39.4 C
Phnom Penh

ទា​ហាន​ថៃ​បាញ់​បុរស​ខ្មែរ​ម្នាក់​​​របួស​ពេល​​​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មន្ត្រីនគរ​បាល​ខេត្ត​ឧត្តរមាន​ជ័យ​បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បាន​​​ទាហាន​ថៃ​បាញ់​​បន្ទាប់ពីគាត់​និង​បុរស​ប្រាំពីរ​នាក់​ទៀតបាន​ឆ្លង​ព្រំដែន​ទៅកាប់​ឈើ​ខុស​ច្បាប់​កាលពី​រំលង​​អធ្រាត្រ​ឈាន​ចូលព្រឹកម្សិលមិញ។

យោងតាម​លោក អឹុម សាន់ ប្រធានភូមិអូរឫស្សី ក្នុង​ឃុំកូន​ក្រៀល​ ស្រុក​សំរោង ជា​​​កន្លែង​ដែល​បុរស​ទាំងនេះរស់​នៅ​នោះបាន​ឲ្យ​ដឹង​ថា ថុន​ ធឿន អាយុ​២៨​ឆ្នាំ​ បាន​រង​របួស​ដោយ​គ្រាប់​​កាំភ្លើង​ត្រង់​ភ្លៅ​ខាង​ឆ្វេង​។ លោក​ អឹុម សាន់ បានមាន​ប្រសាសន៍​ថា ” បុរស​បីនាក់​នៅ​​​ភូមិ​នេះ​បាន​ទៅ​ជាមួយ​អ្នក​ភូមិដទៃទៀត​​រក​កាប់ឈើ​ប្រណីត​ក្នុងទឹក​ដីថៃ​កាលពី​យប់​មិញ​”។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ទាហាន​ថៃ​បាន​បាញ់នៅ​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​​រំលង​អធ្រាត្រ​។ លោក​បាន​បន្ថែម​ថា ថុន ធឿន កំពុង​សម្រាក​ព្យាបាលរបួស​នៅ​មន្ទីរ​ពេទ្យ​បង្អែកខេត្ត​បាត់​ដំបង ខណៈដែលអ្នក​ភូមិ​ប្រាំពីរ​នាក់​ទៀត​កំពុង​រត់គេច​ខ្លួននៅឡើយ​​​។

លោក ម៉ៅ សំណាង នាយ​ប៉ុស្ដិ៍ឃុំ​កូនក្រៀល បាន​មាន​ប្រសាសន៍​ថា “យើង​បានទៅជួប​អ្នក​ភូមិទាំង​នោះ​ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​ ប៉ុន្តែ​ពួកគាត់​បាន​ចាក​ចេញពីភូមិ​បាត់ទៅ​ហើយ”។

លោកអនុសេនីយ៍ឯក ឡាំ សំរឿន ដែល​ល្បាត​នៅ​តាមព្រំដែន ​បានមាន​ប្រសាសន៍ថា ឥឡូវ​នេះ​​​​​ក្រុម​​​​​​មន្ត្រីរបស់យើង​​កំពុង​ផ្ដោត​លើ​ការ​បង្ក្រាប​ការ​ឆ្លង​ដែន​ខុស​ច្បាប់។ យោង​​​តាម​លោក ស្រី ណារ៉េន អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​​​មាន​ប្រសា​សន៍ថា រហូត​មក​ទល់​ពេល​នេះ​នាឆ្នាំ​នេះ​ បុរស​ប្រាំពីរ​នាក់​ត្រូវ​ទាហាន​ថៃបាញ់​​​សម្លាប់​ បន្ទាប់​ពី​បាន​លួច​ឆ្លង​ព្រំដែន​៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស