29.6 C
Phnom Penh

កម្មករ​រោងចក្រ​នៅខេត្តស្វាយរៀងបន្ត​​កូដកម្ម​ដើម្បីទាមទារ​ប្រាក់ឧបត្ថម្ភបន្ថែម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មកររោងចក្រកាត់ដេរចំនួនយ៉ាងតិច១០.០០០នាក់​នៅក្នុងខេត្តស្វាយ​រៀង​​បាន​បន្ត​កូដកម្ម​របស់​ខ្លួន​ដើម្បីទាម​​ទារ​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​​កាលពីម្សិលមិញ​ បន្ទាប់​​ពី​ថ្ងៃ​ឈប់សម្រាក​​ចុងសប្តាហ៍ ​​ប៉ុន្តែ​មាន​សញ្ញា​តិច​​តួចណាស់​​ដែល​បញ្ជាក់​ថា ​រោងចក្រ​​​​​​ណា​នឹង​ធ្វើ​តាម​ការ​​ទាមទារ​​​របស់​​ពួកគេ​​។

កូដកម្ម​​នេះ​បាន​ចាប់ផ្តើម​​នៅ​រោង​ចក្រ​មួយចំនួនតូចនៅក្រុងបាវិត​ ​បន្ទាប់​​ពី​​​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ដែល​​ពេលនោះ​​កម្មករ​រោង​ចក្រ​កាត់ដេរ​ខ្លះ​មានការច្រណែ​ន​នឹង​កម្មករនៅ​រោងចក្រផ្សេងទៀត​ ដែល​ត្រូវ​បាន​បើក​ប្រាក់​ឧបត្ថម្ភមួយពេល​ចំនួន​៥០​ដុល្លារជាថ្នូរ​នឹង​ការ​យល់ព្រម​​មិនធ្វើក្ូដកម្ម អំឡុងពេល​​បីខែ​កន្លង​។ បើទោះ​​ជា​រោង​ចក្រ​​ផ្សេងទៀត​មិន​បានព្រមព្រៀង​ដូចគ្នា​នេះមែន ប៉ុន្តែ​មានកម្មករ​កាន់​តែច្រើន​​បាន​​បន្ត​​ចូលរួមការ​តវ៉ា​ទាម​ទារ​ប្រាក់​ឧប​ត្ថម្ភ​ចំនួន​​​៥០ដុល្លារ​​ដែរ។

រោងចក្រមួយឈ្មោះថា Smart Tech បាន​​ឈប់ជំទាស់​​ជាមួយកម្មករ​​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​។ លោក សុខ ខេមរា កម្មករ​រោងចក្រ Best Way ដែលបាន​ចូលរួមការតវ៉ា​នេះ​កាល ពី​ម្សិលមិញ​បានឲ្យដឹងថា “យើងតវ៉ា​​ដើម្បី​​ទាម​ទារ​ប្រាក់​៥០ដុល្លារ ​ពីព្រោះ​កម្មករ​នៅ​រោងចក្រ​ពីរ​ទៀត​ យល់ព្រម​មិនធ្វើកូដកម្ម ដោយសារតែ​ទទួលបានប្រាក់​នោះ”។

លោក លី ហុងស៊ីន ប្រធាន​តំបន់​សេដ្ឋ​កិច្ចពិសេស​ តាយ សេង ​​​ស្ថិត​ក្នុង​ចំណោម​តំបន់សេដ្ឋកិច្ចពិសេស​ពីរនៅ​បាវិត​​​ដែលបាន​​​​ជាប់​ផុងក្នុង​បញ្ហា​​កូដកម្មនេះ ​បានលើក​ឡើង​ថា កម្មករ​​ប្រហែល​១០.០០០នាក់​​កំ​ពុងតែ​​ធ្វើកូដកម្ម​​​នៅក្រៅរោងចក្រ​ចំនួន​២០​ ក្នុង​ចំណោម​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​​​របស់​​លោកកាលពីម្សិលមិញ។ ប៉ុន្តែលោកបាន​ទទូចថា ​រោងចក្រនានា​គ្មាន​បំណង​​ផ្តល់​ប្រាក់​នេះទេ ពីព្រោះ​​វាគ្រាន់​តែ​លើក​ទឹកចិត្ត​កម្មករ​​​ឲ្យ​​ស្នើ​សុំ​ថែមទៀតប៉ុណ្ណោះ។

លោក ហុងស៊ីន ​បាន​មានប្រសាសន៍ថា “​ការទាមទារ​ប្រាក់ឧបត្ថម្ភ​ចំនួន​៥០​ដុល្លារ​របស់​កម្មករ​គឺជារឿងមិនត្រឹមត្រូវទេ​ ព្រោះ​វា​មិន​មាន​នៅក្នុងច្បាប់ការងារ​ទេ។ ​យើង​នឹង​មិន​ផ្តល់​ប្រាក់​ឧបត្ថម​៥០ដុល្លារ​តាមការ​ទាមទារ​របស់​កម្មករ​ទេ ព្រោះពួកគេ​នឹង​នៅ​ តែ​​បន្ត​ទាមទារ​ដដែល ប្រសិនបើ​យើង​យល់​ព្រម​​ផ្តល់​ឲ្យ”។​

លោក​ មុី ឡី ​ប្រធានរដ្ឋបាល​រោងចក្រ​ស៊ី​កូ (Sheico) នៅ​តំបន់សេដ្ឋកិច្ចពិសេស ​ម៉ាន​ហាតតាន់ ដែល​ជាកន្លែង​កម្មករធ្វើកូដកម្ម​តាំង​ពីថ្ងៃសុក្រសប្តាហ៍​មុន​ ក៏បាន​លើកឡើង​ផងដែរ​ថា ​កម្មករ​នឹងមិន​​ទទួលបាន​ចម្លើយ​តប​វិជ្ជមានទេ​ ហើយ​តំបន់សេដ្ឋកិច្ចពិសេស​​បាន​ចេញ​នូវសេចក្តីប្រកាស​កាលពីថ្ងៃ​សៅរ៍ ​ដើម្បីឲ្យកម្មករ​ដឹងពីជំហររបស់​ម្ចាស់រោង​ចក្រ​​នេះ។ លោកបានមានប្រសាសន៍ថា “យើង​មិនអាច​ផ្តល់ប្រាក់នេះដល់កម្មករ​បានទេ​ ពី​ព្រោះ​ការទាមទារ​របស់​ពួកគេ​មិន​ស្រប​តាម​ច្បាប់ការងារ​ទេ”។

កាលពីថ្ងៃសុក្រសប្តាហ៍​មុន​ សមាគម​រោង​ចក្រ​កាត់ដេរ​នៅកម្ពុជា​ បានចេញ​សេច​ក្តី​​​ប្រកាស​មួយ ​ដែល​មិនមែន​ត្រឹមតែ​រិះគន់​កម្មករ​ធ្វើកូដកម្ម​ដែល​បាន​សម្លុតយកប្រាក់​​ពី​រោងចក្រ​ប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំង​រិះគន់​រដ្ឋា​ភិបាលដែល​មិន​បានធ្វើសកម្មភាព​គ្រប់​គ្រាន់​ដើម្បី​បញ្ចប់​វិវាទនេះ​ទៀត​ផង។

ស្ថាប័ននេះ​បានព្រមានថា ​កូដកម្ម​អាច​​នឹង​នាំ​ឲ្យមានអំពើហិង្សាកាន់តែច្រើន ​និង​រីក​រាលដាលបន្ថែមទៀត ប្រសិនបើ​អាជ្ញាធរ​​មិន​បញ្ឈប់​វានៅក្រុងបាវិតនោះ ដូចអ្វីដែល​បានកើតឡើង​កាលពីឆ្នាំមុន ​មុនពេល​កូដកម្ម​​កើតឡើង​ទូទាំង​ប្រទេស​។

មន្ត្រី​មន្ទីរការងារ​ខេត្តមិន​​​អាច​​​ទំនាក់​​​ទំនង​​​​ធ្វើអត្ថាធិប្បាយ​បាន​ទេ​។ ​ក៏ប៉ុន្តែ លោក កែវ គួង ​ស្នងការ​នគរ​បាលក្រុងបាវិត ​បាន​ឲ្យ​​​ដឹង​​​ថា ​ការបញ្ឈប់កូដ​កម្ម​អាស្រ័យ​​​ទៅ​​​លើ​​​រោងចក្រ​។ លោកបាន​មានប្រសាសន៍ថា “អាជ្ញាធរ​មិន​មានផែនការ​បញ្ឈប់​សកម្មភាពតវ៉ា​ទេ ពីព្រោះ​នេះគឺជាការសម្រេច​ចិត្ត​របស់ក្រុម​ហ៊ុន។ ការទទួលខុសត្រូវរបស់ខ្ញុំ​គឺគ្រាន់តែ​ផ្តល់​សន្តិសុខ​ប៉ុណ្ណោះ”។

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២​ ​លោក ឈូក​​បណ្ឌិត អតីត​អភិបាល​ក្រុ​ង​បាវិត​ ​បាន​បាញ់​​ឲ្យ​កម្មការិនី​រោងចក្រ​បីនាក់​ដែល​បាន​ចូលរួម​តវ៉ា​នៅ​តំបន់សេដ្ឋកិច្ចពិសេស​ម៉ាន់ហាតតាន់​រងរបួស​។ ​លោកត្រូវបាន​រកឃើញថា ​មាន​ទោស​ដោយ​ប្រព្រឹត្ត​បទល្មើសកាលពីខែ​ឧសភា ឆ្នាំ​២០១៣ ​ប៉ុន្តែ​មិនដែលត្រូវបាន​ចាប់​ខ្លួន​ឡើយ។

កាលពី​ម្សិលមិញ​ ​លោក គួង ​បាន​កោះ​ហៅ​​តំណាង​មូលដ្ឋានចំនួន​ពីរនាក់មកពី​​សហ​ជីពរួបរួម​ចលនាកម្មករ​ ឲ្យទៅ​ការិយាល័យ​​របស់​លោកអ្នក​កាលពីម្សិលមិញ ​ដើម្បី​ធ្វើ​ការ​សាកសួរ​។

ក៏ប៉ុន្តែ ​ស្នងការ​នគរបាល​រូប​នេះបាន​ឲ្យដឹង​ថា ​លោក​បាន​លើកពេល​​នៃ​ការ​សាកសួរនេះ​ទៅថ្ងៃ​ស្អែកវិញ​ បន្ទាប់ពី​​តំ​ណាង​ទាំងពីរ​នោះ​ទៅដល់​ទីនោះ​ ពីព្រោះ​​លោក​មានការរវល់។ លោកបាន​ឲ្យដឹងថា ​លោក ពុធ វិចិត្រ ​និង​លោក​ ជា ឧត្តម ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​បរិហារកេរ្តិ៍​ ក៏ប៉ុន្តែ​​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​។

លោក​ វិចិត្រ​ បានលើកឡើងដែរថា បទ​ចោទប្រកាន់នេះកើតឡើងដោយសារតែ​​​លោក​ហៅ​មន្ត្រីរដ្ឋបាល​នៅរោងចក្រមួយ​ថា “ឆ្កែ​ញី” ​នៅពេល​មន្ត្រីរដ្ឋបាល​រូបនោះ​ប្រកែកគ្នាជាមួយ​កម្មករ​កាលពីថ្ងៃសៅរ៍។ លោក​ក៏បាន​ទស្សន៍ទាយផងដែរ​ថា ស្នង​ការ​នគរបាល​បាន​កំណត់ពេលវេលា​សម្រាប់​ការសាកសួរ​ឡើងវិញ​ ដោយសារតែ​កម្មករ​រោងចក្រ​ដែល​បាន​បញ្ឈប់សកម្មភាពតវ៉ា​​កាល​ពីព្រឹកម្សិលមិញ ទៅតវ៉ា​នៅមុខ​ប៉ុស្តិ៍​ន​គរ​បាល​វិញ​។

លោក​ ឆេង ឆ័ន អគ្គលេខាធិការ​សហ​ជីព​រួបរួមចលនាកម្ម​ករ​ បាន​លើកឡើង​ទាក់​ទង​នឹង​កូដករ​ប្រហែល​២.០០០​នាក់​បាន​ដើរ​ក្បួន​ចម្ងាយ​១០គីឡូម៉ែត្រ​ ទៅកាន់ប៉ុស្តិ៍នគរ​បាល​ ដើម្បីតវ៉ា​គាំទ្រ​លោក វិចិត្រ។ លោកបាន​ប៉ាន់ស្មានថា ​កម្មករ​ប្រហែល​២.០០០​នាក់​បានចូលរួម​ធ្វើកូដកម្ម​កាលពី​ម្សិល​មិញ​ ហើយ​ពួកគេ​ប្រហែល​ជា​ធ្វើ​បែប​នេះ​ទៀត​នៅថ្ងៃនេះ​៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស