កាលពីម្សិលមិញគណបក្សសង្គ្រោះជាតិបានអំពាវនាវឲ្យអ្នកគាំទ្រចំនួន២០.០០០នាក់ហែក្បួនក្នុងរាជធានីភ្នំពេញនៅថ្ងៃសុក្រ រយៈពេលពីរថ្ងៃមុនពេលថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី១៨ ខែឧសភា។
លោក ម៉ន ផល្លា នាយកប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិមិនមានប្រព័ន្ធ ផ្សព្វ ផ្សាយទូលំទូលាយទេ នោះហើយជាមូលហេតុដែលយើងត្រូវហែក្បួន”។ លោកបានបន្ថែមថា ” ខ្ញុំសង្ឃឹមថា មនុស្ស២០.០០០នាក់នឹងចូលរួម”។
រដ្ឋាភិបាលបានដាក់ការជួបជុំគ្នាទ្រង់ទ្រាយធំក្នុងរាជធានីភ្នំពេញឲ្យនៅក្រៅច្បាប់ ដោយលើកឡើងថា សណ្ដាប់ធ្នាប់សង្គមចាំបាច់ត្រូវស្ដារមុនពេលប្រជាពលរដ្ឋអាចជួបជុំគ្នាដោយសេរីជាថ្មីម្ដងទៀត។
ប៉ុន្តែលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិនឹងត្រូវបានអនុញ្ញាតឲ្យហែក្បួនក្នុងរាជធានី ឲ្យតែយុទ្ធនាការនេះមិនមែនជាការតវ៉ា ដូចដែលបានចែងក្នុងសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ស ខេង បានមានប្រសាសន៍ថា “យើងគិតថា វាមិនបាច់រារាំងពួកគេទេ…។ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យមានការធ្វើយុទ្ធនាការលាយឡំនឹងការតវ៉ាឡើយ”។ លោកបានបន្ថែមថា “សកម្មភាពទាំងពីរនេះត្រូវបែងចែកឲ្យដាច់ពីគ្នា ពីព្រោះការតវ៉ាស្ថិតនៅក្រោមច្បាប់ ប៉ុន្តែការធ្វើយុទ្ធនាការស្ថិតក្រោមច្បាប់បោះឆ្នោត។
ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិគ្រោងចាប់ផ្ដើមនៅទីស្នាក់ការកណ្ដាលគណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ហើយបញ្ចប់នៅស្ពានមិត្តភាពជប៉ុន៕ សារុន