភិបាល​នឹង​អាច​ជួយ​ឲ្យ​សកម្មភាព​នាំចេញ​អង្ករ​រើប​ឡើង​យ៉ាង​ឆាប់​រហ័ស និង​មាន​ភាព​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ បន្ទាប់​ពី​បរិមាណ​នាំ​ចេញ​អង្ករ​បាន​ធ្លាក់​ចុះ​១១​ភាគរយ​ អំឡុង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​នេះ​។

​លោក​បានមាន​ប្រសាសន៍​ថា “វា​ជា​វិធី​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ការ​លើ​ក​ទឹក​ចិត្ត​​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា ពីព្រោះ​ប្រទេស​កម្ពុជា​នៅ​តែ​មិនមាន​​បទ​ពិសោធន៍​ក្នុង​ផ្នែក​នាំចេញ​​​អង្ករ”​​​។ យោងតាម​សហព័ន្ធ​អ្នក​នាំចេញ​អង្ករ​​​កម្ពុជា​​បាន​ឲ្យ​ដឹង​ថា បរិមាណនាំចេញ​ក្នុង​ត្រី​មាស​ដំបូង​បាន​ធ្លាក់​ចុះ​ពី​៩៥.២២៨​តោន​ក្នុង​ឆ្នាំ​​២០១៣​មក​៨៤.៣៣០​តោន​ក្នុង​ឆ្នាំ​នេះ​។

ករណី​ធ្លាក់​ចុះ​នេះ​​កើត​ឡើង​ដោយ​សារ​តែ​តម្រូវ​ការ​ពី​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ពី​១៣.០០០​តោន​​ក្នុង​ឆ្នាំ​២០១៣​មក​៣០០​តោន​ក្នុង​ឆ្នាំ​នេះ​ ក្នុង​ពេល​ប្រទេស​នេះ​មាន​បំណង​លក់​អង្ករ​បម្រុង​ដ៏ច្រើន​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​  បន្ទាប់ពី​ផែន​ការ​ទិញ​អង្ករ​រដ្ឋ​របស់​ខ្លួន​ទទួ​ល​បរាជ័យ​។

លោក លឹម ប៊ុនហេង ប្រធាន​ក្រុម​ហ៊ុន​ឡូរ៉ង់ គ្រុប ភីអិលស៊ី និង​ជា​ប្រធាន​សមាគម​អ្នក​នាំអង្ករ​ចេ​ញ​កម្ពុជា​ បា​ន​លើក​ឡើង​ថា សារាចរណែនាំ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​របស់​លោក​អាច​សន្សំប្រាក់​បាន​យ៉ា​ង​តិច​១៥​ដុល្លារ​​ក្នុង​មួយ​កុង​តឺន័រ​។

លោក ប៊ុនហេង ​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​ផ្លាស់​ប្ដូ​រ​គោល​នយោបាយ​ពន្ធ​នេះ​​​នឹង​ជួយ​ឲ្យ​បរិមាណ​នាំចេញ​អង្ករ​របស់​លោក​កើន​ឡើង​ បន្ទាប់ពី​សម្រេច​បាន​២៣.០០០​​​តោន​កាលពីឆ្នាំមុន​។ លោក​បានមាន​ប្រសាសន៍​បន្ថែ​មទៀ​ត​ថា “ខ្ញុំ​មាន​ផែន​ការ​បង្កើ​ន​បរិមាណនាំចេញ​អង្ករ​​​របស់​ខ្ញុំ​៥០​ភាគរយ​ធៀប​នឹង​ឆ្នាំមុន”​​​។

លោក ស្រី ចាន់ធី សេដ្ឋវិទូឯករាជ្យ​ បាន​លើក​ឡើង​ថា ទោះបីជា​គោល​នយោបាយ​ដក​ព​ន្ធ​ចេញ​នេះ​អាច​ផ្ដល​់​ភាព​អំណោយ​ផល​ដល់​វិស័យ​នេះ​ក៏ដោយ នៅតែមាន​ភាព​ចាំបាច់​ត្រូវ​ផ្ដោត​សំខាន់​កាន់​តែ​ខ្លាំង​ទៅលើ​សមត្ថភាព​កិន​ស្រូវ​ និង​គុណភាព​ ដើម្បីធានា​ថា អង្ករ​កម្ពុជា​អាច​ឆ្លើយ​តប​ទៅនឹង​ស្តង់​ដារ​អន្តរជាតិបាន​។

លោក​មាន​ប្រសាសន៍​ថា “គោល​នយោ​បាយ​លើក​លែង​ពន្ធ​នេះ​នឹង​ជួយ​បង្កើន​​ល្បឿន​​​​​​​ដំណើរ​ការ​នាំចេញ​អង្ករ​ ហើយ​អ្នក​នាំអង្ករ​ចេញ​នឹង​មាន​លទ្ធភាព​លក់​អង្ក​បាន​កាន់​តែ​ច្រើន​ ហើយ​ធ្វើ​ឲ្យ​តម្លៃ​មាន​កម្លាំង​ប្រកួត​ប្រជែង​​​​​​​កាន់​តែ​ខ្លាំង​នៅលើ​ទីផ្សារ​អន្តរជាតិ”។​​​ លោក​បាន​មាន​ប្រសាសន៍បន្ថែមថា “ក៏ប៉ុន្តែ​អ្នក​នាំអង្ករ​ចេញ​ក៏ត្រូវ​ពង្រឹង​​​សមត្ថភា​ព​របស់​ខ្លួន​ក្នុង​ការ​កែច្នៃ​ស្រូវ​ និង​ការ​រក្សារ​ទុក​សម្រាប់​​​​​​​នាំចេញ​ផង​ដែរ​៕សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស