28.4 C
Phnom Penh

តុលាការ​​​កំពូល​​​នឹង​​​​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​សណ្ឋាគារ​​​វីកតូរី​​​ អង្គរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​ជាន់ខ្ពស់មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ជម្លោះ​​​ផ្លូវ​​​ច្បាប់​​​ដែល​​​កើតឡើង​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ម្ចាស់​​​ភាគហ៊ុន​​​របស់​​​សណ្ឋាគារ​​ Victoria Angkor Resort and Spa នៅ​​​ក្រុង​​​សៀមរាប​​​ នឹង​​​ត្រូវ​​​តុលាការ​​​កំពូល​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នៅ​​​ថ្ងៃ​​​នេះ​​​ បើ​​​ទោះ​​​ជា​​​គ្មាន​​​ភ័ស្ដុតាង​​​ថ្មី​​​ត្រូវ​​​បាន​​​បង្ហាញ​​​ ចាប់​​​តាំងពី​​​តុលាការ​​​នេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​សវនកម្ម​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក៏​​​ដោយ​​​។

លោក សេង ប៊ុន​​​ឃាង​​​​ ព្រះរាជអាជ្ញារង​​​អម​​​​តុលាការ​​​កំពូល ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គចៅ​​​ក្រម​​​ដែល​​​មាន​​​សមាជិក​ប្រាំ​​​រូប​​​​​​នឹង​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​ពី​​​បទ​​​រំលោភ​​​លើសេចក្ដី​​​ទុក​​​ចិត្ត​​​ និង​​​កិបកេង​​​ប្រាក់​​​​ដែល​ត្រូវ​បាន​លើកឡើង​ប្រឆាំង​​​​ម្ចាស់​​​ភាគហ៊ុន​​​ធំ​​​​​​របស់​​​សណ្ឋាគារ​​​នេះ​​​។​ លោក​​​ ប៊ុនឃាង​ បាន​​​មាន​​​ប្រសាសន៍​​​ថា “សំណុំ​​​រឿង​​​ក្ដី​​​ដែល​​​បញ្ជូន​​​មក​​​ខ្ញុំ​​​កាល​​​ពី​​​សប្ដាហ៍​​​មុននៅដដែល​​​។ គ្មាន​​​ភ័ស្ដុតាង​​​ថ្មី​​​សោះ​​​ឡើយ​​​”។

លោក​​​ Francois Gontier ដែល​​​ជា​​​នាយក​​​ប្រតិបត្តិ​​​របស់​ក្រុម​​​ហ៊ុន​​​បារាំង Eaux et Electricite de Madagascar (EEM) ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​៧៥​​​ភាគ​​​រយ​​​នៅ​​​សណ្ឋាគារ​​​វីកតូរី ​​​អង្គរ​​​ ​​​បាន​​​ការពារ​​​ខ្លួន​​​ឈ្នះ​​​ក្តីចំនួន​​​បួន​​​លើក​​​​ ដែល​​​ពីរ​​​លើក​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​សៀមរាប​​​ និង​​​ពី​​​រ​​​លើក​​​ទៀត​​​នៅ​​​សាលា​​​ឧទ្ធរណ៍ បន្ទាប់ពី​​​មានពាក្យ​​​បណ្ដឹង​​​មួយ​​​នៅ​​​ឆ្នាំ​​​២០១១ ធ្វើ​​​ឡើង​​​ដោយ​​​អ្នក​​​ជំនួញជនជាតិ​​​​​​បារាំង​​​ម្នាក់ឈ្មោះ Pierre Ader ដែល​​​មាន​​​ភាគ​​​ហ៊ុន​​​ពីរភាគ​​​រយ​​​នៅ​​​ក្នុង​​​សណ្ឋាគារ​​​នេះ​​​។

កាលពី​​​ក្នុង​​​ខែ​​​មិថុនា​​​ ឆ្នាំ​​​២០១៣ ដោយលើក​ឡើង​ពី​​​ការ​​​ខ្វះ​​​ភ័ស្ដុតាង​​​ដើម្បី​​​គាំទ្រ​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​លោក​​​ Ader  លោក​​​ ឃឹម​​​ ប៉ុណ្ណ ចៅ​​​ក្រម​​​តុលាការ​​​កំពូល​​​បាន​​​បញ្ជា​​​ឲ្យ​​​ភាគី​​​ទាំង​​​ពីរ​​​ធ្វើ​​​សវនកម្ម​​​ហិរញ្ញវត្ថុ​​​របស់​​​សណ្ឋាគារ​​​នេះ​​​រវាង​​​ឆ្នាំ​​​២០០៣ និង​​​ឆ្នាំ​​​២០០៩។

ទោះ​​​ជាយ៉ាង​​​ណា​​​ គ្មាន​​​សវនកម្ម​​​ណាមួយ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ទេ​​​ បន្ទាប់​​​ពី​​​លោក​​​ Gontier បាន​​​បដិសេធ​​​មិន​​​បើក​​​បញ្ជី​​​របស់​​​សណ្ឋាគារ​​​ ដោយ​​​ស្នើ​​ឲ្យ​​​តុលាការ​​​ចាត់​​​តាំង​​​​​​សវនករ​​​ឯករាជ្យ​​​ម្នាក់។

លោក​​​ កៅ ស៊ូផា មេធាវី​​​របស់​​​លោក​​​ Gontier បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​រំពឹង​​​ថា មាន​​​សេចក្ដី​​​សម្រេច​​​ណាមួយ​​​នៅ​​​ឯ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នៅ​​​ថ្ងៃ​​​នេះ​​​ទេ​​​ ប៉ុន្តែ​​​លោក​​​សង្ឃឹម​​​ថា ពេល​​​នេះមន្ត្រី​​​តុលាការ​​​ម្នាក់​​​​​​នឹ​​​ងត្រូវ​​​គេ​តែង​​​តាំង​​​ឲ្យ​​​ធ្វើ​​​សវនកម្ម​​​រមណីយដ្ឋាន​​​ដ៏​​​ប្រណីត​​​ស្ថិត​​​នៅ​​​កណ្ដាល​​​ក្រុង​​​សៀមរាប​​​នេះ​​​។

លោក​​​ ស៊ូផា បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្មាន​​​ភ័ស្ដុតាង​​​សោះ​​​ឡើយ​​​ ប៉ុន្តែ​​​ម្ចាស់​​​ហ៊ុន​​​ដ៏​តូច​នេះ​​​​​​​បាន​​​និង​​​កំពុង​​​តែ​​​ព្យាយាម​​​យក​ម្ចាស់​​​ហ៊ុន​​​ធំ​​​ធ្វើ​ជា​​​ចំណាប់ខ្មាំង​​​ និង​​​​​​បង្ខំឲ្យ​​​ទិញ​​​ភាគ​​​ហ៊ុនរបស់​​​ខ្លួន​​​​​​ក្នុង​​​តម្លៃ​​​ខ្ពស់​​​ក្រៃលែង​​​”។

លោក​​​ ឡុង​​​ តារា មេធាវី​​​តំណាង​​​ឲ្យ​​​លោក​​​ Ader បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា គ្មាន​​​ភ័ស្ដុតាង​​​ថ្មី​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​ទេ​​​ ពីព្រោះ​​​លោក​​​ Gontier បាន​​​បង្អាក់​​​ការ​​​ខិតខំប្រឹង​​​ប្រែង​​​ធ្វើ​​​សវនកម្ម​​​សណ្ឋាគារ​​​នេះ​​​ ជា​​​ការ​​​រំលោភ​​​បញ្ជា​​​របស់​​​តុលាការ​​​កន្លង​​​មក​​​ ដែល​​​លោក​​​បាន​ដាក់​​​បញ្ចូល​​​ក្នុង​​​របាយការណ៍​​​មួយ​​​ផ្ញើ​​​ជូន​​​តុលាការ​​​ មុន​​​ពេល​​​បើក​​​សវនាការ​​​​​​ជំនុំជម្រះ​​​នៅ​​​ថ្ងៃ​​​នេះ៕ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស