30.4 C
Phnom Penh

បុគ្គលិក​ជាង​២០០នាក់​តវ៉ា​នៅខាងក្រៅ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​ក្នុង​ក្រុង​ព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​បុគ្គលិករបស់ក្រុមហ៊ុនខេមប៊្រូ អិលធីឌី ដែលជា​ក្រុម​ផលិត​ស្រាបៀរ​ដ៏ធំមួយក្នុង​ប្រទេស​កម្ពុជា​ បាន​និយាយ​កាលពី​ម្សិលមិញថា បុគ្គលិកក្រុម​ហ៊ុននេះ​ជាង​​២០០នាក់​ បាន​ធ្វើ​ការ​តវ៉ា​នៅ​ខាងក្រៅ​ក្រុមហ៊ុន​ក្នុង​ក្រុង​ព្រះ​សីហនុ​កាលពី​ម្សិលមិញ​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​៣០ដុល្លារ​​​ឲ្យ​ដល់​១២០ដុល្លារ​។

ក្រុមហ៊ុន​ដែល​ផលិត​​ស្រាបៀរ​អង្គរ​ និង​ស្រាបៀរ​ Black Panther នេះ​មាន​បុគ្គលិក​បម្រើ​ការ​ងារ​ជាង​១.០០០នាក់​ ប៉ុន្តែ​ការ​តវ៉ា​កាល​​​ពី​ម្សិលមិញ ភាគច្រើន​ជា​បុគ្គលិក​គ្មាន​ជំនាញដែល​បាន​និយាយថា ប្រាក់​ខែ​៩០ដុល្លារ​របស់ពួកគេ​មិន​ឆ្លុះ​បញ្ចាំងពី​លក្ខណៈ​​​សម្បត្តិ​​​របស់​​​ពួកគេ និង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​​​នៃ​​​ការ​​​ងារ​​​របស់​​​ពួកគេ​ឡើយ។

លោក គឹម ស៊ីថា អាយុ​៤១ឆ្នាំ​ជា​ជាង​​​ផ្សារ​​​ដែក​​​ដែល​បាន​ធ្វើការ​នៅ​រោងចក្រ​ស្រាបៀរ​នេះ​រយៈពេល​ជាង​បួន​ឆ្នាំមកហើយ​បាន​និយាយថា “យើង​មិន​ចង់ធ្វើការ​តវ៉ា​ ឬ​កូដកម្មប្រឆាំង​ក្រុមហ៊ុន​ទេ ប៉ុន្តែ​យើង​បាន​ព្យាយាម​ប្រាប់ពី​កង្វល់​របស់យើង​ជាមួយ​ការិយាល័យ​​​រដ្ឋ​បាល​ច្រើនលើក​ច្រើន​សា​មកហើយ ប៉ុន្តែ​ពួកគេ​មិនដែល​យក​សំណើរ​បស់យើង​ទៅ​ពិចារណាទេ”។

លោក ជា​ ស៊ីវ៉ាត​ អាយុ​៣៥ឆ្នាំជាអ្នក​គ្រប់គ្រង​វិស្វកម្ម​បាន​មាន​ប្រសាសន៍ថា នេះ​ជា​លើក​ទី​១ហើយ​ដែល​បុគ្គលិក​បាន​ធ្វើ​កូដកម្ម​នៅ​រោង​ចក្រ​នេះ ពីព្រោះពីមុន​ពួកគាត់​មាន​ការ​អត់ធ្មត់ ដោយ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ដំឡើង​ប្រាក់​ខែ​ដល់​ពួកគាត​់​ឲ្យ​សមស្រប​តាម​អតិផរណា។

លោក ស៊ីវ៉ាត បានមាន​ប្រសាសន៍ថា “​សព្វថ្ងៃនេះ តម្លៃទំនិញនៅតាម​ទីផ្សារ​ឡើង​ថ្លៃ​រាល់ថ្ងៃ ដូច្នេះ​ក្រុមហ៊ុនគួរ​ដំឡើង​ប្រាក់ខែដល់​បុគ្គលិក​របស់ខ្លួន​ដើម្បី​ឲ្យ​សម​ស្របតាម​តម្លៃ​ទំនិញ​ផង”។

លោក ឆន ជីវ័ន្ត​ អាយុ​២៨ឆ្នាំ​ ជា​ជាងផ្សារ​ដែកម្នាក់ទៀត​​​បាន​និយាយថា គាត់​បាន​ចូលរួម​ធ្វើ​ការ​តវ៉ា ពីព្រោះ​ការធ្វើការ​នៅក្នុង​បន្ទប់​ដែលមានសុទ្ធតែ​​ម៉ាស៊ីននោះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាពរបស់បុគ្គលិក​ដែលមិនត្រូវ​បាន​ផ្ត​ល់​សំណង​សម​រម្យ។

គាត់​បាន​និយាយថា “ប្រាក់ខែ​ប៉ុណ្ណឹង​មិន​ស័ក្តិសម​នឹង​ការ​ងារ​ដែល​យើង​ធ្វើឡើយ ហើយ​វា​ប៉ះពាល់​ដល់​សុខ​ភាពទៀត”។ គាត់​បាន​បន្ថែមថា បុគ្គលិក​នឹង​បន្ត​ធ្វើ​កូដកម្ម​ទាល់តែ​ក្រុមហ៊ុន​ឆ្លើយ​ត​ប​តាម​ការ​ទាម​ទារ​របស់ពួកគេ។

លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធ​សហជីពកម្មករ​ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជាបាន​មាន​ប្រសាសន៍ថា សហជីព​របស់​លោក​មិន​បានជំរុញ​បុគ្គលិករបស់ខ្លួន​ឲ្យ​ធ្វើ​កូដកម្ម​ទេ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា សហជីព​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក តែគ្មាន​ប្រយោជន៍ឡើយ។

តំណាងកម្មករ​១០នាក់​បាន​ជួបប្រជុំ​ជាមួយ​អ្នក​គ្រប់គ្រង​រោង​ចក្រ​កាលពី​រសៀល​ម្សិលមិញ ប៉ុន្តែ​លោក ឆេង​ សុភក្រ្ត​ អ្នក​គ្រប់គ្រង​រដ្ឋបាល​បាន​មាន​ប្រសាសន៍ថា មិន​មាន​ដំណោះ​ស្រាយ​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “យើង​នឹង​ជួប​ប្រជុំគ្នា​ម្តង​ទៀត​នៅ​ថ្ងៃស្អែក​នៅ​ម៉ោង​៩ព្រឹកជាមួយ​បុគ្គលិក​ តំណាង​សហជីព និង​មន្ទីរ​ការ​ងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈខេត្ត​ដើម្បីរកដំណោះស្រាយ​ ហើយ​ពិភាក្សា​គ្នា​​​ថា តើ​ត្រូវ​ដំឡើង​ប្រាក់​ខែ​ប៉ុន្មាន​ដល់បុគ្គលិក”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស