38 C
Phnom Penh

អនាគត​មន្ទីរពេទ្យបង្អែកចំការមន​ស្ថិតក្នុង​ភាពមិនច្បាស់លាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈ​​​ពេល​​​ជិត​​​បី​​​ឆ្នាំ​​​បន្ទាប់ពី​​​ត្រូវ​​​បាន​​​បិទដើម្បី​​​ធ្វើ​​​ការ​​​ជួស​​​ជុល​​​នោះ​​​ មន្ទីរពេទ្យ​​​​បង្អែក​​​ចំការ​​​មន​​​ ស្ថិត​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ នៅ​​​តែ​​​មិន​​​ទាន់​​​ដំណើរ​​​កា​​​រដដែល​​​ ហើយ​​​អតីត​​​បុគ្គលិក​​​របស់​​​មន្ទីរ​​​ពេទ្យ​​​នេះ​​​​​​និយាយ​​​ថា ពួក​​​គា​ត់​​​​មិន​​​ដឹង​​​ថា​​​គេ​​​នឹង​​​យក​​​កន្លែង​​​នេះ​​​ធ្វើ​​​ជា​​​អ្វី​​​ទេ​​​។

មន្ត្រី​​​សុខាភិបាលសង្កាត់​​​ ខណ្ឌ រាជធានី និង​​​មន្ត្រី​​​សុខាភិបាល​​​ជាតិ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​អនាគត​​​នៃ​​​មន្ទីរពេទ្យ​​​នេះ​​​​​ ដែល​​​ជា​​​អចលនទ្រព្យ​​​ត្រូវ​​​ប៉ាន់​​​បំផុត​​​ស្ថិត​​​នៅ​​​កាច់​​​ជ្រុង​​​មហា​​​វិថី​​​ព្រះ​​​នរោត្តម​​​ និង​​​ផ្លូវ​​​លេខ​​​២៩៤​​​ ហើយ​​​កន្លែងនេះធ្លាប់​​​ផ្ដល់​​​សេវាកម្ម​​​របស់​​​កាកបាទ​​​ក្រហមផង​ដែរ។

លោក​​​ សុខ សុឃុន​​​ ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​រាជធានីភ្នំពេញ​​​ បាន​​​បដិសេធ​​​ថា អគារ​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​លក់​​​ទេ ប៉ុន្តែ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា គេ​​​យក​​​អគារ​​​នេះ​​​ទៅ​​​ធ្វើ​​​អ្វី​​​ទេ។​​ លោក សុឃុន បាន​​​មាន​​​ប្រសាសន៍​​​ថា ខ្ញុំ​​​មិន​​​ដឹង​​​ថា អគារ​​​នេះ​​​ជួស​​​ជុល​​​រួច​​​រាល់​​​នៅ​​​ពេល​​​ណា​​​ទេ ហើយ​​​ខ្ញុំ​​មិន​ទាន់​​ដឹង​​​ពី​​​គម្រោងនៅ​​​​​​ឡើយ​​​ ទុក​​ឲ្យ​​​ថ្នាក់​​​ដឹកនាំ​​​កំពូលៗ និង​​​រដ្ឋ​​​អភិវឌ្ឍ​​​អគារ​​​នេះ​​​ចុះ”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ ​​​ថាតើ​​​មណ្ឌល​​​សុខភាព​​​នេះ​​​ត្រូវ​​​បាន​​​លក់​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន​​​ឯកជន​​​​​ ដូច​​​ដែល​​​អតីតបុគ្គលិក​​​មួយ​​​ចំនួន​​​អះអាងឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក​​​បាន​​​​​​ត្រឹម​​​តែ​​​ឆ្លើយ​​​ថា “កុំ​​​ជឿ​​​ពួក​​​គេ​​​អី​​​។ វា​​​ជា​​​កិច្ចការ​​​រ​​​បស់​​​រដ្ឋ​​​ក្នុង​​​ការ​​​អភិវឌ្ឍ​​​អគារ​​​នេះ”។

លោក​​​បាន​​​បន្ថែម​​​ថា “ដើម្បី​​​កាត់​​​បន្ថយ​​​ថវិកា​​រដ្ឋ​​​ យើ​​​ងបាន​​​សហការ​​​ជាមួយ​​​ក្រុមហ៊ុន​​​ឯកជន​​​ ដើម្បី​​​ជួស​​​ជុល​​​ប្រព័ន្ធ​​​អគ្គិសនី និង​​​ប្រព័ន្ធ​​​លូ ដើម្បី​​​ឲ្យ​​​មន្ទីរពេទ្យ​​នេះ​​​​ដំណើរ​​​ការ​​​បាន​​​ល្អ​​​”​ ប៉ុន្តែ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ក្រុមហ៊ុន​​​ទេ។

ទាំង​​​កម្មករ​​​ និង​​​គ្រឿង​​​ចក្រ​​​មិន​​​ឃើញ​​​មាន​​​នៅ​​​កន្លែង​​​នេះ​​​​​​ច្រើន​​​ខែ​​​មក​​​ហើយ​​​ ហើយ​​​កន្លែង​​​នេះ​​​នៅ​​​តែ​​​បិទ​​​នៅ​​​ឡើយ​​​។ យោង​​​តាម​​​សារាចរ​​​ណែនាំ​​​ ដែល​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ខែ​​​មេសា ឆ្នាំ​​​២០១៣ ដោយ​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី ក្រុមហ៊ុន​​​ Fay Sibleng Investment ទទួល​​​បាន​​​កិច្ច​​​សន្យា​​​ ដើម្បី​​​អភិវឌ្ឍ​​​កន្លែង​​​នេះ​​​ បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​មួយ​​​ទៀត​​​ គឺ​​​ក្រុម​​​ហ៊ុន​​​ Investment Viet-Cam Corporation ត្រូវ​​​បាន​​​គេ​​​លុប​​​ចោល​​​កិច្ច​​​សន្យា​​​ ដោយ​​​ហេតុផល​​មិន​ជាក់​​​លាក់​​​។

លោក​​​វេជ្ជបណ្ឌិត​​​ មិន ពុធ​​​ជេដ្ឋាវណ្ណ ធ្លាប់​​​បម្រើ​​​ការ​​​​​​នៅ​​​មណ្ឌល​​​សុខភាព​​​នេះ​​​ ប៉ុន្តែ​​​លោក​​​បាន​​​ទៅ​​​បម្រើ​​​កា​​​រនៅ​​​មន្ទីរពេទ្យ​​​បង្អែក​​​រាជធានីភ្នំពេញ​​​​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ ឆ្នាំ​​​២០១៣​​​មក​​​ម៉្លេះជាមួយ​​​សហការីប្រហែល​​​២០​​​នាក់​​​ទៀត​​​មក​​​ពី​​​មន្ទីរពេទ្យ​​​បង្អែក​​​ចំការ​​​មន​​​នេះ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា គ្រូ​​​ពេទ្យ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​សរសេរ​​​លិខិត​​​ទៅ​​​ក្រុមហ៊ុន Fay Sibleng កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ខែ​​​មេសា ស្វែង​​​រក​​​សំណង​​​ចំនួន​​​២.០០០​​​ដុល្លារ​​​ក្នុង​​​ម្នាក់ៗ​​​ បន្ទាប់​​​ពី​​​លោក​​​ យឹម ដេត ប្រធាន​​​ការិយាល័យ​​​សុខាភិបាល​​​ខណ្ឌ​​​ចំការ​​​មន​​​ បាន​​​ផ្តល់​​​យោ​​​បល​​​់ឲ្យ​​​ពួក​​​គាត់​​​ស្នើ​​​សុំ​​​សំណង​​​ពី​​​ក្រុមហ៊ុន​​​នេះ​​​។

គេ​​​មិន​​​អាច​​​ទាក់ទង​​​លោក​​​ យឹម ដេត​​​ ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ហើយ​​​លោក​​​វេជ្ជ​​​បណ្ឌិត​​​ ពុធ​​​ជេដ្ឋាវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រូពេទ្យទាំងនោះមិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​របស់​​​ពួក​​​គាត់​​​ឡើយ។ វេជ្ជ​​​បណ្ឌិត​​​​​​ម្នាក់​​​ទៀត​​​ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គាត់​​​ឮ​​​ថា មន្ទីរពេទ្យ​​​នេះ​​​ត្រូវ​​​បាន​​​លក់ហើយ​​​។

គាត់​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​ដឹង​​​ព័ត៌មាន​​​អំពី​​​មណ្ឌល​​​សុខភាព​​​នេះ​​​ទេ​​​ ពីព្រោះ​​​ពួក​​​គេ​​​មិន​​​ដែល​​​​​​ប្រាប់​​​ព័ត៌មាន​​​ណាមួយ​​​ដល់​​​ពួក​​​យើង​​​ឡើយ​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​គិត​​​ថា មន្ទីរពេទ្យ​​​នេះ​​​លក់​​​បាត់​​​ហើយ។ គាត់​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​ឮ​​​ថា ពួក​​គេ​​​បាន​​​លក់​​​អគារ​​​នេះ​​​ហើយ ហើយ​​​យើង​​​ត្រូវ​បាន​គេ​​​បញ្ចុះបញ្ចូលមិនឲ្យទៅ​​​ធ្វើ​​​ការ​​​នៅទី​​​នោះ​​”៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស