មេដឹកនាំសហជីពម្នាក់បានលើកឡើងថា កូដកម្មនៅស្ថានីយប្រេងឥន្ធនៈកាល់តិចក្នុងរាជធានីភ្នំពេញនឹងបន្តទៀតនៅថ្ងៃនេះ បន្ទាប់ពីការចរចារយៈពេលបីម៉ោងរវាងក្រុមហ៊ុនតំណាងបុគ្គលិក និងមន្ត្រីរដ្ឋាភិបាលកាលពីម្សិលមិញ មិនបានឈានដល់កិច្ចព្រមព្រៀង។

លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានមានប្រសាសន៍ថា “បន្ទាប់ពីកិច្ចប្រជុំ យើងនៅតែមិនមានលទ្ធផលច្បាស់លាស់ណាមួយសម្រាប់បុគ្គលិកដដែល”។
បុគ្គលិកប្រមាណ៣០០នាក់បានធ្វើកូដកម្មកាលពីព្រឹកថ្ងៃច័ន្ទទាមទារដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ និងទាមទារអត្ថប្រយោជន៍ផ្សេងៗទៀត រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដែលស្មើនឹងប្រាក់ខែមួយខែ។
យោងតាមលោក ស ម៉ូរ៉ា បានឲ្យដឹងថា ក្រុមហ៊ុនបានយល់ព្រមចំពោះប្រាក់ឧបត្ថម្ភនេះដោយចាប់ផ្ដើមនៅខែមីនា ឆ្នាំ២០១៥ ព្រមទាំងការទាមទារមួយចំនួនទៀត ប៉ុន្តែលោកបានមានប្រសាសន៍ថា ក្រុមហ៊ុនត្រូវការពេលវេលាដើម្បីពិភាក្សាពីការដំឡើងប្រាក់ឈ្នួល និងសិក្សា ថាតើក្រុមហ៊ុនមានលទ្ធភាពឬអត់។
បន្ទាប់ពីការដំឡើងប្រាក់ឈ្នួល២០ដុល្លារកាលពីខែមេសា ឥឡូវនេះបុគ្គលិកភាគច្រើនមានប្រាក់ឈ្នួល១១០ដុល្លារក្នុងមួយខែ ប៉ុន្តែពួកគេនិងសហជីពលើកឡើងថា ការដំឡើងប្រាក់ឈ្នួលនេះមិនសមស្របនឹងអតិផរណាទេ។
លោក ស ម៉ូរ៉ា បានមានប្រសាសន៍ថា បុគ្គលិកមិនជឿជាក់លើការអះអាងរបស់ក្រុមហ៊ុនដែលថា ក្រុមហ៊ុនត្រូវការពេលវេលាដើម្បីសិក្សាអំពីលទ្ធភាពដើម្បីដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារនោះទេ។ លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនបានសិក្សាបញ្ហានេះយូរហើយក្នុងពេលកន្លងមក ហើយការដំឡើងប្រាក់ឈ្នួលនេះនៅតែតិចជាងអ្វីដែលបុគ្គលិកទទួលបាននៅតាមក្រុមហ៊ុនប្រកួតប្រជែងនានាដដែល”។ នៅពេលបញ្ចប់ការចរចាកាលពីម្សិលមិញ អ្នកចូលរួមបានយល់ព្រមជួបប្រជុំគ្នាម្តងទៀតក្នុងរយៈពេលមួយសប្ដាហ៍។
លោក យឿន រ៉េត តំណាងបុគ្គលិកបានមានប្រសាសន៍ថា លោកខកចិត្តនឹងលទ្ធផលនេះ។ លោកបានមានប្រសាសន៍ថា “ការទាមទារសំខាន់របស់យើងគឺប្រាក់ឈ្នួល១៦០ដុល្លារ និងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំស្មើនឹងប្រាក់ខែទី១៣។ លោកបានបន្ថែមថា ការព្រមព្រៀងរបស់ក្រុមហ៊ុនកាល់តិចដំឡើងប្រាក់ឈ្នួលដល់បេឡាករត្រឹមតែ១០ដុល្លារនោះ មិនអាចទទួលយកបានទេ។
បុគ្គលិកឈ្មោះ សេង តារាចោម បាននិយាយថា បុគ្គលិកគ្មានបំណងឈប់ធ្វើកូដកម្មទេ នៅពេលក្រុមហ៊ុនធ្វើការសិក្សានោះ។ លោកបាននិយាយថា បុគ្គលិកមិនអាចទទួលយកបានទេ។ ក្រុមហ៊ុនត្រូវអនុញ្ញាតឲ្យពួកយើងដឹងមុនថា តើពួកគេដំឡើងប្រាក់ឈ្នួលឲ្យយើងប៉ុន្មាន”។
ស្ត្រីអ្នកនាំពាក្យក្រុមហ៊ុនឈេហ្វរ៉ុន ដែលកាន់កាប់ក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច បានមានប្រសាសន៍ថា ក្រុមហ៊ុនខកចិត្តនឹងលទ្ធផលនៃការពិភាក្សាកាលពីម្សិលមិញ។
ថន ចាន់ល័ក្ខណ៍ បាននិយាយថា យើងខកចិត្តណាស់ដែលសហជីពបន្តច្រានចោលសំណើរបស់យើង។ យើងសង្ឃឹមថា បុគ្គលិកនឹងយល់ព្រមដោះស្រាយបញ្ហានេះដោយភាពរាក់ទាក់ ហើយឈប់ធ្វើកូដកម្មខុសច្បាប់ទៀត”៕ សារុន